ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតី ក្នុងពីធីបិទ-បើក វគ្គបំប៉នជំនាញលំហាត់របៀបនៅនឹងកន្លែង សិក្សារយៈពេល ១ខែ ចាប់ពីថ្ងៃទី២២ ខែសីហា ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ដែលបានបញ្ជប់ និងបើកវគ្គបន្តចាប់ពីថ្ងៃទី២២ ខែកញ្ញានេះ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ នៅស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក ជា ពិសិដ្ឋ នាយការិយាល័យបណ្តុះបណ្តាល បានស្វាគមន៍ និងរាយការណ៍ថាៈ ការបើក-បិទ វគ្គបំប៉នជំនាញលំហាត់របៀបនៅនឹងកន្លែង មានសិក្ខាកាមចូលរួមសរុបចំនួន ១១៤នាក់ / ស្រីចំនួន ៧នាក់ ។ ក្នុងនោះ បិទវគ្គចំនួន ៥៧ នាក់/ស្រី ៥នាក់ និងបានបើកវគ្គបន្តដែលបានជ្រើសរើសពីបណ្តាផែនកាងារ ចំណុះស្នងការដ្ឋាននគរបាលខេត្ត ចំនួន ៣០ នាក់, វរសេនាតូចនគរបាលការពារ ព្រំដែនគោក ទាំង៤ ចំនួន ១២នាក់ និងអធិការដ្ឋាននគរបាលក្រុង ស្រុក ទាំង៩ ចំនួន ១៨ នាក់ ។ សិក្ខាកាមដែលបានជ្រើសរើសមកសិក្សាវត្តនេះ ជាមន្ត្រីនគរបាល ដែលពុំទាន់បានឆ្លងកាត់វគ្គបំប៉នជំនាញលំហាត់របៀប ចំនួន៤ វគ្គកន្លងមក។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានមានប្រសាសន៍ថាៈ ការបង្កើតឲ្យមានវគ្គ នេះឡើង គឺក្នុងគោលបំណង ១-គោរពអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក្នុងការបើកវគ្គបណ្តុះបណ្តាល នៅនឹងកន្លែង ។ ២-ដើម្បីពង្រឹងវិន័យ ០០៦ របស់កងកម្លាំងនគរបាលជាតិ ។ ៣-ពង្រឹង និងជំរុញ បង្កើតសមត្ថភាពបទពិសោធន៍ចំណេះជំនាញ ការងារជាប្រចាំ របស់នគរបាល ឱ្យបានល្អ ។ ៤-ដើម្បីប្រមូលផ្ដុំកម្លាំងទ្រោលសភាពការណ៍ អន្តរាគមន៍ បង្ការ បង្ក្រាប បទល្មើស ដែលកើតឡើងជាយថាហេតុ ឆ្លើយតបហេតុការណ៍ចំពោះមុខ ឲ្យបានទាន់ពេលវេលា។

ទន្ទឹមគ្នានោះដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានផ្តាំផ្ញើដល់ប្អូនៗ និងកងកម្លាំង ទាំងអស់ ត្រូវបិទនិងបើកវគ្គ ត្រូវយកចិត្តទុកដាក់ ប្រឹងប្រែងរៀនសូត្រឲ្យបានល្អ ដើម្បីយកចំណេះ ជំនាញ វិជ្ជាជីវៈនគរបាល ទៅប្រើទាំងកន្លែងការងារ ទាំងជាមួយ ពលរដ្ឋក្នុងសហគមន៍ និងការការពារប្រតិភូថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ ឲ្យមានប្រសិទ្ធភាពខ្ពស់៕/V