ដោយៈ​បូកគោ / កំពត​: រមណីយដ្ឋាន ព្រមទាំង​កន្លែង​លម្ហែ​កម្សាន្ត​នានា ក្នុង​ខេត្តកំពត បាន និង​កំពុង​រៀបចំ​តុបតែង​លម្អ ក៏ដូចជា សម្អាត​បរិស្ថាន​អនាម័យ ដើម្បី​បង្កើន​ភាពសប្បាយ រីករាយ នៅតាម​ទីតាំង​របស់ខ្លួន សម្រាប់​ទាក់ទាញ​ភ្ញៀវ នាឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ខាងមុខ​។​

​លោក គឹម សាន្ត អ្នក​គ្រប់​ទូទៅ នៃ​រមណីយដ្ឋាន​ដូង​ទេរ បាន​រៀបរាប់ថាៈ សម្រាប់​ឱកាស បុណ្យ​ភ្ជុំបិណ្ឌ ខាងមុខ ដូង​ទេរ បាន​ត្រៀម​ជាស្រេច ដើម្បី​ផ្តល់​ភាពសប្បាយ​រីករាយ ជូន​ភ្ញៀវទេសចរ​ជិត​ឆ្ងាយ ដែល​មក​លម្ហែ​កម្សាន្ត​។ ក្រុមការងារ​របស់លោក បាន​ផ្តោតជាសំខាន់ លើ​ការកែលម្អ​បរិវេណ​រមណីយដ្ឋាន​ទាំងមូល ឱ្យ​បានល្អ​ស្អាត​ជាង​មុន​។ អ្វីដែល​បានគិត​គូរ ដើម្បី​បង្កើន​សោភ័ណភាព​នោះ គឺ​ការតុបតែង​តាម​លក្ខណៈ​បុណ្យប្រពៃណី ទំនៀមទម្លាប់​សាសនា​ជាតិ​តែម្តង​។​

​អ្នកគ្រប់គ្រង​ដដែល បានបញ្ជាក់​ថាៈ ជាមួយ​នោះ ក៏​មិន​ភ្លេច​នូវ​ការសម្អាត​បរិស្ថាន​អនាម័យ ពិសេស​បង្កើន​កិច្ចការពារ ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩​។ ក្នុង​បំណង​បន្ថែម ភាពសប្បាយ ជូន​ភ្ញៀវ​មក​កម្សាន្ត រមណីយដ្ឋាន​ដូង​ទេរ ក៏​នឹងមាន​ការប្រគំ​តន្ត្រី បែប​ប្រពៃណី​ផងដែរ​។​

​ស្រដៀង​គ្នា​នេះ លោក អេ​ន បុគ្គលិក​រមណីយដ្ឋាន​ឧទ្យាន​ដងព្រែក ស្ថិតនៅ​តំបន់​បណ្តុំ ទេសចរណ៍​ទឹកឈូ បាន​ប្រាប់​ឱ្យដឹងថា ដើម្បី​ទាក់ទាញ​ភ្ញៀវ ក្នុង​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ ខាងមុខ ឧទ្យាន​ដងព្រែក បានរៀបចំ​កន្លែង យ៉ាង​ស្រស់ស្អាត ពិសេស​នឹង​បន្ថែម​សកម្មភាព​កីឡា លើទឹក​មួយចំនួនទៀត​។ ចំណែក​តម្លៃ​សេវា គឺ​រក្សា​នៅ​ដដែល​។ ក្រុមការងារ ក៏​មិន​ធ្វេសប្រហែស ចំពោះ​កិច្ចការពារ​សុវត្ថិភាព​ភ្ញៀវ ជា​ចម្បង​ផងដែរ​។​

​តាម​មន្ត្រី​ជំនាញ បានបញ្ជាក់​ឱ្យដឹងថាៈ សម្រាប់​ខេត្តកំពត រៀងរាល់​ពិធី​បុណ្យទាន​ធំៗ ភ្ញៀវទេសចរ តែង​នាំគ្នា​ទៅ​លម្ហែ​កម្សាន្ត នៅ​រមណីយដ្ឋាន​នានា ដូចជា​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស បូកគោ តំបន់​បណ្តុំ​ទេសចរណ៍​ទឹកឈូ​ជាដើម​។ ម្ល៉ោះហើយ ការគិតគូ​រលើ​ផ្នែក​សោភ័ណភាព អនាម័យ បរិស្ថាន នៅ​កន្លែង​បម្រើ​សេវាកម្ម​របស់ខ្លួន ជា​រឿង​សំខាន់បំផុត​។​

​មន្ត្រី​ដដែល បានបញ្ជាក់​ថាៈ តាមរយ​:​ការចុះ​ណែនាំ ផ្សព្វផ្សាយ​ពី​មន្ត្រី​ជំនាញ សង្ឃឹមថា សេវាកម្ម​ទេសចរណ៍ នឹងមិន​ឡើងថ្លៃ​ហួសហេតុ​ទេ ពោលគឺ អាច​ក្នុង​កម្រិត​បន្តិចបន្តួច ប៉ុណ្ណោះ​៕ V / N