​ដោយ​៖ ដេប៉ូ / ភ្នំពេញ​៖ ក្នុងជំនួប​ពិភាក្សា​ការងារ រវាង​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ជាមួយ​គណៈប្រតិភូ នៃ​វិទ្យាស្ថាន​បរិស្ថាន​កូរ៉េ (KEI) ដើម្បី​សម្ដែង​ការ គួរសម និង​ពិភាក្សា​ការងារ នា​រសៀល​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០២២ បានបង្ហាញ​ពី​ការពង្រីក កិច្ចសហប្រតិបត្តិការ ជាមួយគ្នា​បន្ថែមទៀត ។​

​ក្នុង​ពិធី​នេះ លោក បណ្ឌិត Lee Chang Hoon ប្រធាន​ប្រតិភូ KEI បាន​ជម្រាបជូន​លោក រដ្ឋមន្ត្រី​ថាៈ KEI គឺជា​ស្ថាប័ន​សិក្សា​ស្រាវជ្រាវ ផ្នែក​បរិស្ថាន​ធំជាងគេ នៅក្នុង​សាធារណរដ្ឋ​កូរ៉េ ហើយ​បច្ចុប្បន្ន KEI កំពុង​គ្រោង​នឹង​ពង្រីក​កិច្ចសហប្រតិបត្តិការ របស់ខ្លួន​បន្ថែម ជាមួយ​ស្ថាប័នរដ្ឋ និង​ស្ថាប័ន​សិក្សា ស្រាវជ្រាវ​ដទៃទៀត​នៅក្នុង​តំបន់​។​

​លោក​បណ្ឌិត បាន​បន្តថាៈ KEI ចាត់ទុក​កម្ពុជា គឺជា​ដៃគូ​ដ៏​សំខាន់ សម្រាប់​ការពង្រីក កិច្ចសហប្រតិបត្តិការ​របស់ខ្លួន ហើយ​រំពឹងថា នឹង​អាច​ចូលរួម​ក្នុងការ​អនុវត្ត គម្រោង​អាទិភាព នានា​ជាមួយ​ក្រសួងបរិស្ថាន ។​

​ជាការ​ឆ្លើយតប លោក រដ្ឋមន្ត្រី បានលើកឡើង​ថាៈ ដោយសារ​សុខសន្តិភាព ស្ថិរភាព នយោបាយ​រឹងមាំ និង​កំណើនសេដ្ឋកិច្ច​ល្អប្រសើរ ដែលជា​លទ្ធផល​នៃ​មាគ៌ា​នយោបាយ យុទ្ធសាស្ត្រ និង​គោលនយោបាយ​ដ៏​ត្រឹមត្រូវ ជា​បន្តបន្ទាប់ របស់​រាជរដ្ឋាភិបាល​កម្ពុជា មាន ឱកាស​ពេញលេញ ដើម្បី​គិតគូរ​ដោះស្រាយ បញ្ហា​ប្រឈម​បរិស្ថាន ជាអាទិ៍ បញ្ហា​សំរាម សំណល់​រឹង បញ្ហា​ទឹក​កខ្វក់ បញ្ហា​បំពុល បញ្ហា​ប្រែប្រួល អាកាសធាតុ ជាដើម​។​

​លោក រដ្ឋមន្ត្រី បាន​គូស​បញ្ជាក់ជូន​គណៈប្រតិភូ KEI អំពី​គម្រោង​អាទិភាព​មួយចំនួន ដែល ក្រសួងបរិស្ថាន បាននិងកំពុង​អនុវត្ត ជាមួយ​ដៃគូ​អភិវឌ្ឍន៍ រួមមាន ការគ្រប់គ្រង​សំរាម សំណល់​រឹង​ទីប្រជុំជន ការរៀបចំ​ទីលាន​ទុកដាក់​សំរាម ការរៀបចំ​ប្រព័ន្ធ​លូ និង​ទឹក​កខ្វក់ ទីប្រជុំជន ការរៀបចំ​ទីក្រុង​ឆ្លាត និង​ប្រកបដោយ​ចីរភាព ការជំរុញ​ការប្រើប្រាស់​ថាមពល ស្អាត និង​ការពង្រឹង​ការអនុវត្ត​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត ជាពិសេស ពាក់ព័ន្ធ​នឹង​ការ វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​និង​សង្គម​។​

​សម្រាប់​គម្រោង​ទាំងនេះ លោក​ប្រធាន​ប្រតិភូ KEI បានបញ្ជាក់​ជូន​លោក​រដ្ឋមន្ត្រី​ថា នឹង​ពិនិត្យ​លទ្ធភាព​លើ​ការប្រើប្រាស់​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ (ODA) របស់​សាធារណរដ្ឋ​កូរ៉េ ដើម្បី​ចូលរួម​ជាមួយ​ក្រសួងបរិស្ថាន ជាពិសេស​លើ​គម្រោង​គ្រប់គ្រង​សំរាម សំណល់​រឹង និង​រៀបចំ​ទីលាន​សំរាម និង​គម្រោង​រៀបចំ​ប្រព័ន្ធ​លូ និង​ទឹក​កខ្វក់​។​/V