ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​លើក​ទម្ងន់​កម្ពុជា លោក សំ សុខ​យី បានចាត់ទុក​ការបញ្ជូន​អត្ត​ព​លិ​ក ទៅ​ហ្វឹកហាត់​នៅ​ចិន រយៈពេល​វែង នឹង​ឈានទៅ​
​ដណ្តើម​មេដាយ លើសពី​ការគិត​ទុក សម្រាប់​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ នា​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ជា​ប្រវត្តិសាស្ត្រ​លើកដំបូង​។ នេះ​ជាការ​ថ្លែង​ឲ្យ​ដឹង បន្ទាប់ពី​ប្រតិភូ គ្រូបង្វឹក និង​អត្ត​ព​លិ​ក​ជម្រើសជាតិ​កម្ពុជា សរុប ១៦១ នាក់ លើ ១២ ប្រភេទ​កីឡា បាន​ចេញទៅ​ហ្វឹកហាត់ នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន កាលពី​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០២២​។​

​លោក សំ សុខ​យី បានលើកឡើង​ថាៈ ក្រោម​ជំនួយឥតសំណង របស់​រាជរដ្ឋាភិបាល និង​ប្រជាជន​ចិន ដល់​ក្រុម​ជម្រើសជាតិ​កម្ពុជា តាមរយៈ​កិច្ចសហប្រតិបត្តិការ រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ចិន អត្ត​ព​លិ​ក​ជម្រើសជាតិ​ទាំង ១២ ប្រភេទ​កីឡា បាន​ទៅ​ហ្វឹកហាត់ រយៈពេល​វែង រហូតដល់​ការប្រកួត​ស៊ី​ហ្គេម ឆ្នាំ​២០២៣​។ ក្រោយ​បញ្ចប់​បេសកកម្ម សម្រាប់​ស៊ី​ហ្គេម ប្រសិនបើ​គ្មាន​ការប្រែប្រួល​នោះទេ អត្ត​ព​លិ​ក​ជម្រើសជាតិ​កម្ពុជា នឹង​ត្រឡប់​ទៅ​ហាត់​នៅ​ចិន បន្ដទៀត រហូត​ចប់​កិច្ចព្រមព្រៀង រយៈពេល ២ ឆ្នាំ​។​

​លោក អគ្គលេខាធិការ សង្ឃឹមថាៈ ការបញ្ជូន​កីឡាករ កីឡាការិនី ទៅ​ហ្វឹកហាត់​នេះ នឹងធ្វើ​ឲ្យ​សិទ្ធ​ផល​របស់​ពួកគេ ឈានដល់​កម្រិតស្តង់ដា​រ ដែល​អាច​ដណ្ដើមយក​មេ​ដាយ​បាន ដោយសារ​ថា «​កាល​យើង​ទទួលបាន​គ្រូ​ជំនាញ​ចិន មក​បង្វឹក​រយៈពេល​មួយខែ ឃើញថា កីឡាករ កីឡាការិនី​របស់​យើង មាន​សិទ្ធ​ផល​កើនឡើង គួរ​ឲ្យ​កត់សម្គាល់​។ ជាពិសេស ការចូលរួម​កីឡា​ស៊ី​ហ្គេម លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម ថ្មីៗ​នេះ អត្ត​ព​លិ​ក​កម្ពុជា ឈ្នះ​បាន ២ ប្រទេស​»​។​

