ដោយៈ​សុផល​/​ភ្នំពេញ​៖​ឯកអគ្គរាជទូត​ម៉ាឡេស៊ី​ប្រចាំ​កម្ពុជា លោក ដា​ទុក អ៊ែ​ល​ឌី​ន ហ៊ូ​សៃ​នី ម៉ូដ​ហា​ស្ស៉ី​ម (Datuk Eldeen Husaini Mohd Hashim) បាន​ថ្លែង អំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ជាពិសេស​ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង មហាផ្ទៃ ដែល​បានចេញ​បទបញ្ជា​ឱ្យ​មន្ត្រី​មាន​សមត្ថកិច្ច​ចូលរួម​លុបបំបាត់​បទ​ល្មើស​ឆបោក​តាម​អ៊ី​ន​ធើ​ណេ​ត ក៏ដូចជា​តាម​មធ្យោបាយ​ផ្សេងទៀត​។​លោក​ក៏បាន​ថ្លែង អំណរគុណ​ចំពោះ​លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​ដែល​បាន​ពង្រឹង​ទំនាក់ទំនង​មិត្តភាព​ទ្វេភាគី​ដ៏​រឹងមាំ​រវាង​កម្ពុជា​និង​ម៉ាឡេស៊ី​។​

​ការថ្លែងអំណរគុណ​របស់លោកឯកអគ្គរាជទូតម៉ាឡេស៊ីនេះ បាន​ត្រូវធ្វើឡើង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ណា​ហ្កា​វើ​លដ៍ នា​ព្រឹក​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០២២ ។​

​ទាក់ទង​នឹង​ការជួយ​សង្គ្រោះ​ជនជាតិ​ម៉ាឡេស៊ី​ដែល​ត្រូវគេ​បោកប្រាស់​នោះ ឯកអគ្គរាជទូត​ម៉ាឡេស៊ី​ប្រចាំ​កម្ពុជា បានឱ្យដឹងថា​៖​ជនរងគ្រោះ​ម៉ាឡេស៊ី​ចំនួន​១៥៣​នាក់ ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុ​ជាស​ហ​ការ​ជាមួយ​ស្ថានទូត​ម៉ាឡេស៊ី​នៅ​រាជធានី​ភ្នំពេញ​ជួយសង្គ្រោះ​ពី​កន្លែងធ្វើការ​បោកប្រាស​ក្នុងនោះ​១៣៧​នាក់​ត្រូវបាន​បញ្ជូនទៅ​ប្រទេស​កំណើត​វិញ ខណៈ​១៦​នាក់​ទៀត​កំពុង​សម្រួល​នីតិវិធី​បញ្ជូន​ទៅតាម​ក្រោយ​។​

​លោក អ៊ែ​ល​ឌី​ន បានឱ្យដឹងថា ជនរងគ្រោះ​ម៉ាឡេស៊ី​១៥៣​នាក់​នេះ​គឺ​រង​ការ​ឆបោក​តាម​អ៊ី​ន​ធើ​ណេ​ត ដែល​ជន​ទុច្ចរិត​បាន​បោកប្រាស​ពួកគេ​ទាក់ទាញ​ឱ្យមកធ្វើ​ការ​នៅ​កម្ពុជា ក្រោម​ការសន្យា​ថា​នឹង​ផ្ដល់ប្រាក់​ឈ្នួល​ពី​២-៣​ពាន់​ដុល្លារ​ក្នុង​មួយខែ​។​

​លោក​បាន​បន្តថា មូលហេតុ​ដែល​ជនរងគ្រោះ​ទាំងនោះ​ធ្លោយ​ខ្លួន​បាញ់​បោក​ជន​ទុច្ចរិត​នោះ គឺ​ដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ​១៩​រំខាន​ដល់​ជីវភាព​របស់​ពួកគេ នាំឱ្យ​សេដ្ឋកិច្ច​គ្រួសារ​ធ្លាក់ចុះ ស្របពេល​មានការ​ឃោសនា​ពី​ជន​ទុច្ចរិត​ថា​មក​ធ្វើការ​នៅ​ប្រទេស​កម្ពុជា​ទទួលបាន​ប្រាក់ខែ​ខ្ពស់​ផង​នោះ ពួកគេ​ក៏​ធ្វើដំណើរ​មក​តាម​ការឃោសនា​នោះ​តែម្ដង ។ នៅពេល​មកដល់ ជនរងគ្រោះ​ទាំងនោះ​ក៏​ត្រូវគេ​បង្ខាំង​ទុក​មិនឱ្យ​ទៅណា និង​មិន​ផ្ដល់​ប្រាក់ខែ​ឱ្យ​ឡើយ​។ ពួកគេ​ភាគច្រើន​ត្រូវគេ​បង្ខាំង​ទុក​ទីតាំង​អគារ​ក្នុង​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។​

​លោក​ឯកអគ្គរាជទូត​បាន​បន្តទៀតថា ការជួយ​សង្គ្រោះ​ពលរដ្ឋ​ម៉ាឡេស៊ី​ទាំង​១៥៣​នាក់​នោះ គឺមាន​រយៈពេល​ត្រឹមតែ​១​ខែ ក្រោម​កិច្ចសហការ​យ៉ាង​យកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ ក្រសួងមហាផ្ទៃ ក៏ដូចជា​មន្ត្រី​មាន​សមត្ថកិច្ច និង​អាជ្ញាធរ​របស់​កម្ពុជា ជាមួយ​ស្ថានទូត​ម៉ា​ឡេ​ស៉ី​ប្រចាំ​កម្ពុជា​។​

