ដោយៈ​សុផល​/ភ្នំពេញ​៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានទទួល​ពានរង្វាន់ “​ហិរញ្ញប្បទាន​សហគ្រាស​ធុន​តូច និង​មធ្យម​សកលលោក ឆ្នាំ​២០២២ ជា​ស្ថាប័ន​ដែល​ផ្តល់​ហិរញ្ញប្បទាន​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម ប្រចាំឆ្នាំ​” ក្នុង​វេទិកា​ហិរញ្ញប្បទាន​សហគ្រាស​ធុន​តូច និង​មធ្យម​សកលលោក លើក​ទី​៩ ដែល​ប្រព្រឹត្តិ​ទៅ​ពី​ថ្ងៃទី​១៩ ដល់​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០២២ នៅ​រាជធានី​ភ្នំពេញ​ ព្រះរាជាណាចក្រ​កម្ពុជា ដែល​រៀបចំឡើង​ដោយ​ស្ថាប័ន​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC) និង​សហការ​រៀបចំ​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា ក្នុង​គោលបំណង​ពង្រីក​នូវ​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម​ទូទាំង​សកលលោក​។​

​ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​មោទនភាព​យ៉ាង​ក្រៃលែងដែល​បានទទួល​ពានរង្វាន់ “​ហិរញ្ញប្បទាន​សហគ្រាស​ធុន​តូច និង​មធ្យម​សកលលោក ឆ្នាំ​២០២២ជា​ស្ថាប័ន ​ដែល​ផ្តល់​ហិរញ្ញប្បទាន​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម ប្រចាំឆ្នាំ​”​។ ទាំងនេះ​សបញ្ជាក់​ថា​ធនាគារ​បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​ការផ្តល់​ហិរញ្ញប្បទាន​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា​។ លើសពីនេះទៅទៀត សមិទ្ធផល​នេះ ជាការ​បង្ហាញ​ពី​កំណើន​ឥណទាន​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម របស់​ធនាគារ អេស៊ីលីដា​ភីអិលស៊ី ក្នុង​រយៈពេល​ច្រើន​ឆ្នាំ​កន្លងមកនេះ ព្រមទាំង​ការបម្រើ​ផលិតផល សេវាកម្ម​ផ្សេងទៀត សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម ផងដែរ​។​

​ធនាគារ អេស៊ីលីដា ភីអិលស៊ី ផ្តល់ជូន​នូវ​ផលិតផល និង​សេវាកម្ម​ដ៏​សម្បូរបែប ដើម្បី​បំពេញតម្រូវការ​លើ​គ្រប់​វិស័យ​ដែល​កំពុង រីកចម្រើន រួមមាន​សហគ្រាស​ធុន​តូច និង​មធ្យម និង​អតិថិជន​សាជីវកម្ម​។

ធនាគារ អេស៊ីលីដា បានផ្តល់​ឥណទាន​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​ប្រមាណ ៨០% នៃ​ប្រាក់កម្ចី​សរុប​របស់​ធនាគារ​។ ឥណទាន​សរុប​របស់​ធនាគារ សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម បាន​កើនឡើង​ពី ៣,០៣​ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​២០១៩ ដល់​៣,៥៣​ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​២០២០ ហើយ​បន្ទាប់មក​កើនឡើង​ដល់ ៤,២៤​ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​២០២១៕Ph