​ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា បានផ្តល់​អំណោយ​មនុស្សធម៌​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ ៣៨០​គ្រួសារ ដែល​ប្រកបរ​បរជា​អ្នក​រើស​សំរាម​នៅ​ទីលាន​ចាក់សំរាម​ខណ្ឌដង្កោ​នាឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ដើម្បី​សម្រួល​ដល់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ពួកគាត់ និង​អាច​យកទៅ​ធ្វើ​បុណ្យទាន​តា​ម​គន្លង​ព្រះពុទ្ធសាសនា​។​

​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ជា ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​រាជធានី​ភ្នំពេញ និង​លោកស្រី​បាន​នាំយក​អំណោយ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ដល់​បងប្អូន​អ្នក​រើស​សំរាម (​អេតចាយ​) ចំនួន​៣៨០​គ្រួសារ ក្នុង​ទីលាន​ចាក់សំរាម​ដង្កោ រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២២ ។​

​ក្នុងឱកាស​នោះ​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​សម្ដែង​នូវ​ការកោតសរសើរ ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ ដែល​ប្រកបមុខរបរ​រើស​អេតចាយ នៅ​ទីលាន​ចាក់សំរាម​ដង្កោ ដែល​បាន​ប្រឹងប្រែង​រើស​អេតចាយ នៅ​ទីលាន​ចាក់សំរាម ដោយ​មិនបាន​ប្រព្រឹត្ត​បទល្មើស​ដែល​ខុស​នឹង​ច្បាប់ បើទោះបី​បងប្អូន​មានការ​លំបាក​បន្តិច​ក៏ដោយ​។​

​លោក​ឃួ​ង ស្រេង បន្តថា បងប្អូន​អ្នក​រើស​អេតចាយ​នៅ​ទីលាន​ចាក់សំរាម បាន​ប្រកប​ការរកស៊ី​ដោយ​សុច្ចរិត​ទៀងត្រង់ មិន​ប្រព្រឹត្ត​នូវ​បទល្មើស លួច ឆក់ ប្លន់​ដែលជា​បទល្មើស​ខុសច្បាប់​ដែល​នេះ​ពិតជា​បានបង្ហាញ​ឱ្យឃើញថា បងប្អូន​ជា​ប្រជាពលរដ្ឋ​ល្អ រស់នៅក្នុង​សង្គម ។ លោក​ក៏បាន​ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​ប្រកបមុខរបរ​រើស​អេតចាយ ក្នុងករណី​រក​អ្វី​មិនបាន​សម្រាប់​បរិភោគ បងប្អូន​អាច​ទៅ​សាខា​កាកបាទក្រហម​ខណ្ឌដង្កោ ដើម្បី​ទទួលបាន​ស្បៀងអាហារ​សម្រាប់​ដោះស្រាយ​ក្នុង​ជីវភាព​។​

​លោក​បាន​បញ្ជាក់ថា ការផ្តល់​អំណោយ​មនុស្សធម៌​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ជូន​ដល់​បងប្អូន​ក្រីក្រ​រើស​សំរាម​នាពេលនេះ គឺ​បានបង្ហាញ​ពី​ការយកចិត្ត​ទុក ដាក់​យ៉ាងខ្លាំង​ទៅលើ​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ក្រីក្រ​នាឱកាស​រដូវ​បុណ្យទាន​នេះ ដែល​អាចឱ្យ​ពួកគាត់​មាន​ថវិកា​និង​សម្ភារ​សម្រាប់ធ្វើ​បុណ្យទាន​ឬ​ជូន​អ្នកមានគុណ​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​។​

​ក្នុងឱកាស​នោះដែរ​ឯកឧត្តម​បាន​នាំ​ការ​ផ្តាំផ្ញើ​ការសួរសុខទុក្ខ​ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​សម្តេច​ជានិច្ច​ជា​កាល​តែងតែ​គិតគូ​ដល់​បងប្អូន​មាន​ជីវភាព​ខ្វះខាត ហើយ​តែងតែ​ណែនាំ​ដល់​យើងខ្ញុំ​ទាំងអស់គ្នា និង​កៀគរ​សប្បុរសជន​ទាំងអស់ ឱ្យ​យល់ ឱ្យឃើញ និង​ធ្វើការ​ចែករំលែក​ជា​អំណោយ ថវិកា សម្ភារៈ និង​ស្បៀងអាហារ ជូន​ដល់​បងប្អូន​អ្នកក្រីក្រ​ដែល​នេះ​ជា​ទឹកចិត្ត​មិនអាច​ខ្វះ​បាន របស់​ប្រមុខ​រាជរដ្ឋាភិបាល ក៏ដូចជា​ប្រមុខ​កាកបាទក្រហមកម្ពុជា​យើង »​។​

​គួរ​បញ្ជាក់ថា អំណោយ​ដែល​បានប្រគល់​ជូន​នេះ រួមមាន​៖ អង្ករ​៣០​គីឡូក្រាម មី​០១​កេស​តូច ទឹកត្រី​០១​យួរ ទឹកស៊ីអ៊ីវ​០១​យួរ ត្រីខកំប៉ុង​០១​ដុំ ទឹក​សុទ្ធ​មួយ​កេស​និង​ថវិកា​ចំនួន​៤០.០០០​រៀល ក្នុង​មួយ​គ្រួសារ ដើម្បី​រួមចំណែក និង​កាត់បន្ថយ​ការចំណាយ ក្នុង​ជីវភាព​គ្រួ​សារបាន​មួយចំណែក​៕