​ចំពោះ​មធ្យោបាយ​ដើម្បី​នាំ​ពួកគេ​ចេញពី​ទី​បង្ខាំង ការរៀបចំ​កន្លែង​ស្នាក់នៅ​និង​អាហារ និង​កិច្ចសហការ​ជាមួយ​ភាគី​កម្ពុជា​ដើម្បី​បញ្ជូន​ពួកគេ​ទៅ​មាតុភូមិ​វិញ​នោះ គឺជា​ការចំណាយ​របស់​ភាគី​ម៉ា​ឡេ​ស៉ី​ទាំងស្រុង​។ ជនរងគ្រោះ​ទាំងនោះ​គឺ​ត្រូវបាន​នាំ​ពី​ខេត្ត​ព្រះសីហនុ​មក​ស្នាក់នៅ​បណ្ដោះអាសន្ន​នា​សណ្ឋាគារ​មួយ​ក្បែរ​វិហារ​ឥស្លាម​បឹងកក់ មុន​បញ្ជូន​ទៅកាន់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដើម្បី​ធ្វើដំណើរ​ត្រលប់​ទៅ​ប្រទេស​កំណើត​វិញ​។​

​បើតាម​លោក​ឯកអគ្គរាជទូត មកដល់ពេលនេះ មាន​ជនរងគ្រោះ​១៣៧​នាក់​ហើយ​ដែល​ត្រូវបាន​បញ្ជូនទៅ​ប្រទេស​កំណើត​វិញ ខណៈ​១៦​នាក់​ទៀត​កំពុងស្ថិត​ក្នុង​សមត្ថកិច្ច​របស់​អគ្គនាយក​ដ្ឋា​ន​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ​កម្ពុជា ដើម្បី​បំពេញ​នីតិវិធី​មុនពេល​អនុញ្ញាតឱ្យ​ពួកគេ​ត្រលប់​ទៅ​ប្រទេស​កំណើត​វិញ​។​

​ពាក់ព័ន្ធ​នឹង​កិច្ចការ​នេះ លោក ទូត​បាន​ខិតខំ​ព្យាយាម​បំពេញ​កិច្ចការ​នេះ​យ៉ាង​មមាញឹក​ដើម្បី​សង្គ្រោះ​ពលរដ្ឋ​របស់ខ្លួន ទាំង​ការនាំ​ពួកគេ​ចេញពី​ទី​បង្ខាំង ចាត់ចែង​រៀបចំ​កន្លែង​ស្នាក់នៅ​និង​អាហារ និង​ការបញ្ជូន​ពួកគេ​ទៅ​មាតុភូមិ​វិញ ម្យ៉ាង​នៅសល់​ពលរដ្ឋ​ម៉ាឡេស៊ី​១៦​ទៀត​ក៏​មិនទាន់​បញ្ជូន​ទៅវិញ​នៅឡើយ ដូច្នេះ​លោក​មានការ​មមាញឹក​យ៉ាងខ្លាំង​ជាមួយ​មន្ត្រី​កម្ពុជា និង​រដ្ឋាភិបាល​ម៉ាឡេស៊ី​របស់លោក​។

​ឯកអគ្គរាជទូត​ម៉ាឡេស៊ី ប្រចាំ​កម្ពុជា លោក Eldeen Husaini Mohd Hashim បានប្រកាស​ថ្លែងអំណរគុណ ចំពោះ​រាជរដ្ឋាភិបាល កម្ពុជា ជួយសង្គ្រោះ​ពលរដ្ឋ​របស់ខ្លួន ពី​ការជួញដូរ​មនុស្ស នៅក្នុង​សន្និសីទកាសែត នា​ព្រឹក​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​នេះ នា​សណ្ឋាគារ​ណាហ្គា​វើ​ល​១ នា​រាជធានី​ភ្នំពេញ​។​លោក​បាន​បន្ថែមថា “​យើង​នឹង​បន្ត​ការធ្វើការ​ជាមួយ​ពួកគេ ដើម្បី​ធានា​ដោះស្រាយ​បញ្ហា​នៅក្នុង​ដៃ អោយ​រួចរាល់​ទាំងអស់​តែម្តង​”​។​

​ជាមួយគ្នានេះ​លោក អ៊ែ​ល​ឌី​ន ហ៊ូ​សៃ​នី ម៉ូដ​ហា​ស្ស៉ី​ម​ក៏បាន​ស្នើ ឱ្យ​ពលរដ្ឋ​ម៉ាឡេស៊ី ទាំងអស់​ដែល​ចង់​មក​ធ្វើការ​នៅ​ប្រទេស​កម្ពុជា គឺ​ត្រូវតែ​សាកសួរ​ព័ត៌មាន​ផ្លូវការ ពី​ក្រសួងការបរទេស ឬ ស្ថានទូត​ម៉ាឡេស៊ី ប្រចាំ​កម្ពុជា មុននឹង​សម្រេចចិត្ត​មក​ធ្វើការ​៕​Ph