​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ប៊ី​ប៊ីស៊ី​) ៖ ក្រុមហ៊ុន Tesla កំពុង​ប្រមូល​រថយន្ត​ជិត ១,១ លាន​គ្រឿង​នៅ​សហរដ្ឋ​អាម៉េរិក ដោយសារ​បង្អួច​អាច​នឹង​បិទ​លឿន​ពេក ហើយ​គាប​ម្រាមដៃ​មនុស្ស​។​

​ឯកសារ​ដែល​ផលិត​ដោយ​និយតករ​អាម៉េរិក​បង្ហាញថា បង្អួច​ប្រហែលជា​មិន​មាន​ប្រតិកម្ម​ត្រឹមត្រូវ​ទេ បន្ទាប់ពី​រកឃើញ​ការស្ទះ​មួយ​។​

​រដ្ឋបាល​សុវត្ថិភាព​ចរាចរណ៍​ផ្លូវជាតិ​និយាយថា វា​ជា​ការបំពាន​ស្តង់ដារ​សុវត្ថិភាព​។​

​ក្រុមហ៊ុន Tesla និយាយថា ការ​ធ្វើ​បច្ចុប្បន្នភាព​សូ​ហ្វ​វែ​នឹង​ដោះស្រាយ​បញ្ហា​នេះ​។​

​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ដ៏​ធំ​បំផុត​របស់​ពិភពលោក​មួយ​នេះ​បាន​ខ្វែងគំនិត​គ្នា​ម្តង​ហើយ​ម្តងទៀត​ជាមួយ​និយតករ​សុវត្ថិភាព​សហព័ន្ធ ដែល​នាយក​ប្រតិបត្តិ អេ​ឡុន ម៉ាស់ ហៅថា “​ប៉ូលិស​កំប្លែង​”​។​

​ការប្រមូល​រថយន្ត​មក​វិញ​កាលពី​លើក​មុនៗ​គឺ​ដោយសារ ៖
– កាមេរ៉ា​មើល​ក្រោយ​
– គន្លឹះ​គម្រប​ក្បាល​រថយន្ត​
– ប្រព័ន្ធ​រំលឹក​ការពាក់​ខ្សែក្រវ៉ាត់​នៅ​កៅអី​
– កម្មវិធី​ប្រព័ន្ធ​សំឡេង​

​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Tesla លោក អេ​ឡុន ម៉ាស បាន​រិះគន់​ការប្រើប្រាស់​ពាក្យ “​ប្រមូល​ចូល​ឃ្លាំង​វិញ​” ដោយ​សរសេរ​នៅលើ Twitter ថា “​វាក្យ​ស័ព្ទ​ហួស​សម័យ​និង​មិន​ត្រឹមត្រូវ​។ នេះ​គ្រាន់តែ​ជាការ​អាប់​ដេត​សូ​ហ្វ​វែ​តូចតាច​សោះ​។ តាម​ដែល​ពួក​យើង​បានដឹង​គឺ​មិន​មាន​ករណី​របួស​ទេ​”​។​

​ការប្រមូល​មកវិញ​ចុងក្រោយ​បំផុត​គឺ​គ្របដណ្តប់​លើ​រថយន្ត Tesla បួន​ម៉ូ​ដែល ជា​ពិសេស​រថយន្ត Model 3 ស៊េរី ២០១៧-២២ និង​រថយន្ត Model Y SUVs ២០២០-២១ (​រថយន្ត​ប្រើប្រាស់​សម្រាប់​កីឡា​) រថយន្ត Model S និង​រថយន្ត Model X SUVs៕

 ក្រុមហ៊ុន Tesla កំពុង​ប្រមូល​រថយន្ត​ជិត ១,១ លាន​គ្រឿង​នៅ​សហរដ្ឋ​អាម៉េរិក ដោយសារ​បង្អួច​អាច​នឹង​បិទ​លឿន​ពេក ហើយ​គាប​ម្រាមដៃ​មនុស្ស