​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ នៅ​ថ្ងៃ​សុក្រ​នេះ​រុស្ស៊ី​ចាប់ផ្តើម​ផែនការ​របស់​ខ្លួន​ក្នុង​ការដាក់​បញ្ចូល​ទឹក​ដី​អ៊ុយ​ក្រែន​ប្រហែល ១៥ ភាគរយ​ចូលក្នុង​ទឹកដី​ខ្លួន​តាមរយៈ​ការ​ធ្វើ​ប្រជាមតិ​នៅ​ក្នុង​តំបន់​​ចំនួន​បួន ដែល​គ្រប់គ្រង​ដោយ​កងកម្លាំង​រុស្ស៊ី ជា​ទង្វើ​មួយ​ដែល​លោក​ខាងលិច​និយាយថា​ជា​ការបំពាន​យ៉ាង​ធ្ងន់ធ្ងរ​លើ​ច្បាប់​អន្តរជាតិ ដែល​នឹង​ធ្វើឱ្យ​សង្គ្រាម​កាន់តែ​ធ្ងន់ធ្ងរ​។​

​បន្ទាប់​ពី​សង្គ្រាម​ជិត​ប្រាំពីរ​ខែ​និង​បរាជ័យ​ក្នុង​សមរភូមិ​ដ៏​សំខាន់​នៅ​ភាគ​ឦសាន​អ៊ុយ​ក្រែន​កាលពីដើម​ខែ​នេះ ប្រធានាធិបតី វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​គាំទ្រ​យ៉ាង​ច្បាស់លាស់​នូវ​ការបោះឆ្នោត​ប្រជាមតិ​បន្ទាប់​​ពី​តំបន់​ដែល​គ្រប់គ្រង​ដោយ​រុស្ស៊ី​បាន​តម្រង់​ជួរ​គ្នា​ដើម្បី​សុំ​ឱ្យមាន​ការបោះឆ្នោត​យ៉ាង​ឆាប់រហ័ស​ដើម្បី​ចូលរួម​ជាមួយ​រុស្ស៊ី​។​

​សាធារណរដ្ឋ​ប្រជាមានិត​ដូណិត​ស​ខ៍ (DPR) និង​សាធារណរដ្ឋ​ប្រជាមានិត​លូ​ហាន​ស​ខ៍ (LPR) ដែល​ពូ​ទីន​ទទួលស្គាល់​ជា​ប្រទេស​ឯករាជ្យ​នៅមុន​ការ​លុកលុយ​និង​រដ្ឋបាល​ដែល​បន្តុប​ដោយ​រុស្ស៊ី​នៅ​​ក្នុង​តំបន់​ឃើ​សុន (Kherson)​និង​ហ្សា​ផូ​រី​ហ្ស​ហ្សា (Zaporizhzhia) នឹង​រៀបចំ​ការបោះឆ្នោត​។​

​ការបោះឆ្នោត​ដែល​លោក​ខាងលិច​និង​អ៊ុយ​ក្រែ​ននិយាយថា​ជា​ការបោះឆ្នោ​ត​ក្លែងក្លាយ នឹង​ត្រូវ​ចាប់ផ្តើម​នៅ​ថ្ងៃ​សុក្រ​នេះ ហើយ​នឹង​បញ្ចប់​នៅ​ថ្ងៃ​អង្គារ ដោយ​លទ្ធផល​រំពឹង​ចេញ​នៅ​ពេល​ក្រោយ​ទៀត​។​

​រុស្ស៊ី​នឹង​កាត់​យក​តំបន់​ទាំងនោះ​ជា​ផ្លូវការ​បន្ទាប់ពី​ចេញ​លទ្ធផល​។​

​ប្រធានាធិបតី​អាម៉េរិក លោក ចូ បៃ​ដិន បាន​ប្រាប់​សម័យប្រជុំ​លើក​ទី ៧៧ នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ​ថា “​វិមាន​ក្រឹម​ឡាំង​កំពុង​រៀបចំ​ប្រជាមតិ​ក្លែងក្លាយ​ដើម្បី​ព្យាយាម​កាត់​យក​ផ្នែក​​ខ្លះ​នៃ​អ៊ុ​យក្រែន​”​។​

