ដោយ:មុនីរ័ត្ន/ភ្នំពេញៈទូកមួយគ្រឿងដែលមានមនុស្សជិះច្រើននាក់ជាជនជាតិចិន បានលិចនៅក្នុងលម្ហសមុទ្រនៅចន្លោះពយសារឺ និងកោះតាង វេលាម៉ោងជិត៤ល្ងាចថ្ងៃទី២២ខែកញ្ញាឆ្នាំ២០២២។ ក្រោយទទួលបានពត៌មាននេះសមត្ថកិច្ចនាយកដ្ឋាននគរបាលការពារព្រំដែនទឹក និងក្រុមសង្គ្រោះបានចេញទៅអន្តរាគមន៌សង្រ្គោះ ក្នុងនោះជាបឋម សមត្ថកិច្ចនិងក្រុមសង្គ្រោះជួយសង្រ្គោះមនុស្សបានចំនួន១៨នាក់ និងបន្តស្វែងស្វែងរកជនរងគ្រោះនៅបាត់ខ្លួន ដែលតាមសមត្ថកិច្ចបញ្ជាក់ថានៅបាត់ខ្លួនចំនួន២៣នាក់ទៀត។

បេីតាមការបំភ្លឺពីអ្នករួមដំណើរលើទូកឈ្មោះCHENGui Sheng ជនជាតិចិនភេទប្រុស ជាតំណាងជនរងគ្រោះដែលបានលិចទូកនោះបានប្រាប់សមត្ថកិច្ចថា ទូកនេះបានធ្វើដំណើរចេញពីប្រទេសចិន(កំពង់ផែក្វាង ចូវ) តាមរយៈកប៉ាលលឿន០១គ្រឿង នៅថ្ងៃទី១១ខែកញ្ញាឆ្នាំ២០២២ រួចបានសាងមកទូកឈើ០១គ្រឿង នៅអំឡុងថ្ងៃទី១៧ ខែកញ្ញាឆ្នាំ២០២២នៅសមុទ្រអន្តរជាតិជាមួយតៃកុងទូកជនជាតិខ្មែរចំនួន០២នាក់ និងបានបន្តនៅលើទូកឈើនោះរហូតដល់ថ្ងៃទី២២ខែកញ្ញាឆ្នាំ២០២២ ទូកឈើនោះខូចក៏ចាប់ផ្តើមលិចបន្តិចម្តងៗ ទើបមានទូកនេសាទ១គ្រឿងប្រភេទទូកអូសពណ៌បៃតង មានមនុស្សចំនួន០៦នាក់ បានមកទទួលយកតៃកុងខ្មែរ០២នាក់នោះចេញទៅបាត់ ដោយទុកតែអ្នកធ្វើដំណើរនៅលើទូក ក្រោយមកទូកនេះក៏បានលិចបាត់នេះនៅកណ្តាលសមុទ្រ ។

សមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត និងស្វែងរកអ្នកដែលកំពុងបាត់ខ្លួន៕សរន