ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​

929
ចែករម្លែក

ដោយៈ មុនី​រ័ត្ន​ / ភ្នំពេញ ៖ លោក​ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា កាលពី​ថ្ងៃទី​២៨ ខែមិថុនា ថា បន្ទាប់ពី​លោក​ឡើង​ធ្វើជា​ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ កាលពី​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០១៨ លោក​បានចាប់ផ្តើម​ចុះ​តាម​បណ្តា​ខេត្ត​ជួប​ថ្នាក់ដឹកនាំ​រចនាសម្ព័ន្ធ​ថ្នាក់​ខេត្ត ស្រុក ឃុំ ភូមិ មានដូចជា ខេត្តកំពង់ស្ពឺ តាកែវ កណ្តាល ព្រៃវែង កំពង់ចាម សៀមរាប កំពង់ធំ កំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង និង​ខេត្តបន្ទាយមានជ័យ គឺ​ឃើញថា ប្រជាពលរដ្ឋ​មានការ​ចាប់អារម្មណ៍ និង​មានការ​គាំទ្រ​ដល់​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​។​

លោក​ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ (​រូប​ថ​តៈ មុនី​រ័ត្ន​) ​

​លោក​បាន​បន្តថា ចំពោះ​ការចុះ​មូលដ្ឋាន​នេះ គឺ​លោក​បន្ត​រហូត​ទៅដល់​ថ្ងៃ​ចាប់ផ្តើម​ឃោសនាបោះឆ្នោត និង​ចុះ​ឃោសនា​តាម​បណ្តា​ខេត្ត​សំខាន់ៗ​ជា​បន្តទៀត​។ ហើយ​នៅ​ថ្ងៃ​ដំបូង​នៃ​ការឃោសនា គឺ​ធ្វើ​នៅ​រាជធានី​ភ្នំពេញ ដោយមាន​អ្នកចូលរួម​ប្រមាណ​ជា ២​ពាន់​នាក់​។
​ ​
​ជាមួយគ្នានេះ លោក​ញឹក ប៊ុនឆៃ ក៏បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ដែលមាន​ឈ្មោះ​នៅក្នុង​បញ្ជី​បោះឆ្នោត​ទាំងអស់​អញ្ជើញ​ទៅ​បោះឆ្នោត​ដើម្បី​ជ្រើសរើស​មេដឹកនាំ​។ ហើយ​ស្ថានភាព​នាពេល​ថ្មីៗ​នេះ រាជរដ្ឋាភិបាល ក៏ដូចជា​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត ក៏បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​អញ្ជើញ​ទៅ​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា​។ ប៉ុន្តែ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ អំពាវនាវ​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​។ ដោយ​លោក​បាន​បញ្ជាក់ថា សម្រាប់​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​បានសម្រេច​ចូលរួម​នៅក្នុង​ការបោះឆ្នោត ពីព្រោះ​ការចូលរួម​នៃ​ការបោះឆ្នោត​នេះ គឺជា​ការបន្ត​អនុវត្ត​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស ស្របទៅតាម​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ១៩៩១​។ “​ហើយ​នាំគ្នា​ប្រឹងប្រែង​គ្រប់​មធ្យោបាយ គ្រប់​លទ្ធភាព​ដើម្បី​ជម្រុញ​ឲ្យ​ការបោះឆ្នោត​ប្រព្រឹត្តទៅ​ប្រកបដោយ​សេរី យុត្តិធម៌ ត្រឹមត្រូវ និង​មានការ​ជឿទុកចិត្ត​រប​ស់មតិ​ជាតិ និង​អន្តរជាតិ​”​។​
​ ​
​លោក​បាន​អះអាងថា នៅក្នុង​ការបោះឆ្នោត​នាពេល​ខាងមុខនេះ លោក​សង្ឃឹមថា គណបក្ស​ខ្មែរ​រួបរួម​ចា​តិ នឹង​ទទួលបាន​អាសនៈ​មួយចំនួន​នៅក្នុង​រដ្ឋសភា ប៉ុន្តែ​តិច​ឬ​ច្រើន​លោក​មិនទាន់​អាចនិយាយបាន​ទេ​។ នៅពេល​បាន​អាសនៈ​នៅក្នុង​រដ្ឋសភា គឺ​នឹងធ្វើ​សហប្រតិបត្តិការ​ជាមួយ​គណបក្ស​ឈ្នះឆ្នោត ហើយនឹង​ជម្រុញ​ឲ្យ​មានការ​កំណែទម្រង់ ដើម្បី​អភិវឌ្ឍន៍​ប្រទេស​ឲ្យ​បានល្អ​៕B

 

 

ទីតាំងផ្សាយពាណិជ្ជកម្ម