​លោក​មាន​ជំនឿ​ចិត្ត​ថា់ ពេល​ត្រឡប់​មកពី​ហ្វឹកហាត់ រយៈពេល​ដល់​ទៅ ៦​ខែ មិត្ត​ចិន នឹងធ្វើ​ឲ្យ​កម្ពុជា ភ្ញាក់ផ្អើល និង​អាច​នឹងមាន​លទ្ធភាព​គ្រប់គ្រាន់ នៅក្នុង​ការដណ្ដើមយក មេដាយមាស ហើយ​លើសពី​ការរំពឹងទុក ក៏​ថា​បាន​។ ក្រៅពី​មេដាយមាស ១​គ្រឿង ដែល Camsoc បានដាក់​ស​ន្ទ​ស្សន៍ ដល់​សហព័ន្ធ​កីឡា​លើក​ទម្ងន់ និង​យោងតាម​ស្មារតី នៃ​ការទទួលខុសត្រូវ ជាមួយ​ផែនការ​យុទ្ធសាស្ត្រ​ច្បាស់លាស់ របស់លោក វ៉ា​ត់ ចំរើន ដែលជា​ប្រធាន​សហព័ន្ធ​។​

​ក្នុងនាម​ជា​ម្ចាស់ផ្ទះ លោក បាន​ប្រាប់ថាៈ សហព័ន្ធ ក៏បាន​ត្រៀម​មន្ត្រី​បច្ចេកទេស ចំនួន ២០ នាក់​។ ចំពោះ​អាជ្ញាកណ្តាល ចៅក្រម​អន្តរជាតិ​កម្ពុជា មាន ២ នាក់ ដែល​ធ្លាប់បាន​ចូលរួម ស៊ី​ហ្គេម​លើក​ទី​៣១ នៅ​វៀតណាម ហើយ​សហព័ន្ធ ត្រូវការ ៤ នាក់​បន្ថែមទៀត ដូច្នេះ​សហព័ន្ធ​គ្រោង​បញ្ជូន ៧ នាក់ ទៅ​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល នៅ​ប្រទេស​ថៃ ដើម្បី​រៀនសូត្រ ដកស្រង់​បទពិសោធន៍​បន្ថែម និង​ចូលរួម​កាត់សេចក្តី លើ​ការប្រកួត នៅ​ប្រទេស​ថៃ ក្រោម​ការសម្របសម្រួល ពី​សហព័ន្ធ​កីឡា​លើក​ទម្ងន់​អន្តរជាតិ និង​សហព័ន្ធ​កីឡា​លើក​ទម្ងន់​អាស៊ី ដើម្បី​បង្គ្រប់ ៦​នាក់ ត្រៀម​ស៊ី​ហ្គេម ឆ្នាំ​២០២៣ នៅ​កម្ពុជា​។​

​សម្រាប់​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ សហព័ន្ធ​កីឡា​លើក​ទម្ងន់​កម្ពុជា ក្នុងនាម​ជា ម្ចាស់ផ្ទះ បានដាក់ ១៤ វិញ្ញាសា គឺ​ផ្នែក​បុរស​មាន ៧ វិញ្ញាសា និង​ផ្នែក​នារី​មាន​៧​វិញ្ញាសា​។ បុរស​មាន​វិញ្ញាសា​ទម្ងន់ ៥៥ គីឡូក្រាម​, ៦១, ៦៧, ៧៣, ៨១, ៨៩ និង ៨៩ គីឡូក្រាម​បូក​។ ចំណែក នារី​មាន​វិញ្ញាសា​ទម្ងន់ ៤៥ គីឡូក្រាម​, ៤៩, ៥៥, ៥៩, ៦៤, ៧១ និង ៧១ គីឡូក្រាម​បូក​។​

​សូមបញ្ជាក់ថា ការប្រកួត​កីឡា​ជាតិ ឬ National Games លើក​ទី​៣ នឹងត្រូវ​រៀបចំ​ធ្វើឡើង នា​ចុងខែ​វិច្ឆិកា ខាងមុខនេះ សហព័ន្ធ​កីឡា​លើក​ទម្ងន់​កម្ពុជា មាន ៧ រាជធានី​ខេត្ត​-​ក្រុង ចូលរួម ប្រកួត​លើ​វិញ្ញាសា ៧ ប្រភេទ​ទម្ងន់ ផ្នែក​បុរស​/​នារី​៕ V / N