ធនាគារជាតិ​នៃ​កម្ពុជា​៖ កំណើនសេដ្ឋកិច្ច​នៅ​ឆមាស​ទី​១ កើន​បាន​៧% នៅ​ឆ្នាំ​២០១៧

1739
ចែករម្លែក
លោក ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា ថ្លែង​ក្នុង​ពិធី បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​ឆមាស​ទី​១ និង​ទិសដៅ​ការងារ​ឆមាស​ទី​២ ឆ្នាំ​២០១៧​

(​ភ្នំពេញ​)៖​ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា បាន​លើកឡើងថា សកម្មភាព​សេដ្ឋកិច្ចកម្ពុជា​បាន​កើនឡើង​ល្អប្រសើរ​នៅ​ឆមាស​ទី​១ និង​ត្រូវបាន​ប៉ាន់​ស្មានថា​នឹងមាន​កំណើន​៧% សម្រាប់​ឆ្នាំ​២០១៧ ដែល​រួមចំណែក​ជា​ចម្បង​ដោយ​កំណើន​វិស័យ​កាត់ដេរ សំណង់ អចលនទ្រព្យ និង​ទេសចរណ៍​។

​នេះ​ជាការ​លើកឡើង​របស់​ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា លោក ជា ចាន់តូ ថ្លែង​ក្នុងឱកាស​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​ឆមាស​ទី​១ និង​ទិសដៅ​ការងារ​ឆមាស​ទី​២ ឆ្នាំ​២០១៧ កាលពី​ព្រឹក​ថ្ងៃទី​២២ កក្កដា ២០១៧ នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ​។

​លោក​បាន​មានប្រសាសន៍ថា ភាព​រីកចម្រើន​នេះ​កើនឡើង​ព្រម​គ្នា​ជាមួយនឹង​ភាពប្រសើរឡើង​នៃ​សេដ្ឋកិច្ចពិភពលោក​។​ភាពប្រសើរឡើង​​នេះ ជា​ចម្បង​ដោយសារ​ការបន្ត​កើនឡើង​នៃ​កំណើនសេដ្ឋកិច្ច​នៅក្នុង​ប្រទេស​អភិវឌ្ឍន៍ ជាពិសេស​សហរដ្ឋអាមេរិក តំបន់​អ៊ឺ​រ៉ូ និង​ជប៉ុន ខណៈ​ប្រទេស​ចិន ល្បឿន​កំណើន​បាន​បន្ដ​ថយចុះ​បន្ដិច​ប​ន្ទួ​ច​ដូច​ការរំពឹងទុក​។

​លោក​បាន​បន្ថែមថា វិស័យ​កាត់ដេរ​នៅតែ​បន្ត​រួមចំណែក​ចម្បង​ក្នុង​កំណើន ថ្វីត្បិតតែ​អត្រាកំណើន​បាន​ថមថយ​បន្តិច​ក៏ដោយ​ក្នុង​​ពេលដែល​វិស័យ​សំណង់​បន្ត​មាន​កំណើន​រឹងមាំ ហើយ​វិស័យ​ទេសចរណ៍​មាន​សន្ទុះ​កំណើន​គួរ​ឲ្យ​កត់សម្គាល់​។ ចំណែក​វិស័យ​កសិកម្ម កំណើន​បាន​បន្ត​ងើបឡើង​ទន់ខ្សោយ​នៅឡើយ​។ ទន្ទឹមនឹងនេះ ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច និង​ស្ថិរភាព​ហិរញ្ញវត្ថុ​ត្រូវបាន​រក្សា​យ៉ាងរឹងមាំ ដែលជា​មូលដ្ឋាន​គាំទ្រ​ដល់​ការរីកចម្រើន​ប្រកបដោយ​ជវភាព​របស់​សកម្មភាព​សេដ្ឋកិច្ច​នាពេលខាងមុខ​។

​ទន្ទឹមនឹង​ភាពល្អប្រសើរ សេដ្ឋកិច្ចកម្ពុជា​ក៏​ប្រឈម​នឹង​ហានិភ័យ​មួយចំនួន ដែល​អាច​ប៉ះពាល់​ដល់​កំណើនសេដ្ឋកិច្ច​ទាំង​ខាងក្រៅ​​នឹង​ខាងក្នុង​។ កក្ក​តា​ខាងក្រៅ​រួមមាន ១-​ការឡើង​ថ្លៃ​នៃ​ប្រាក់​ដុល្លារ​អាមេរិក​នឹង​អាច​កា​ត់ប​ន្ថ​សមត្ថភាព​ប្រកួតប្រជែង​ចំពោះ​ការ​​នាំចេញ​កម្ពុជា និង​អាចមាន​ផលប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​ផងដែរ​។ ២-​ភាពមិនច្បាស់លាស់​ពី​ឥទ្ធិពល​នៃ​ការចាកចេញ​របស់​​អង់គ្លេស​ពី​សហភាព​អ៊ឺរ៉ុប លើ​ការនាំចេញ​របស់​កម្ពុជា​ទៅ​អង់គ្លេស​។ ៣-​ការកើនឡើង​នៃ​ប្រាក់​ឈ្នួល​កម្មករ​ដែល​អាច​បង្កើន​សម្ពោធ​​លើ​ថ្លៃដើម​ផលិតកម្ម​។ ៤-​ការថយចុះ​ថ្លៃ​ផលិតផល​កសិកម្ម និង​កសិឧស្សាហកម្ម​ក្នុងស្រុក​។

