ដោយៈមុនីរ័ត្ន / ភ្នំពេញៈ លោកបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានសមាគម អតីតយុទ្ធជនកម្ពុជា បានជួបសំណេះសំណាលជាមួយ សមាជិកសមាគមអតីតយុទ្ធជន កម្ពុជា រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២។

រូបថត (លោកបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានសមាគម អតីតយុទ្ធជនកម្ពុជា បានជួបសំណេះសំណាលជាមួយ សមាជិកសមាគមអតីតយុទ្ធជន)

ក្នុងឱកាសនោះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានអរគុណចំពោះសមាគមអតីតយុទ្ធជន កម្ពុជា រាជធានីភ្នំពេញ ដែលបានរៀបចំកម្មវិធីជួបជុំ ប្រកបដោយអត្ថន័យនេះ ដែលជាឱកាសល្អ ដើម្បីជួបសំណេះសំណាល សាកសួរសុខទុក្ខ អ៊ុំពូមីងជាអតីតយុទ្ធជន ស្របពេលនៃរដូវកាលពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានកោតសរសើរចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ ដែលបានខិតខំប្រឹងប្រែងអនុវត្ត សកម្មភាពជាក់ស្តែងជាច្រើន ដើម្បីជួយឧបត្ថម្ភគាំពារ ដល់អតីតយុទ្ធជន ជាអាទិ៍៖ ការចូលរួមពង្រឹងតួនាទី និងធ្លុងសាមគ្គីឯកភាព ក្នុងជួរអតីតយុទ្ធជន ក៏ដូចជាការថែទាំ និងកែលម្អជីវភាពអតីតយុទ្ធជនបានល្អប្រសើរ ធានាបាននូវកម្លាំងមូលធនមនុស្សសរុប ដើម្បីបន្តរួមចំណែកអភិវឌ្ឍជាតិ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថាៈ សមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបានបង្កើតឡើង នៅក្នុងឆ្នាំ២០០៧ នៅក្រោមក្រសួងសង្គមកិច្ច និងអតីតយុទ្ធជន ហើយលក្ខន្តិកៈរបស់សមាគម ត្រូវបានកែសម្រួល នៅក្នុងឆ្នាំ២០១៥ ជាការបើកច្រក ឱ្យមានការចូលរួមបន្ថែម ពីមន្ត្រីយោធា, នគរបាល និងកងទ័ព​នៅក្នុងរចនាសម្ព័ន្ធរបស់ សមាគម ដើម្បីបង្កើនលទ្ធភាព និងប្រសិទ្ធភាពការងារ ក្នុងនាមជាយន្តការបំពេញបន្ថែម ឱ្យយន្តការរបស់រាជរដ្ឋាភិបាល ក៏ដូចជាដើម្បីផ្តល់នូវភាពកក់ក្តៅជូនដល់អតីតយុទ្ធជន តាមរយៈការផ្តល់នូវការថែទាំ និងជួយទំនុកបម្រុងទាំងផ្នែកស្មារតី និងសម្ភារដល់កម្លាំង ប្រដាប់អាវុធជាតិ បន្ទាប់ពីបានចូលនិវត្តន៍។ មួយវិញទៀត សម្តេចតេជោ នាយករដ្ឋមន្ត្រី គឺជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដោយនេះពិតជាបានបង្ហាញថា សម្តេចមាន ការយកចិត្តទុកដាក់ខ្ពស់បំផុតលើការងារអតីតយុទ្ធជន ពីព្រោះម្យ៉ាងរូបសម្តេចផ្ទាល់ក៏ជា យោធិនមួយរូបដែលធ្លាប់ធ្វើពលិកម្ម និងឆ្លងកាត់ការលំបាកនៅក្នុងភ្នក់ភ្លើងសង្គ្រាម។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថាៈ ការយកចិត្តទុកដាក់ទៅលើកិត្តិយស និងជីវភាពរបស់អតីតយុទ្ធជន ក៏ដូចជា មន្ត្រីរាជការចូលនិវត្តន៍ទាំងអស់ តែងត្រូវបានធ្វើ ជាប់ជាប្រចាំ ចាប់តាំងពីក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ឱ្យស័ក្តិសមនឹងគុណបំណាច់ ដែលអ៊ុំពូមីង​បានបំពេញជូនជាតិមាតុភូមិ តាមរយៈការដាក់ចេញ​និងការអនុវត្តនូវ គោលនយោបាយនានា រួមមានៈ ការកែសម្រួលដំឡើងប្រាក់របបគោលនយោបាយ ជាបន្តបន្តាប់, ការផ្តល់បន្ថែមប្រាក់របបសន្តិសុខសង្គមប្រចាំខែ, ការផ្តល់សម្បទានដី សង្គមកិច្ច និងការសាងសង់ផ្ទះជូនអតីតយុទ្ធជន និងគ្រួសារ, ការជួយឧបត្ថម្ភក្នុងពេល លំបាកខ្វះខាត, ការកំណត់យកថ្ងៃ ២១ មិថុនា ជារៀងរាល់ឆ្នាំជា “ទិវាអតីតយុទ្ធជន កម្ពុជា”, កងទ័ពជើងគោក ក៏បានផ្តល់អាទិភាព ជូនកូនចៅរបស់អតីតយុទ្ធជន នៅក្នុងដំណើរការជ្រើសរើសពលទាហាន បំពេញក្របខ័ណ្ឌ នៅតាមស្ថាប័ន-កងអង្គភាព ចំណុះ, ការផ្តល់ប្រាក់បេឡាមរណៈសង្គ្រោះ និងប័ណ្ណ ប.ស.ស. និងការបំពាក់មេដាយ ការពារជាតិ ។ល។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានលេីកឡេីងថាៈ ការយកចិត្តទុកដាក់ដល់អតីតយុទ្ធជន ក៏ដូចជា គ្រូបង្រៀន និងមន្ត្រីរាជការចូលនិវត្តន៍ គឺជាកាតព្វកិច្ច យ៉ាងហោចណាស់ ក៏នៅក្នុងន័យកាតព្វកិច្ចផ្នែកសីលធម៌ដែរ ដោយមិនខុសពីក្នុងគ្រួសារនីមួយៗ ដែលកូនចៅ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុង ដល់ឪពុកម្តាយ នៅពេលពួកគាត់ ចាស់ជរា។ ក្នុងន័យនេះ កិច្ចការនេះ គឺជាកាតព្វកិច្ចរបស់រាជរដ្ឋាភិបាល និងគួរត្រូវបាន លើកទឹកចិត្តឱ្យមានការចូលរួមទូលំទូលាយ ពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ជាពិសេស​យុវជនជំនាន់ក្រោយ តាមគ្រប់រូបភាព ដែលអាចធ្វើទៅបាន ពីព្រោះថា
-ឪពុកម្តាយ បានធ្វើការលះបង់ច្រើនណាស់ ក្នុងការកសាងគ្រួសាររឹងមាំ ដោយខិតខំ ចិញ្ចឹម បីបាច់ថែរក្សា និងផ្តល់ឱកាសឱ្យកូនៗបានសិក្សារៀនសូត្រ និងកសាងអនាគត។ យ៉ាងណាមិញ អតីតយុទ្ធជន គ្រូបង្រៀន និងមន្ត្រីរាជការចូលនិវត្តន៍ ក៏បានដើរតួនាទី សំខាន់ នៅក្នុងដំណើរការកសាងប្រទេសជាតិ ពីបាតដៃទទេរ រហូតមានការអភិវឌ្ឍរឹងមាំ ដូចបច្ចុប្បន្ន ដោយឈានចេញពីប្រទេស ដែលមានសង្គ្រាមហែកហួរ រហូតដល់ទទួល​បានសន្តិភាព និងការបង្រួបបង្រួមជាតិ ពេញលេញ, ពីប្រទេសមួយ ដែលខ្វះខាត ធនធានមនុស្ស ទៅជាប្រទេសមួយ ដែលមានសក្តានុពលគ្រប់គ្រាន់ ដែលអាចរួមគ្នា ទទួលខុសត្រូវ លើជោគវាសនារបស់ប្រទេសជាតិ។

