ដោយៈ សុវណ្ណ​/ ខេត្តរតនគិរីៈ កាលពី​ព្រឹក​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០២២ អង្គការ​វ៉ា​យ​អេដ៍ស​ហ​កា​ជាមួយ​កម្លាំង​មេព្រៃ និង​ក​ម្លាំ​ប៉េអឹម​ផ្ទៃ​ប្រទេស​ដឹកនាំ​ដោយ​ព្រះរាជអាជ្ញារង​ខេត្ដ​រតនគិរី បាន​ចុះ​ចាប់​សាច់​សត្វព្រៃ​ដែល​ដាក់លក់​នៅក្នុង​ផ្សារ​បាន​លុង រឹបអូស​បាន​ចំនួន ៦២,៩​គី​​ឡូ​ក្រាម និង​បាន​នាំខ្លួន​ស្ត្រី​ពីរ​នាក់​បញ្ជូនទៅ​ឲ្យ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ខេត្ដ​រតនគិរី ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​។​

សាច់សត្វ​ទាំងនោះ​រួមមាន​សាច់​ជ្រូកព្រៃ​ចំនួន​៣២,៤០​គីឡូក្រាម សាច់​ឈ្លូស​ចំនួន​២០​គីឡូក្រាម សាច់​ត្រកួត​ចំនួន​៩,៥០​គីឡូក្រាម សាច់​កាំ​ប្រ​ម៉ា​ចំនួន​១​គីឡូ​​ក្រាម និង​បាន​នាំខ្លួន​ស្ត្រី​ពីរ​នាក់​បញ្ជូនទៅ​ឲ្យ​មេព្រៃ​ផងដែរ​។ ស្ត្រី​ទាំងពីរ​នាក់​មានឈ្មោះ ចាន់ ស្រី​ទូច នៅ​ភូមិ​២ សង្កាត់​កាចា​ញ ក្រុង​បាន​លុង និង​ឈ្មោះ​ក្រិច នៅ​ភូមិ​ជ័យជំនះ សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ពួកគេ​ជា​ជនជាតិខ្មែរ​។​

លោក ហុង​ភា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ដ​រតនគិរី នៅ​រសៀល​ថ្ងៃ​ដដែល​នោះ លោក​បាន​ប្រាប់​ឲ្យ​អ្នកយក​ព័​ត៌​ដឹងថា លោក​មិនទាន់បាន​ចូល​កន្លែង​ទេ​ដោយសារ​ជាប់​ជូន​ភ្ញៀវ​ចុះ​កម្មសិក្សា​។​
នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​បាន​បញ្ជាក់ថា​ពាក់ព័ន្ធ​រឿង​ចាប់​សាច់សត្វ​ព្រៃ​នៅ​ផ្សារ​បាន​លុង​នោះ​លោក​ឲ្យ​សួរ​ទៅ​ប្រធានការិយាល័យ​រដ្ឋបាល​ទៅ​។​

លោក​សុភ័ក្ត្រ ប្រធានការិយាល័យ​រដ្ឋ​បាល​នៃ​ខណ្ឌ​ព្រៃឈើ​ខេត្ដ​រតនគិរី លោក​មិនបាន​ផ្ដល់​ឯកសារ​ណាមួយ​ជា​ផ្លូវ​វ​ការណ៍​ឡើយ​គ្រាន់តែ​សរសេរ​ជា​តួរ​លេខ​ចំនួន​សាច់សត្វ​ព្រោះថា​ខាង​វ៉ា​យ​អេ​ដ៍ និង​មេព្រៃ​ផ្នែក​មិនទាន់​បានប្រគល់​ឯកសារ​ឲ្យ​។​

​ប្រធាន​រដ្ឋបាល​រូប​នោះបាន​បញ្ជាក់ថា សាច់សត្វ​ដែល​វ៉ា​យ​អេ​ដ៍​ប្រគល់​​ឲ្យ​នោះ​មាន​ចំនួន​សរុប​៦២,៩​គីឡូក្រាម គឺ​យកទៅ​កប់​ចោល​អស់ហើយ​។ ឯ​ស្ត្រី​ពីរ​នាក់​ក្រោយពី​បាន​បំភ្លឺ​រួច​ពួកគេ​បាន​ឲ្យ​ត្រឡប់​ទៅ​​វិញ​ព្រោះ​ពួកគាត់​គ្រាន់តែ​ជា​សាក្សី​ដែល​លក់​ជិតគ្នា​ពោល គឺ​សាច់សត្វ​នោះ​ពុំមាន​ម្ចាស់​ទទួលខុសត្រូវ​ទេ​។

​លោក​សុភ័ក្ដ្រ​បាន​បញ្ជាក់ថា​ក្រោយពេល​ខាង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ប្រគល់​ឯកសារ​គ្រប់គ្រាន់​ឲ្យ​ខណ្ឌ ខណ្ឌ​នឹង​កសាង​សំណុំរឿង​នោះ​ដាក់​ទៅ​តុលាការ​ដើម្បី​បើក​ការស៊ើបអង្កេត​រក​ម្ចាស់​ឲ្យ​មក​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​។​

គួររំលឹកថា​កាលពី​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០២២ គណកម្មការ​ខេត្ដ​បាន​ចុះ​ធ្វើការ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ជាពិសេស​អាជីវ​ករលក់​ដូរ​ត្រី​សាច់​នៅ​ផ្សារ​បាន​លុង​ឲ្យ​ចូលរួម​ការពារ​អភិរក្ស​សត្វព្រៃ​គ្រប់​ប្រភេទ​មិន​ឲ្យ​ប្រកប​របរ​លក់​សាច់សត្វ​ព្រៃ​បន្ដទៅ​ទៀតឡើយ​តែ​មិនបាន​ប៉ុន្មាន​ថ្ងៃ​ផង​ក៏មាន​ជន​មួយចំនួន​តូច​បាន​បន្ដ​យក​សាច់​សត្វព្រៃ​ដាក់លក់​ធ្វើ​អាជីវកម្ម​ជា​ដដែល​ជាក់ស្ដែង​ដូច​ករណី​ខាងលើ​នោះ​៕​