​ដោយៈ​មុនី​រ័ត្ន / ភ្នំពេញ​៖ អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំ​ព​ញ លោក សាន សុខ​សីហា បាន​ប្រាប់​រស្មី​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២៣ ខែកញ្ញា​នេះ​ថាៈ ជនសង្ស័យ​ចំនួន បួន​នាក់ ពាក់ព័ន្ធ​ករណី​ចាប់​បង្ខាំង​មនុស្ស ធ្វើ​ទារុណកម្ម ដើម្បី​ជំរិត​ទារប្រាក់ ត្រូវបាន​កម្លាំង ការិយាល័យ នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល រាជធានី​ភ្នំពេញ ស្រាវជ្រាវ​បង្ក្រាប​ឃាត់ខ្លួន កាលពី​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០២២ ។

​អ្នកនាំពាក្យ​ដដែល បាន​បន្តថាៈ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល រាជធានី​ភ្នំពេញ បាន​ស្រាវជ្រាវ​បង្ក្រាប និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន បួន​នាក់ ពាក់ព័ន្ធ​ករណី​ចាប់​បង្ខាំង​មនុស្ស ធ្វើ​ទារុណកម្ម ដើម្បី​ជំរិត​ទារប្រាក់ នៅ​ចំណុច​សណ្ឋាគារ ហ្វែ​រី​លែ​ន ផ្លូវ​លេខ​១៤១ ភូមិ​៩ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។ ជនរងគ្រោះ ឈ្មោះ ង្វៀង ដុង​ហាយ ភេទ​ប្រុស ឆ្នាំ​កំណើត ១៩៨៤ ជនជាតិ​វៀតណាម​។​

​ប្រភព​ដដែល បាន​បន្តថាៈ ជនសង្ស័យ​ជា​បុរស​ជនជាតិ​វៀតណាម ដែល​បាន​ត្រូវ​ឃាត់ខ្លួន ចំនួន បួន​នាក់​នោះ រួមមានៈ ១-​ឈ្មោះ TRAN TINHUY ឆ្នាំ​កំណើត ១៩៨៩ , ២-​ឈ្មោះ NGUYEN VAN VO ឆ្នាំ​កំណើត ១៩៨០ , ៣-​ឈ្មោះ LUONG VON THET ឆ្នាំ​កំណើត​១៩៩៧ និង ៤-​ឈ្មោះ VO HONG QUAN ឆ្នាំ​កំណើត ១៩៨៧ (​ជា​មេខ្លោង​)​។​

​បច្ចុប្បន្ន កម្លាំង​ការិយាល័យ​ជំនាញ បាន​កំពុង​កសាង​សំណុំរឿង និង​បញ្ជូន​ជនសង្ស័យ ខាងលើ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត តាម​នីតិវិធី​ច្បាប់​៕/V​