– ឪពុកម្តាយបានត្រួសត្រាយផ្លូវ និងផ្តល់ឱកាសឱ្យកូនចៅ មានមូលដ្ឋាន អាចដើរទៅមុខ បានរឹងមាំ គឺដូចគ្នានឹងអតីតយុទ្ធជន គ្រូបង្រៀន និងមន្ត្រីរាជការចូលនិវត្តន៍ ដែលបានត្រួសត្រាយផ្លូវ និងកសាងមូលដ្ឋាន សម្រាប់ផ្តល់ឱកាសឱ្យយោធិន
និងមន្ត្រីរាជការជំនាន់ក្រោយ អាចបន្តការងារបម្រើជាតិ កាន់តែមានប្រសិទ្ធភាព។

– ឪពុកម្តាយ ទោះបីជាគាត់មានវ័យចំណាស់ ឬបានចូលសម្រាកពីការងារក៏ដោយ ប៉ុន្តែគាត់នៅតែជាធនធានមួយយ៉ាងសំខាន់ សម្រាប់គ្រួសារដែលអាចនៅបន្ត ផ្តល់ការណែនាំ ផ្តល់យោបល់ តម្រង់ទិស និងផ្តល់ការគាំទ្រគ្រប់ពេលវេលា ដល់កូនចៅ ជំនាន់ក្រោយ។ ក្នុងន័យនេះ អតីតយុទ្ធជន គ្រូបង្រៀន និងមន្ត្រីរាជការចូលនិវត្តន៍ ក៏នៅតែជាធនធានយ៉ាងសំខាន់ ដែលពោរពេញទៅដោយបទពិសោធន៍ការងារ និងជាប្រភពសំខាន់ នៃចំណេះដឹង និងចំណេះធ្វើ ដែលអាចចែករំលែកដល់ អ្នកជំនាន់ក្រោយ៕ V / N