​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​,បំណង) ៖ តម្លៃ​ប្រេង​បាន​ធ្លាក់ចុះ​នៅក្នុង​ការធ្វើ​ពាណិជ្ជកម្ម​ពេលព្រឹក​នៅ​ទ្វីបអាស៊ី​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​បន្ទាប់​ពី​ធនាគារកណ្តាល​អាម៉េរិក​បាន​ដំឡើង​អត្រា​ការប្រាក់​​យ៉ាង​សំខាន់​ដើម្បី​ទប់ស្កាត់​អតិផរណា ខណៈ​ការបារម្ភ​អំពី​សេដ្ឋកិច្ច​ពិភពលោក​បាន​ធ្វើឱ្យ​មាន​ទុទិដ្ឋិនិយម​លើ​តម្រូវការ​ប្រេងឥន្ធនៈ​នាពេល​អនាគត​។​

​តម្លៃ​ប្រេង​ឆៅ​នាពេល​អនាគត​របស់​ទីផ្សារ Brent បាន​ធ្លាក់ចុះ ១៦ សេន ឬ ០,២ ភាគរយ​មក​នៅត្រឹម ៨៩,៦៧ ដុល្លារ​ក្នុង​មួយ​បារ៉ែល គិត​ត្រឹម​ម៉ោង ០០៖១៣ ម៉ោង​សកល ខណៈ​ប្រេង​ឆៅ​នៅ​ទីផ្សារ West Texas Intermediate (WTI) របស់​អាម៉េរិក​បាន​ធ្លាក់ចុះ ១៥ សេន មក​នៅត្រឹម ៨២,៧៩ ដុល្លារ​ក្នុង​មួយ​បារ៉ែល​។​តែ​នៅ​ពេល​រសៀល​ប្រេង Brent​បាន​ឡើង​១៥​សេន​និង​ប្រេង​WTI​បាន​ឡើង​១០​សេន​វិញ​ដោយសារតែ​មាន​ការព្រួយបារម្ភ​អំពី​ការ​ផ្គត់​ផ្គង​តឹងតែង​នៅ​រដូវរងារ​ខាងមុខ គួបផ្សំ​នឹង​ការបារម្ភ​ថា​សេដ្ឋកិច្ច​ពិភពលោក​នឹង​ជួប​ឳ​ន​ភាព​។​

​ធនាគារកណ្តាល​អាម៉េរិក​បាន​ដំឡើង​អត្រា​ការប្រាក់​គោល​របស់​ខ្លួន​កាលពី​ថ្ងៃ​ពុធ​ចំនួន ៧៥ ពិន្ទុ​មូលដ្ឋាន​ជា​លើក​ទី​បី ស្មើ​នឹង​កម្រិត ៣,០០-៣,២៥ ភាគរយ​ហើយ​បាន​បង្ហើប​តម្រុយ​ថា​នឹង​មាន​ការ​​ដំឡើង​ដ៏​ធំ​បន្ថែមទៀត​នាពេលខាងមុខ​។ ទ្រព្យសកម្ម​ហានិភ័យ​ដូចជា​ភាគហ៊ុន​បាន​ធ្លាក់ចុះ​ក្រោយ​លេច​ឮ​ព័ត៌មាន​នេះ រួមជាមួយ​នឹង​ប្រេង​ខណៈ​ប្រាក់​ដុល្លារ​បាន​ឡើងថ្លៃ​ដល់​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈ​​ពេល ២០ ឆ្នាំ​ធៀប​នឹង​រូបិយប័ណ្ណ​ផ្សេង​ទៀត​ជាច្រើន ដោយ​ធ្វើឱ្យ​ប្រេង​ឆៅ​មាន​តម្លៃ​ថ្លៃ​សម្រាប់​អ្នក​ទិញ​ដែល​មិន​ប្រើ​ប្រាក់​ដុល្លារ​។​

​ទន្ទឹមនឹងនោះ រដ្ឋបាល​ព័ត៌មាន​ថាមពល​អាម៉េរិក​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា តម្រូវការ​ប្រេង​សាំង​របស់​អាម៉េរិក​ក្នុង​រយៈពេល​បួន​សប្តាហ៍​ចុងក្រោយ​នេះ​បាន​ធ្លាក់ចុះ​មក​នៅត្រឹម ៨,៥​លាន​បារ៉ែល​​ក្នុង​មួយថ្ងៃ ដែល​ជា​កម្រិត​ទាប​បំផុត​ចាប់តាំងពី​ខែ​កុម្ភៈ​។​

​នៅ​កន្លែង​ផ្សេងទៀត អាល្លឺម៉ង់​បាន​ធ្វើ​ជាតូបនីយកម្ម​លើ​ក្រុមហ៊ុន​នាំចូល​ឧស្ម័ន Uniper​កាលពី​ថ្ងៃ​ពុធ ហើយ​ចក្រភព​អង់គ្លេស​បាន​និយាយថា​ខ្លួន​នឹង​កាត់​បន្ថយថ្លៃ​ថាមពល​ពាក់កណ្តាល​សម្រាប់​ក្រុម​​ហ៊ុន​អាជីវកម្ម​នានា ដើម្បី​ឆ្លើយតប​ទៅ​នឹង​វិបត្តិ​ផ្គត់ផ្គង់​កាន់តែ​ផុង​ជ្រៅ ដែល​បាន​លាតត្រដាង​ឱ្យឃើញ​ការពឹងផ្អែក​របស់​អឺរ៉ុប​លើ​ឥន្ធនៈ​របស់​រុស្ស៊ី​។​

តម្លៃ​ប្រេង​ឆៅ​នាពេល​អនាគត​របស់​ទីផ្សារ Brent លក់នៅរសៀលថ្ងៃ២២កញ្ញាត្រឹម៨៩,៩៨ដុល្លារ​ក្នុង​មួយ​បារ៉ែល

​ក្នុងពេល​ជាមួយគ្នា មាន​ការព្រួយបារម្ភ​ថា ចំណាត់ការ​របស់​ប្រធានាធិបតី​រុស្ស៊ី​ក្នុង​ការហៅ​ទាហាន​បំរុង​៣​សែន​នាក់​អោយ​ចូល​មក​ជួរ​កងទ័ព វា​បង្ហាញ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ននឹង​កាន់តែ​អាក្រក់​ឡើង ដែល​​អាច​នឹង​ប៉ះពាល់​ការផ្គត់ផ្គង់​ថាមពល​។​បណ្តា​រោងចក្រ​ចម្រាញ់​ប្រេង​នៅ​ចិន​ខ្លះ​កំពុង​ពិចារណា​បង្កើន​អាជីវកម្ម​របស់​គេ​នៅ​ខែតុលា ដោយ​សម្លឹង​ឃើញ​តំរូវការ​ខ្ពស់​និង​ការប្រែក្រឡាស់​គោល​នយោបាយ​នាំ​​ចេញ​ប្រេងឥន្ធនៈ​របស់​ចិន​ប៉េកាំង ដែល​អាច​នឹង​ជំរុញ​តំរូវការ​ប្រេង​ឆៅ​៕

​ប្រធាន​ធនាគារ​កណ្តាល​អាម៉េរិក​លោក​ជេ​រ៉ូម ផោ​វ៉ែល ប្រកាស​ដំឡើង​អត្រា​កា​ប្រាក់​ខ្ពស់បំផុត ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​អតិផរណា​