​លោក​ទេសាភិបាល បាន​បញ្ជាក់ថា «​ក្នុងនាម​ជា​អាជ្ញាធរ​រូបិយវត្ថុ អាជ្ញាធរ​ត្រួតពិនិត្យ​វិស័យ​ធនាគារ​និង​គ្រប់គ្រង​ប្រព័ន្ធ​ទូទាត់​សង​ប្រាក់​ ធនាគារជាតិ​នៃ​កម្ពុជា បាន​បន្ត​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​គាំទ្រ និង​ជំរុញ​កំណើនសេដ្ឋកិច្ច និង​កាត់បន្ថយ​ភាពក្រីក្រ​ពិសេស​តាម​​រយៈ​ការចូលរួមចំណែក​រក្សា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ស្ថិរភាព​ហិរញ្ញវត្ថុ ការអភិវឌ្ឍន៍​វិស័យ​ធនាគារ និង​ការធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​ទូទាត់​»​។​
​ ​
​ធនាគារជាតិ បានដាក់​ចេញ​ទិសដៅ​ការងារ​ចម្បងៗ រួមមាន​៖ ការរួមចំណែក​រក្សា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​, ការអភិវឌ្ឍ​វិស័យ​ធនាគារ និង​ការរក្សា​ស្ថិរភាព​ហិរញ្ញវត្ថុ​, ការធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​ទូទាត់ និង​ការ​លើ​កម្ពស់​សុវត្ថិភាព​បច្ចេកវិទ្យា​, ការប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​, ការពង្រឹង​កិច្ចសហប្រតិបត្តិការ​អន្ដរជាតិ និង​ការគ្រប់គ្រង និង​អភិវឌ្ឍ​ធនធានមនុស្ស​។

​សូម​រំលឹកថា វិស័យ​ធនាគារ​កម្ពុជា បាន​បន្ត​រីកចម្រើន​ប្រកបដោយ​ភាពរឹងមាំ​មាន​លក្ខណៈ​ប្រកួតប្រជែង និង​បរិ​យា​ប័ន្ន​។​គិត​ត្រឹម​​ឆមាស​ទី​១ ទ្រព្យសកម្ម​វិស័យ​ធនាគារ​មាន​កំណើន​ដល់ ១៥០​ភាគរយ នៃ ផ​.​ស​.​ស ប្រាក់​បញ្ញើ​មាន​កំណើន​ដល់ ៨៥​ភាគរយ នៃ ផ​.​ស​.​ស ចំណែក​ឥណទាន​ទៅកាន់​វិស័យ​ឯកជន​បាន​កើនឡើង​ដល់ ៩២​ភាគរយ​នៃ ផ​.​ស​.​ស​។

​យោងតាម​ការវាយតំ​លៃ​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ការអភិវឌ្ឍន​ន៍​វិស័យ​ធនាគារ​របស់​កម្ពុជា​ក្នុងដំណាក់កាល​បច្ចុប្បន្ន​នៅតែ​បន្ត​​ជំរុញ​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​។ ទន្ទឹមនឹង​ការរីកចម្រើន យ៉ាង​ឆាប់រហ័ស​នៃ​វិស័យ​ធនាគារ​ធនាគារជាតិ​នៃ​កម្ពុជា បានដាក់​​ចេញ​វិធានការ​ម៉ាក្រូ​និង​មីក្រូ ប្រុងប្រយ័ត្ន​តាម​ដំណាក់​និង​ជា​បន្តបន្ទាប់ ស្របតាម​ស្ថានភាព​ជាក់ស្តែង​ព្រមទាំង​ពង្រឹង​ការត្រួតពិនិត្យ​វិ​​ស័​យ​ធនាគារ ជាពិសេស​ផ្អែកលើ​ហានិភ័យ និង​ទស្សនៈ​អនាគត សំដៅ​រក្សា​ស្ថិរភាព​ហិរញ្ញវត្ថុ​៕​ដោយ​-​បញ្ញា​សាស្ត្រ​

ទីតាំងផ្សាយពាណិជ្ជកម្ម