​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ក្រុមមន្ត្រី​បាន​និយាយថា នាវា​ផ្ទុក​យន្តហោះ​អាម៉េរិក​មួយគ្រឿង​បាន​មក​ដល់​កូរ៉េខាងត្បូង​នៅ​ថ្ងៃ​សុក្រ​ទី​២៣​កញ្ញា​នេះ​ជា​លើកដំបូង​ក្នុង​រយៈពេល​ប្រហែល​បួន​ឆ្នាំ ដើម្បី​ចូលរួម​ជាមួយ​នាវា​កូរ៉េខាងត្បូង​នៅក្នុង​ការបង្ហាញ​កម្លាំង​យោធា​ក្នុង​គោលបំណង​ផ្ញើ​សារ​ទៅ​កាន់​កូរ៉េខាងជើង​។​

​នាវា​ផ្ទុក​យន្តហោះ USS Ronald Reagan និង​នាវា​មក​ពី​កងកម្លាំង​វាយប្រហារ​ដែល​អមដំណើ​រ​របស់ខ្លួន បាន​ចូល​ចត​នៅ​មូលដ្ឋាន​ទ័ពជើងទឹក​ក្នុង​ទីក្រុង​កំពង់ផែ​ប៊ូសាន​ភាគខាងត្បូង​។​

​ការមកដល់​របស់​វា​គឺជា​ការ​ដាក់​ពង្រាយ​ដ៏​សំខាន់បំផុត ដែល​ស្ថិត​ក្រោម​ការជំរុញ​ថ្មី​មួយ​ដើម្បី​ឱ្យមាន “​ទ្រព្យ​យុទ្ធសាស្ត្រ​”​ដែល​មាន​សមត្ថភាព​នុយក្លេអ៊ែរ​របស់​អាម៉េរិក​បន្ថែម​ទៀត​ធ្វើ​ប្រតិបត្តិការ​នៅ​​ក្នុង​តំបន់​ដើម្បី​ទប់ទល់​នឹង​កូរ៉េខាងជើង​។​

​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក យូ​ន ស៊ុក​យ៉ូល បាន​ជំរុញ​ឱ្យ​មាន​សមយុទ្ធ​រួម​បន្ថែមទៀត និង​ការបង្ហាញ​អំណាច​យោធា​ផ្សេងទៀត ជាការ​ព្រមាន​ដល់​កូរ៉េខាងជើង​ដែល​តាំងពី​ដើម​ឆ្នាំ​នេះ​បាន​​ធ្វើ​ការសាកល្បង​កាំជ្រួច​ជាច្រើន បន្ទាប់​ពី​កិច្ច​ពិភាក្សា​បាន​បរាជ័យ​ក្នុងការ​បញ្ចុះបញ្ចូល​ឱ្យ​ប្រទេស​នេះ​បញ្ចប់​ការអភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​។

​ក្រុម​អ្នកសង្កេតការណ៍​បាន​និយាយថា រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង​ក៏​ហាក់​កំពុង​ត្រៀម​បន្ត​ការសាកល្បង​នុយក្លេអ៊ែរ​ជា​លើកដំបូង​ចាប់តាំងពី​ឆ្នាំ ២០១៧ ផងដែរ​។​

​កូរ៉េ​ខាងជើង​បាន​ថ្កោលទោស​ការ​ដាក់​ពង្រាយ​យោធា​អាម៉េរិក​កាលពី​មុន​និង​សមយុទ្ធ​រួមគ្នា​ថា​ជា​ការហាត់​សម​សម្រាប់​សង្គ្រាម និង​ជា​ភស្តុតាង​នៃ​គោលនយោបាយ​អរិភាពរ​បស់​រដ្ឋាភិបាលក្រុ​វ៉ា​ស៊ីន​​តោន​និង​សេ​អ៊ូ​ល​។​

​វា​គឺជា​ទស្សនកិច្ច​លើកដំបូង​ទៅកាន់​កូរ៉េ​ខាងត្បូង​ដោយ​នាវា​ផ្ទុក​យន្តហោះ​អាម៉េរិក​ចាប់តាំងពី​ឆ្នាំ ២០១៨​។ នៅ​ឆ្នាំ​នោះ សម្ពន្ធ​មិត្ត​បាន​កាត់បន្ថយ​សកម្មភាព​យោធា​រួមគ្នា​ជាច្រើន​របស់​ពួកគេ​ចំពេល​​មាន​កិច្ចខិតខំ​ប្រឹងប្រែង​ការទូត​ដើម្បី​ចូលរួម​ជាមួយ​កូរ៉េខាងជើង ប៉ុន្តែ​កិច្ច​ពិភាក្សា​ទាំងនោះ​បាន​ជាប់គាំង​ហើយ​រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង​ក្នុង​ខែ​នេះ​បាន​បង្ហាញ​នូវ​ច្បាប់​ដែល​បាន​ធ្វើ​បច្ចុប្បន្នភាព​​ដើម្បី​កំណត់​សិទ្ធិ​របស់​ខ្លួន​ក្នុងការ​ធ្វើ​ការវាយប្រហា​រ​នុយក្លេអ៊ែរ​ជាមុន ប្រសិនបើ​ចាំបាច់​ដើម្បី​ការពារ​ខ្លួន​៕

​​​​​​​​​​​​​​​​​                                   ​នាវា​ផ្ទុក​យន្តហោះ USS Ronald Reagan និង​នាវា​មក​ពី​កងកម្លាំង​វាយប្រហារ​ដែល​អមដំណើ​រ​របស់ខ្លួន