ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ រដ្ឋមន្ត្រីការបរទេស​ជប៉ុន លោក ហា​យ៉ា​ស៊ី យូ​ស៊ី​ម៉ាសា បាន​ថ្លែងថាៈ នៅ​ថ្ងៃទី​២២ ខែកញ្ញា​នេះ អង្គជំនុំជម្រះ​តុលាការ​កំពូល នៃ​អង្គជំនុំជម្រះ វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (​អ​វ​.​ត​.​ក​) បានប្រកាស​សាលដីកា លើ​បណ្ដឹងសាទុក្ខ ដោយបាន​តម្កល់​សាលក្រម របស់​អង្គជំនុំជម្រះ​សាលាដំបូង (​ដែល​ផ្ដន្ទាទោស​ដាក់ ពន្ធនាគារ​អស់​មួយជីវិត​) ក្នុង​សំណុំរឿង ០០២/០២ ពាក់ព័ន្ធ​នឹង​លោក ខៀវ សំផន ។ សាលដីកា​នេះ បានបញ្ចប់​ជា​ស្ថាពរ​នូវ​ការជំនុំជម្រះ​ក្ដី​ខ្មែរក្រហម ដែល​បាន​បន្ត​អស់ រយៈពេល​យ៉ាងយូរ​មកហើយ​។ ប្រទេស​ជប៉ុន សូម​សម្តែង​នូវ​ការគោរព​ចំពោះ​មនុស្ស ជាច្រើន ដែល​បាន​ចូលរួមចំណែក ដល់​ការជំនុំជម្រះ​ក្តី​នេះ​។ នេះ​បើ​យោងតាម សេចក្តីថ្លែងការណ៍ របស់​រដ្ឋមន្ត្រីការបរទេស​ជប៉ុន នៅ​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០២២​។​

​រដ្ឋមន្ត្រីការបរទេស​ជប៉ុន បានបញ្ជាក់​ថាៈ ការជំនុំជម្រះ​ក្តី​ខ្មែរក្រហម គឺជា​ដំណាក់កាល ដ៏​សំខាន់ ឆ្ពោះទៅ​បញ្ចប់​ជា​ស្ថាពរ នូវ​ដំណើរការ​ស្វែងរក​សន្តិ​ភាព នៅ​កម្ពុជា និង​រួមចំណែក​ដល់​ការផ្ដល់​យុត្តិធម៌ និង​ការពង្រឹង​នីតិរដ្ឋ នៅក្នុង​ប្រទេស​កម្ពុជា​។ ដោយ​យល់ឃើញ​យ៉ាង​ដូច្នេះ ប្រទេស​ជប៉ុន បាននិងកំពុង​ដើរតួនាទី​នាំមុខ នៅក្នុង​សហគមន៍​អន្តរជាតិ ក្នុង​ការផ្ដល់​ការគាំទ្រ ដល់​ការជំនុំជម្រះ​ក្តី​នេះ​។​

​លោក ហា​យ៉ា​ស៊ី យូ​ស៊ី​ម៉ាសា បាន​បន្តថាៈ ប្រទេស​ជប៉ុន សង្ឃឹមថា សារៈសំខាន់ នៃ​ការជំនុំជម្រះ​ក្តី​នេះ នឹង​ត្រូវបាន​យល់ដឹង​យ៉ាង​ទូលំទូលាយ ក្នុងចំណោម​ប្រជាជន កម្ពុជា ហើយ​ក្លាយជា​កេរដំណែល សម្រាប់​អ្នកជំនាន់ក្រោយ និង​សហគមន៍​អន្តរជាតិ តាមរយៈ​សកម្មភាព​អប់រំ ដែល​ត្រូវបាន​បន្តបន្ទាប់ ពី​ការបិទ​បញ្ចប់​ដំណើរការ​នីតិវិធី ហើយ​វា​នឹង​រួមចំណែក ដល់​ការពង្រឹង​នីតិរដ្ឋ​។​

​រដ្ឋមន្ត្រីការបរទេស​ជប៉ុន បានបញ្ជាក់​ថាៈ ជំនួយ​ហិរញ្ញវត្ថុ​របស់​ប្រទេស​ជប៉ុន សម្រាប់​ការជំនុំជម្រះ​ក្ដី​ខ្មែរក្រហម ប្រទេស​ជប៉ុន បានផ្ដល់​ថវិកា ប្រមាណ ៨៨,៦៧ លាន​ដុល្លា​សហរដ្ឋអាមេរិក (៧២,១៨ លាន​ដុល្លារ ផ្ដល់ឱ្យ​ភាគី​អន្តរជាតិ និង​១៦,៤៩ លាន​ដុល្លា ផ្តល់ឱ្យ​ភាគី​ជាតិ​) ឬ​ប្រហែល​ស្មើនឹង​៣០% នៃ​ជំនួយ​របស់​អន្តរជាតិ សម្រាប់​ការជំនុំជម្រះ​ក្ដី​ខ្មែរក្រហម ចាប់តាំងពី​ការជំនុំជម្រះ​ក្តី​នេះ បានចាប់ផ្តើម នៅក្នុង​ឆ្នាំ​២០០៦៕/V​