ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ រដ្ឋាភិបាល​ទាំងពីរ​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២២​កញ្ញា​ថា​មេដឹកនាំ​កូរ៉េខាងត្បូង​និង​ជប៉ុន​បាន​ព្រមព្រៀង​គ្នា​ក្នុងកា​រ​ពន្លឿន​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​​ជួសជុល​ទំនាក់ទំនង​ដែល​បែកបាក់​ជុំវិញ​ការគ្រប់គ្រង​អាណានិគម​អតីតកាល​របស់​ជប៉ុន​លើ​ឧបទ្វីប​កូរ៉េ ខណៈ​ពួកគេ​បាន​បើក​កិច្ចពិភាក្សា​កំពូល​លើកដំបូង​របស់​ប្រទេស​ពួកគេ​ក្នុង​រយៈពេល​ជិត​បី​ឆ្នាំ នៅ​ខាងក្រៅ​មហាសន្និបាត​អង្គការសហប្រជាជាតិ​។​

​ការិយាល័យ​របស់​លោក​យូ​ន​បាន​ឱ្យដឹង​ក្នុងអំឡុង​កិច្ចប្រជុំ​រយៈពេល ៣០ នាទី​កាលពី​ថ្ងៃ​ពុធ​នៅ​ទីក្រុង​ញូវយ៉ក​ថា ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក យូ​ន ស៊ុក​យ៉ូល (Yoon Suk Yeol)​និង​នាយក​រដ្ឋ​​មន្ត្រី​ជប៉ុន​លោក ហ្វ៊ុយ​មី​អូ គី​ស៊ី​ដា (Fumio Kishida) បាន​ចែករំលែក​តម្រូវការ​ក្នុងការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ទំនាក់ទំនង​ទ្វេភាគី​ហើយ​បាន​យល់ព្រម​ណែនាំ​អ្នកការទូត​រៀងៗ​ខ្លួន​ឱ្យ​បង្កើន​កិច្ច​ពិភា​​ក្សាស​ម្រាប់​រឿង​នោះ​។​

​ការិយាល័យ​របស់​លោក​គី​ស៊ី​ដា​បាន​បញ្ជាក់​អំពី​កិច្ចប្រជុំ​នេះ​។ សេចក្តីថ្លែងការណ៍​របស់​ក្រសួង​ការបរទេ​ស​ជប៉ុន​ដាច់ដោយឡែក​មួយ​បាន​និយាយ​ថា​មេដឹកនាំ​ទាំងពីរ​បាន​យល់ព្រម​ជំរុញ​កិច្ច​សហប្រតិបត្តិ​​ការ​រវាង​ប្រទេស​ទាំង​ពីរ​ក៏ដូចជា​ជាមួយ​សហរដ្ឋ​អាម៉េរិក​។ ក្រសួង​បាន​និយាយ​ថា​មេដឹកនាំ​បាន​ចែករំលែក​តម្រូវការ​ដើម្បី​ស្តារ​ទំនាក់ទំនង​ល្អ​ឡើងវិញ​។​

​ការិយាល័យ​របស់​លោក​យូ​ន​បាន​និយាយ​ថា​មេដឹកនាំ​ទាំងពីរ​ក៏​បាន​សម្តែង​ការព្រួយបារម្ភ​យ៉ាងខ្លាំង​រួម​គ្នា​អំពី​ច្បាប់​នាពេល​ថ្មីៗ​នេះ​របស់​កូរ៉េ​ខាងជើង​ដែល​អនុញ្ញាត​ឱ្យ​មាន​ការ​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែ​រ​​ជាមុន​ក្នុង​ស្ថានភាព​មួយចំនួន​ផង​ដែរ ហើយ​កូរ៉េ​ខាងជើង​បាន​រាយការណ៍​ថា​នឹង​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ជា​លើកដំបូង​របស់​ខ្លួន​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​។ ក្រសួងការបរទេស​ជ​ប៉ុន​បាន​និយាយថា​លោក​​គី​ស៊ី​ដា​និង​លោក​យូ​ន​បាន​យល់ព្រម​សហការ​បន្ថែមទៀត​ក្នុង​ការឆ្លើយតប​ចំពោះ​កូរ៉េខាងជើង​។​

​ទាំង​រដ្ឋាភិបាល​កូរ៉េខាងត្បូង​និង​ជប៉ុន​បាន​និយាយថា លោក​យូ​ន​និង​លោក​គី​ស៊ី​ដា​បាន​យល់ព្រម​បន្ត​ទំនាក់ទំនង​រវាង​ពួកគេ​។​ប៉ុន្តែ​គេ​មិនទាន់​ដឹង​ភ្លាមៗ​ថា​តើ​ការសន្ទនា​របស់​មេដឹកនាំ​ទាំងពីរ​មាន​​អត្ថន័យ​យ៉ាង​ណា​នោះ​ទេ​នៅ​ក្នុង​ទីក្រុង​ញូវយ៉ក​ដើម្បី​ដោះស្រាយ​ចំណុច​ជាប់គាំង​សំខាន់ៗ​នៅក្នុង​ទំនាក់ទំនង​ទ្វេភាគី​ដែល​បាន​ទទួលរង​នូវ​ឧបសគ្គ​ដ៏​ធំ​បំផុត​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​នៅពេល​ដែល​ប្រទេស​​ទាំង​ពីរ​ត្រូវបាន​ដឹកនាំ​ដោយ​អ្នក​កាន់​តំណែង​មុនៗ​របស់​ពួកគេ​៕

លោក​យូ​ន​និង​លោក​គី​ស៊ី​ដា (​ស្តាំ​) យល់ព្រម​ខិតខំ​ធ្វើឱ្យ​ទំនាក់ទំនង​កាន់តែ​ប្រសើរ​ឡើង​នៅក្រៅ​មហាសន្និបាត​អង្គការសហប្រជាជាតិ