ដោយៈ​សុផល​/​ភ្នំពេញ​៖​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា រួមជាមួយ​ស្ថានទូត​នៃ​សាធារណរដ្ឋ​ឆេ​ក បារាំង អាល្លឺម៉ង់ ហុង​គ្រី និង​ប៉ូឡូញ “​ក្រុម​អឺរ៉ុប​”​បានរៀបចំ​ពិព័រណ៍​អាហារូបករណ៍​អឺរ៉ុប​លើកដំបូង «​ឱកាសសិក្សា​ថ្នាក់​ឧ​ត្ត​ម​សិក្សា​នៅ​អឺរ៉ុប​» សម្រាប់​យុវជន​កម្ពុជា​ដែលមាន​បំណង​បន្ត​ការសិក្សា​ថ្នាក់​ឧ​ត្ត​ម​នៅ​អឺរ៉ុប និង​ដែល​មានបំណង​ស្វែងរក​អាហារូបករណ៍​។​នេះ​បើតាម​សេចក្តីប្រកាស​ពត៌មានរ​បស់​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា កាលពី​ថ្ងៃទី​២២​ខែកញ្ញា​នេះ​។​

​ព្រឹត្តិការណ៍​ពិព័រណ៍​កាលពី​ថ្ងៃទី​២១​ខែកញ្ញា ក៏​រៀបចំឡើង​ដើម្បី​អបអរសាទរ​ដល់​បុគ្គលិក​សិក្សា​និង​និស្សិត​កម្ពុជា ដែល​បានទទួល អាហារូបករណ៍​ក្រោម “​កម្មវិធី Erasmus+” របស់​សហភាព​អឺរ៉ុប​។ ក្នុង​រយៈពេល​បី​ឆ្នាំ​ចុងក្រោយ​នេះ សហភាព​អឺរ៉ុប​បានផ្ដល់​អាហារ​រូប​បក​រណ៍​ដល់​និស្សិត និង​បុគ្គលិក​ឧ​ត្ត​ម​សិក្សា​ជា​ដៃគូ​នៅ​កម្ពុជា​ជិត ២០០​នាក់ ដើម្បី​បន្ត​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ ថ្នាក់អនុបណ្ឌិត​ចំរុះ ឬក៏ ផ្តល់​ការបង្រៀន​និង​ការបណ្តុះ បណ្តាល​នៅក្នុង​សាកលវិទ្យាល័យ​នានា​នៅ​អឺរ៉ុប​។​

យុវជន​កម្ពុជា ជាង​មួយរយ​នាក់​មកពី​សាកលវិទ្យាល័យ​រដ្ឋ និង​ឯកជន​ចំនួន​ជាង ២០ បានមក​ចូលរួម​ក្នុង​ពិព័រណ៍​អាហារូបករណ៍​អឺរ៉ុប​ដែល​ប្រារ​ព្នៅ​ការិយាល័យ​ប្រតិភូ​សហភាព​អឺរ៉ុប​។ អាហារូបករណ៍​ថ្នាក់​សាកលវិទ្យាល័យ ទាំង​របស់​សហភាព​អឺរ៉ុប និង​រដ្ឋ​ជា​សមាជិក​របស់ខ្លួន (​ឆេ​ក បារាំង អាល្លឺម៉ង់ ហុង​គ្រី និង​ប៉ូឡូញ​ត្រូវបាន​បង្ហាញ​និង​ចែករំលែក​។ តំណាង​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​គាំទ្រ​យ៉ាងខ្លាំង ចំពោះ​ព្រឹត្តិការណ៍​នេះ ដោយបាន​លើកឡើង​ពី​សារៈសំខាន់​នៃ​គុណភាព​អប់រំ​។​

​លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​បាន​មានប្រសាសន៍ថា​៖ “​ការអប់រំ មិន​ត្រឹមតែ​ជា​មូលដ្ឋានគ្រឹះ​នៃ​សិទ្ធិមនុស្ស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏មាន​សារៈសំខាន់​ផងដែរ​សម្រាប់​ការសម្រេច ដោយ​ជោគជ័យ​នូវ​គ្រប់​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព (SDGs) ដែលមាន​ចែង​ក្នុង​របៀបវារៈ​ឆ្នាំ ២០៣០ ។ ការវិនិយោគ​លើ​វិស័យ​អប់រំ គឺជា​ការវិនិយោគ​ដ៏​មាន​ឥទ្ធិពល​បំផុត ដែល​ប្រទេសមួយៗ​អាចធ្វើ បាន​ដើម្បី​លើកកម្ពស់​កំណើនសេដ្ឋកិច្ច​និង​ការងារ​។ កាលានុវត្តភាព ដែល​សតវត្សរ៍​ទី​២១ និង​ការផ្លាស់ប្ដូរ​ឌីជីថល ផ្តល់ឱ្យ​យើង​នូវ​តម្រូវ​ការធ្វើ​បរិវត្ត​កម្ម​ការអប់រំ​ដែល​ផ្ដោតលើ​គុណភាព​និង​សមធម៌ និង ការទទួលយក​នូវ​ឧបករណ៍​ឌីជីថល​។ យើង​ត្រូវ​បង្កើន​ការប្តេជ្ញាចិត្ត​របស់​យើង​ចំពោះ​ការវិនិយោគ និង​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​ការអប់រំ​។​”

​បណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​មានប្រសាសន៍ថា​៖ “​អាហារូបករណ៍​ទៅ​សិក្សា​នៅ​អឺរ៉ុប ដែល​ផ្តល់​ថវិកា​ដោយ កម្មវិធី Erasmus+ របស់​សហភាព​អឺរ៉ុប ឬ​ដោយ​កម្មវិធី​ទ្វេភាគី​ដ៏​សប្បុរស​របស់​រដ្ឋ​ជា​សមាជិក​សភាព​អឺរ៉ុប គឺជា​ការគាំទ្រ​ដ៏​ល្អ​ក្នុង​ការបង្កើន​ចំណេះដឹង​ដល់​និស្សិត​បញ្ចប់​ការសិក្សា​កម្ពុជា ដើម្បីឱ្យ​ប្រទេស​នេះ​ទទួលបាន​អត្ថប្រយោជន៍​នៃ​សមាហរណកម្ម អាស៊ាន និង​បដិវត្តន៍​ឧស្សាហកម្ម​ជំនា​ន់ទី ៤” ។​

Erasmus+ គឺជា​កម្មវិធី​ដ៏​ចម្បង​របស់​សហភាព​អឺរ៉ុប ដើម្បី​គាំទ្រ​ដល់​ការអប់រំ ការបណ្ដុះបណ្ដាល យុវជន និង​កីឡា ដែលមាន​ថវិកា​ចំនួន ២៦.២ ពាន់​លាន​អឺរ៉ូ សម្រាប់​រយៈពេល​ចន្លោះ​ពី​ឆ្នាំ ២០២១ – ២០២៧ ។ តាមរយៈ Erasmus+ និង​កម្មវិធី​មួយចំនួនទៀត សហភាព​អឺរ៉ុប​បាន​លើកកម្ពស់​គុណភាព​នៃ​ឧ​ត្ត​មសិ​ក្សា នៅ​កម្ពុជា និង​ផ្តល់ឱកាស​សម្រាប់​ការផ្លាស់ប្ដូរ​គ្រូ និង​សិស្ស​រវាង​កម្ពុជា និង​អឺរ៉ុប​។ ត្រឹមតែ​រយៈពេល ៣ ឆ្នាំ​ចុងក្រោយ (២០២០, ២០២១, ២០២២) និស្សិត​កម្ពុជា​ចំនួន ១២៩ នាក់ គ្រូបង្រៀន ៥៩ នាក់ ទទួល បាន​ឱកាស​ទៅ​សិក្សា​នៅ​សាកលវិទ្យាល័យ​នានា​នៅ​អឺរ៉ុប​៕Ph