ដោយៈ បាយ័ន / សៀមរាបៈ ក្រុមការងារ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ និង​បុរាណវិទ្យា នៃ​អាជ្ញាធរ​ជាតិ​អប្សរា កំពុង​កំណាយ​ស្រាវជ្រាវ ខឿន​តម្កល់​លិង្គ​ទំហំ​ធំ នៅលើ​ភ្នំ​បូក និង​មានតែ​មួយគត់ នៅ​តំបន់​អង្គរ ដែល​រង​ការខូចខាត ក្នុង​គោលបំណង​ជួសជុល លើក​តម្លៃ​ខឿន​តម្កល់​លិង្គ ឱ្យ​លេច​រូបរាង​ល្អប្រសើរ​ឡើងវិញ​។ បច្ចុប្បន្ននេះ ក្រុមការងារ កំពុង​ធ្វើ​កំណាយ​ស្រាវជ្រាវ សិក្សា​ពី​រចនា​សម្ពន្ធ មុននឹង​ឈានទៅដល់​រៀបចំ​ផែនការ ជួសជុល​លើក​តម្លៃ​បុរាណ​ដ្ឋា​ន​ឡើងវិញ​។ នេះ​បើតាម​ការបញ្ជាក់ ដោយ​អាជ្ញាធរ​អ​ប្សា​រា នៅ​ថ្ងៃទី​២២ ខែកញ្ញា នេះ ។​

​លោក ហួរ សុធន បុរាណ​វិទូ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បានឱ្យដឹងថាៈ ការធ្វើ​កំណាយ បានចាប់ផ្តើម​តាំងពីដើម​ខែសីហា ឆ្នាំ​២០២២ ហើយ​គម្រោង​សិក្សា​ស្រាវជ្រាវ នឹង​បញ្ចប់​ទៅវិញ នៅ​ចុងខែ​កញ្ញា ឆ្នាំ​២០២២ ខាងមុខ​។​

​លោក ហួរ សុធន បានឱ្យដឹង​ទៀតថាៈ សំណង់​បុរាណ​តម្កល់​លិង្គ នៅលើ​ភ្នំ​បូក​នេះ ធ្វើ​ពី​ថ្មបាយក្រៀម ប្រវែង​បណ្តោយ​១៩ និង​ទទឹង ២០ ម៉ែត្រ និង​កម្ពស់ ៣,៥ ម៉ែត្រ ហើយ​នៅលើ​ខឿន​ថ្មបាយក្រៀម​នេះ មាន​ជើង​ទម្រ ធ្វើ​ពី​ថ្មភក់ មាន​ប្រវែង ៥,២ ម៉ែត្រ បួន​ជ្រុង​ស្មើ សម្រាប់​តម្កល់​លិង្គ ដែលមាន​ទំហំ​មុខកាត់​ជាង ១​ម៉ែត្រ និង​ប្រវែង ៤,២ ម៉ែត្រ​។ ជើង​ទម្រ​លិង្គ ដែល​ធ្វើ​ពី​ថ្មភក់​នោះ ស្ទើរតែ ៩០ ភាគរយ រង​ការខូចខាត រីឯ​លិង្គ ក៏​រង​ខូចខាត​យ៉ាងខ្លាំង តាំងពី​ផ្នែក​គល់ រហូតដល់​ចុង គឺ​បែកបាក់ ជាច្រើន​បំណែក​។
​លោក ហួរ សុធន បាន​សន្និដ្ឋានថាៈ ការខូចខាត​ដ៏​ធ្ងន់ធ្ងរ​នេះ អាច​បណ្តាលមកពី ការ​បំផ្ទុះ​ដោយ​គ្រាប់រំសេវ ពីព្រោះ​យើង​ប្រទះឃើញ​បំណែក​តូចៗ​យ៉ាងច្រើន នៅ​ពាសពេញ​ទាំង​ក្នុង​ដី និង​លើដី​។​

​ដោយឡែក ខឿន​ថ្មបាយក្រៀម បាន​រង​ការខូចខាត ដោយ​កត្តា​អាយុកាល ធម្មជាតិ ដោយ​ការ​ពុកផុយ ក្រៀក​ហែក រលុះ​ថ្ម ធ្លាក់​មកក្រោម នៅតាម​ជ្រុង​ខ្លះ ។ ជាមួយគ្នានេះ នៅលើ​ខឿន​នោះ មាន​ដើមឈើ​ដុះ​ច្រើន ឫស​ឈើ បាន​ចាក់​ជ្រែក ចូល​ប្រឡោះ​ថ្ម បង្កើតជា​ចន្លោះ​ដែលជា​លក្ខណៈ​ងាយស្រួល ដល់​ការហូរ​ច្រោះ​នៃ​ទឹកភ្លៀង ដំបូក​កណ្តៀរ​បង្កឱ្យមាន​ការបាក់​ស្រុត ដោយ​ផ្នែក និង​កង្វះ​ការថែទាំ​ពីមុនមក​។

​បុរាណ​វិទូ​រូបនេះ បានឱ្យដឹងថាៈ ក្រុមការងារ បានធ្វើ​កំណាយ​សិក្សា ពី​រចនាសម្ព័ន្ធ​គ្រឹះ នៃ​សំណង់​តម្កល់​លិង្គ​នេះ កន្លងមក បាន​ប្រទះឃើញ​បំណែក​ថ្ម​លិង្គ បំណែក​ក្បឿង​ច្រើន និង​បំណែក​នាងច្រាល​ខ្លះ ដែល​អាច​បញ្ជាក់បាន​ថា ទី​តម្កល់​លិង្គ​នេះ ដើមឡើយ ប្រហែល​មាន​សំណង់​ឈើ ប្រក់​ក្បឿង គ្របពីលើ​លិង្គ នៅ​ពីលើ​ខឿន​ថ្មបាយក្រៀម​នេះ​។
​ក្រុមការងារ កំពុង​សិក្សា រិះរក​បច្ចេកទេស ក្នុងការ​ជួសជុល​លិង្គ​ដ៏​ធំ​មួយ​នេះ​ឡើងវិញ និង​ជួប​បញ្ហា​ប្រឈម​មួយចំនួន ដូចជា ការដ្ឋាន​ស្ថិតនៅលើ​ភ្នំ ពិបាក​ដឹកជញ្ជូន​សម្ភារៈ តួ​លិង្គ​មាន​ទម្ងន់​ច្រើន​តោន លំបាក​ក្នុង​ការលើក​ដូរ​ទីតាំង ដើម្បី​ជួសជុល​។​

​ពាក់ព័ន្ធ​នឹង​សំណង់​បុរាណ តម្កល់​លិង្គ នៅលើ​ភ្នំ​បូក​នេះ មិនមាន​សិលាចារឹក ឬ​ឯកសារ​ណា បញ្ជាក់​ពី​កាលបរិច្ឆេទ នៃ​ការសាងសង់​ឡើយ ប៉ុន្តែ​តាម​ការ​ពិនិត្យមើល លើ​ខ្សែ​ក្បាច់ មាននៅ​តាម​ជើង​ទម្រ​តម្កល់​លិង្គ គេ​អាច​សន្និដ្ឋានបានថា វា​ប្រហែលជា ស្ថិតនៅ​អំឡុង​សតវត្សរ៍​ទី​១០ ក្នុង​រជ្ជកាល​ព្រះបាទ​យ​សោ​វរ្ម័នទី​១៕ V / N