​លោកបៃ​ដិន ដែល​ចាត់ទុក​សង្គ្រាម​ជា​ផ្នែក​មួយ​នៃ​ការ​ប្រជែង​សាកល​រវាង​ប្រជាធិបតេយ្យ​និង​អត្ថា​ធិបតេយ្យ បាន​និយាយថា “​អ៊ុយ​ក្រែន​មាន​សិទ្ធិ​ដូច​គ្នា ដែល​ជា​កម្មសិទ្ធិ​របស់​គ្រប់​ប្រទេ​អធិបតេយ្យ​​ទាំងឡាយ​ដែរ​។ យើង​នឹង​រួម​សាមគ្គី​ជាមួយ​អ៊ុ​យក្រែន​”​។​

​អ៊ុ​យក្រែន ដែល​មាន​ព្រំដែន​ក្រោយ​សូ​វៀត​ជាប់​នឹង​រុស្ស៊ី និយាយថា ខ្លួន​នឹង​មិន​ទទួលយក​ការគ្រប់គ្រង​របស់​រុស្ស៊ី​លើ​ទឹកដី​ណាមួយ​របស់​ខ្លួន​ឡើយ ហើយ​នឹង​ប្រយុទ្ធ​រហូត​ដល់​ទាហាន​រុស្ស៊ី​ចុង​ក្រោយ​ត្រូវ​បាន​បណ្តេញចេញ​។​

​ពូ​ទីន ដែល​ជា​មេដឹកនាំ​កំពូល​របស់​រុស្ស៊ី ចាប់តាំងពី​ឆ្នាំ ១៩៩៩ បាន​និយាយថា រុស្ស៊ី​នឹងមិន​បោះបង់​ចោល​អ្នក​នៅ​ក្នុង​តំបន់​ដែល​ខ្លួន​គ្រប់គ្រង​និង​អ្នក​ដែល​គាត់​និយាយ​ថា​ចង់​បំបែក​ចេញពី​ការ​គ្រប់​​គ្រង​របស់​រដ្ឋាភិបាល​ទីក្រុង​គៀវ​នោះឡើយ​។​គាត់​បានចាត់ទុក​សង្គ្រាម​នេះ​ជា​ការប្រយុទ្ធ​ដើម្បី​សង្គ្រោះ​អ្នក​និយាយ​រុស្ស៊ី​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែន​ពីការ​ធ្វើទុក្ខបុកម្នេញ និង ជា​មធ្យោបាយ​មួយ​ដើម្បី​​បញ្ចៀស​នូវ​អ្វី​ដែល​គាត់​និយាយថា​ជា​ផែនការ​របស់​លោក​ខាងលិច​ដើម្បី​បំផ្លាញ​រុស្ស៊ី​។

​ទោះជា​យ៉ាងនា អ៊ុយ​ក្រែន​បដិសេធ​ថា​អ្នក​និយាយ​ភាសា​រុស្ស៊ី​មិន​ត្រូវ​បាន​ធ្វើទុក្ខបុកម្នេញ​នោះទេ​។​

​នៅក្នុង​ការព្រមាន​នុយក្លេអ៊ែរ​ដោយ​ផ្ទាល់​ទៅ​កាន់​លោកខាងលិច លោកពូ​ទីន​បាន​និយាយថា លោក​នឹង​ការពារ​ទឹកដី​រុស្ស៊ី​ជាមួយនឹង​គ្រប់​មធ្យោបាយ​សព្វាវុធ​ដែល​អាច​រក​បានរ​បស់​គាត់​ព្រមទាំង​​តំបន់​នៃ​អ៊ុ​យក្រែន ដែល​នឹង​ត្រូវ​ចាត់ទុក​ជា​ទឹកដី​របស់​រុស្ស៊ី​ក្នុងពេល​ដ៏​ខ្លី​ខាងមុខ​៕

​តំបន់​ដែល​គ្រប់គ្រង​ដោយ​រុស្ស៊ី​តម្រង់​ជួរ​គ្នា​ដើម្បី​សុំ​ឱ្យមាន​ការបោះឆ្នោត​យ៉ាង​ឆាប់រហ័ស​ដើម្បី​ចូលរួម​ជាមួយ​រុស្ស៊ី​