បាត់​ខ្លួន​ក្នុង​ល្អាង​ភ្នំ​ថៃ​៖ ក្តីសង្ឃឹម​ពឹង​លើ​ការ​ខួង​រន្ធ​ទម្លាក់​កាមេរ៉ា​ចូល​ល្អាង ខណៈ​ទឹកភ្លៀង​ហូរ​បិទ​រូង​រារាំង​ដល់​ប្រតិបត្តិ​ការសង្គ្រោះ​

1705
ចែករម្លែក

​ក្រុម​ជួយសង្គ្រោះ​ឥឡូវ​ត្រៀម​ខួង​ទម្លុះ​ថ្ម​ពីលើ​ល្អាង​ភ្នំ​ថាំ​លួង​នៅក្នុង​ខេត្ត​ឈៀង​រ៉ៃ​ដើម្បី​ចូលទៅក្នុង​ល្អាង​ភ្នំ​ក្នុងការ​ស្វែងរក​និង​សង្គ្រោះ​អ្នក​ទាត់​បាល់​វ័យក្មេង​១២​នាក់​​និង​គ្រូបង្វឹក​របស់គេ​ម្នាក់​ដែល​ត្រូវគេ​ជឿថា​ជាប់​នៅក្នុង​រូងភ្នំ​ដោយសារ​ទឹកជំនន់​ភ្លាមៗ​បិទផ្លូវ​របស់​ពួកគេ​ចាប់តាំងពី​ថ្ងៃ​២៣​មិថុនា​មក​។​

​កន្លែង​ខួង​គឺ​ចំ​កណ្តាល​ល្អាង​។​តែ​រន្ធ​នេះ​ដំបូង​តូច​ទេ គឺ​ល្មម​សំរាប់តែ​បញ្ជូន​កាមេរ៉ា​មួយ​ចុះទៅ​សំរាប់​ថត​មើលរូប​ភាព​នៅ​ក្នង​ល្អាង​ដើម្បី​អោយដឹងថា​តើ​ក្មេង​ទាំងនេះ​ជាប់​​នៅ​តំបន់​នោះ​ឬ​អត់​។​

​ស៊ូ​វីត កូ​ស៊ូ​វ៉ាន មន្ត្រី​ដឹកនាំ​ការងារ​នេះ បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា “​បើ​យើង​អាចទាក់ទង​ជនរងគ្រោះ យើង​នឹង​ទម្លាក់​អាហារ​ចូល​និង​ខួង​បើកមុខ​អោយ​ធំ​​តាម​ក្រោយ​”​។​

​មន្ត្រី​ម្នាក់ទៀត​មកពី​ផ្នែក​រ៉ែ បាន​និយាយថា បន្ទប់​ស្ថានការណ៍​សំរាប់​ប្រតិបត្តិការ​នេះ​បានសំរេច​ថា ការ​ខួង​រន្ធ​នេះ​គួរ​ធ្វើឡើង​។​”​បើ​មិន​ប្រឈម​ការ​រលំ​បាក់​ដី​ទេ យើង​នឹង​​ខួង​នៅ​៣​ចំណុច​”​។​

​ទឹកជំនន់​ជា​ឧបសគ្គ​ធំ​ដល់​ការងារ​ជួយសង្គ្រោះ​។​កងទ័ពជើងទឹក​ថៃ​បាន​បញ្ជូនទាហាន​ទៅក្នុង​ល្អាង​ភ្នំ​អស់​៥​ថ្ងៃ​មកហើយ​តែ​នៅតែ​មិនអាច​រកឃើញ​ឬ​ស្គាល់​ទីតាំង​​ដែល​អ្នក​បាត់​ខ្លួន​ទាំងនេះ​នៅឡើយ​។​

​ក្រុមហ៊ុន​ប្រេង​PTT បញ្ជាការ​ឥណ្ឌូ​ប៉ាស៊ីហ្វិក​របស់​អាមេរិក នាយកដ្ឋាន​ប្រភពធនធាន​រ៉ែ និង​វិទ្យាស្ថាន​វិស្វកម្ម​ថៃ​បាន​ចូលរួម​ផែនការ​ខួង​រូង​ជាមួយនឹង​ជំនាញ​និង​គ្រឿង​​បរិក្ខា​។​

​ក្នុងពេល​ជាមួយគ្នា រដ្ឋមន្ត្រី​មហាផ្ទៃ​ថៃ បាន​ផ្តោតលើ​ការបូមទឹក​ចេញ​ដើម្បីអោយ​ទាហាន​បន្ត​ចូលក្នុង​រូង​ស្វែងរក​អ្នក​បាត់​ខ្លួន​។​ដោយសារតែ​ភ្លៀង​ធ្លាក់​ឥត​ឈប់ កំរិត​ទឹក​​នៅក្នុង​ល្អាង​ថា​ម​លួង បន្ត​កើនឡើង​ទោះជា​កន្លងមក​បាន​ប្រើ​បំពង់​បូម​ធំៗ​ដើម្បី​រំដោះ​ទឹក​ចេញពី​រូង​ក្តី​៕ដោយ:វាសនា