​ដោយៈ សុខ​សុ​ភ័​ណ្ឌ / កំពង់ស្ពឺៈ យុវជន​ម្នាក់ បែក​ថ្នាំ ហើយ​បាន​ចាប់យក​ក្មួយ​ស្រី​ទើប មាន​អាយុ ១៨​ខែ ទៅ​បោក​នឹង​គល់ឈើ នៅ​ខាងក្រោយ​ផ្ទះ បណ្តាល​ឲ្យ​ផុង​លលាដ៍ ក្បាល ស្លាប់​ភ្លាមៗ​តែម្ដង ។ ហេតុការណ៍​នេះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា ម៉ោង ១០​និង​១៥​នាទី ព្រឹក​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០២២ ស្ថិតក្នុង​ភូមិ​ក្រ​វៀក ឃុំ​យាអង្គ ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ​។​

​លោក​វរ​:​សេនីយ៍​ឯក ហ៊ុន សុខ​ហុន អធិការនគរបាល​ស្រុក​ថ្ពង បាន​ឲ្យ​ដឹងថាៈ ក្មេងស្រី​រងគ្រោះ មានឈ្មោះ ឈៀង ផាន់​នី អាយុ​១៨​ខែ ។ ចំណែក​ជនដៃដល់ ឈ្មោះ ម៉ែត តូ​ម៉ា ភេទ​ប្រុស អាយុ ២៤ ឆ្នាំ រស់នៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ ជាមួយគ្នា​។​

​លោក​វរ​:​សេនីយ៍​ឯក ហ៊ុន សុខ​ហុន បាន​បន្តទៀតថាៈ មុនពេល​កើតហេតុ ជនដៃដល់ បាន​ដើរមក​យក​ក្មេងស្រី​រងគ្រោះ ទៅខាង​ក្រោយ​ផ្ទះ ហើយ​បានដាក់​ចោល ក្បែរ​គល់ឈើ​មួយ (​កន្លែង​ដែល​ជនដៃដល់​បោក​) ហើយ​ជនសង្ស័យ បាន​ទៅរក​ចប
​មក​កាប់​រណ្តៅ​ដី ជិត​គល់ឈើ ។ ស្របពេលនោះ ជីតា​របស់​ក្មេងស្រី​រងគ្រោះ ឈ្មោះ សាក់ ម៉ែត អាយុ​៥៥​ឆ្នាំ ឃើញ​ចៅ​យំ បាន​ទៅយក​ក្មេងស្រី​នោះ មក​ទុក​លើ​គ្រែ ក្រោមផ្ទះ​វិញ​។​

​លោក​បាន​បន្ថែមទៀតថាៈ នៅពេល​កាប់​រណ្តៅ​រួច ជនដៃដល់ បានមក​យក​ក្មេងស្រី រងគ្រោះ​ម្តងទៀត ទៅ​បោក​ជាមួយនឹង​គល់ឈើ បណ្តាល​ឲ្យ​ផុង​លលាដ៍ក្បាល ហូរឈាម​តាម​ត្រចៀក​ខាងឆ្វេង ស្លាប់​នៅនឹងកន្លែង​កើតហេតុ​តែ​ម្ដង​។ មូលហេតុ​ដែល​នាំ ឱ្យ​កើតមាន​មនុស្សឃាត​នេះ គឺ​មកពី​ជនដៃដល់ បាន​ប្រើប្រាស់​ថ្នាំញៀន ហួស​កម្រិត ។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច បាន​ឃាត់ខ្លួន​ជនដៃដល់ បាន​ភ្លាមៗ​។ ចំណែក​សព​ក្មេងស្រី រងគ្រោះ បានប្រគល់​ឲ្យ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ជនដៃដល់ កំពុង​សាកសួរ និង​កសាង​សំណុំរឿង បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល ខេត្តកំពង់ស្ពឺ ចាត់ការ​តាម​នីតិវិធី​ជា​បន្ត​៕ V / N