ដោយ៖តារារិទ្ធ(ភ្នំពេញ)សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី២៣ ខែកញ្ញាឆ្នាំ២០២២នេះបានអំពាវនាវឲ្យប្រជាពលរដ្ឋ ធ្វើដំណើរតាមរថយន្តក្រុងសាធារណៈដោយឥតគិតថ្លៃក្នុងឱកាសបុណ្យភ្ជុំបិណ្ឌដោយអនុវត្តចាប់ពីថ្ងៃទី២៣ ខែកញ្ញានេះតទៅ ។

តាមរយៈបណ្តាញសង្គមសម្តេចតេជោបានលើកឡើងថា៖ «បងប្អូនប្រជាពលរដ្ឋអាចធ្វើដំណើរតាមរថយន្តក្រុងសាធារណៈដោយឥតគិតថ្លៃចាប់ពីថ្ងៃទី២៣ នេះបានហើយ ។ថ្ងៃទី ២៣ ខែកញ្ញាឆ្នាំ២០២២នេះគឺជាថ្ងៃទី១នៃការចាប់ផ្ដើមដំណើរការសេវារថយន្តក្រុងសាធារណៈដែលរៀបចំឡើងដោយសាលារាជធានីភ្នំ ពេញដោយឥតគិតថ្លៃសម្រាប់បង ប្អូនប្រជាពលរដ្ឋធ្វើដំណើរទៅកាន់ស្រុកកំណើតដើម្បីជួបជុំក្រុមគ្រួសារនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ»។

សម្តេចតេជោហ៊ុនសែនបានបន្តទៀតថា៖«ដើម្បីជួយសម្រួលបន្ទុកចំណាយរបស់ប្រជាពលរដ្ឋមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ កម្មការិនី សិស្ស និស្សិតទាំងអស់ដែលនឹងធ្វើដំណើរទៅលេងស្រុកកំណើតជួបជុំបងប្អូនក្រុមគ្រួសារ ប្រកបដោយសេចក្តីសប្បាយរីករាយ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌសម្តេច តេជោ ហ៊ុន សែនបានបញ្ជាអោយរដ្ឋ បាលរាជធានីភ្នំពេញរៀបចំរថយន្តក្រុងចំនួន ១៧៥ គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈរយៈពេល០៥ថ្ងៃ ពីថ្ងៃទី២៣នេះ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ដោយមិន បង់ប្រាក់ដែលក្នុងនោះ ៖ ១៖ សម្រាប់ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ៖រដ្ឋបាលរាជធានីភ្នំពេញប្រើប្រាស់រថយន្តក្រុង៥៥គ្រឿង។ ២៖សម្រាប់ប្រជាពលរដ្ឋដែលធ្វើដំណើរទៅតាមបណ្ដាខេត្តនិងត្រលប់មករាជធានីភ្នំពេញវិញ៖រដ្ឋបាលរាជធានីភ្នំពេញបាន រៀបចំរថយន្តក្រុងចំនួន១២០គ្រឿងដោយចេញដំណើរចាប់ពីម៉ោង៥:៣០នាទីព្រឹក។ ចំពោះ ទីតាំងចេញដំណើរទៅតាមបណ្តាខេត្តសូមមើលតារាងកម្មវិធីដូចបានភ្ជាប់ជូន។

ទោះជាយ៉ាងនេះក្តីសម្តេចតេជោក៏បានស្នើដល់ម្ចាស់ក្រុមហ៊ុននិងម្ចាស់រថយន្តដឹកជញ្ជូនអ្នកដំណើរឯកជនទាំងអស់ សូមរក្សាតម្លៃដឹកជញ្ជូននៅដដែល ដោយពុំតម្លើងថ្លៃក្នុង ឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងនេះ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូចជាជួយសម្រួលដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។

សម្តេចបានអំពាវនាវដល់ ប្រជាពលរដ្ឋគ្រប់រូបទទួលបានសុវត្ថិភាពក្នុងការធ្វើដំណើរទៅស្រុកកំណើត និងការធ្វើដំណើរទៅទីតាំងកម្សាន្តនានា ក៏ដូចជាការជួបជុំក្នុងគ្រួសារ ជាពិសេសសូមយកចិត្តទុកដាក់ថែរក្សាការពារសុខភាពទាំងអស់គ្នា ពិសេសត្រូវប្រកាន់ខ្ជាប់ ៣កុំ ៣ការពារ៕»