ដោយៈទូច វណ្ណេត បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម/កំពង់ចាម៖នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម ទទួលស្វាគមន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមមកពីស្រុកកំពង់សៀម មកចូលរួមស្តាប់និងទស្សនាការផ្សាយបន្តផ្ទាល់ការប្រកាសសាលដីកាបណ្តឹងសាទុក្ខក្នុងសំណុំរឿង ០០២/០២ ពាក់ព័ន្ធនឹងខៀវសំផនរបស់តុលាការកំពូលនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាចាប់ពីវេលាម៉ោង៩:៣០ព្រឹក ដល់ ម៉ោង១២ ថ្ងៃត្រង់។

នៅចុងបញ្ចប់នៃសវនាការ អង្គជំនុំជម្រះតុលាការកំពូលប្រកាសសម្រេចដាក់ពន្ធនាគារ ខៀវ សំផនអស់មួយជីវិត ក្នុងសំណុំរឿង០០២/០២ ដែលត្រូវអនុវត្តត្រួតគ្នាជាមួយនឹងទោសដាក់ពន្ធនាគារអស់មួយជីវិតរបស់ ខៀវ សំផន នៅក្នុងសំណុំរឿង​០០២/០១ កន្លងមក។ អង្គជំនុំជម្រះតុលាការកំពូលបង្គាប់ឲ្យ ខៀវ សំផនត្រូវស្ថិតនៅក្នុងមន្ទីរ ឃុំឃាំងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា រង់ចាំការចេញសាលដីកាមានសំអាងហេតុពេញលេញ និងការបញ្ចប់នូវការរៀបចំសម្រាប់ផ្ទេរដោយអនុលោមតាមច្បាប់ទៅពន្ធនាគារដែលគាត់ត្រូវបន្តអនុវត្តទោសរបស់គាត់។

អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលចូលរួមស្តាប់និងទស្សនាការប្រកាសសាលដីការបស់តុលាការកំពូលនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានបង្ហាញនូវការយល់ឃើញដូចខាងក្រោម ៖
ខ្ញុំឈ្មោះ តុង ស៊ីថាត់ អាយុ៦៦ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងបច្ចុប្បន្នរស់នៅភូមិកំពង់ក្របី ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ខ្ញុំមិនដែលមើលការប្រកាសសាលដីកានិងការកាត់ទោសមេដឹកនាំ ខ្មែរក្រហមពីមុនមកទេ។ ខ្ញុំឃើញមានការលើកឡើងជាច្រើនអំពីបទឧក្រិដ្ឋរបស់ ខៀវ សំផន។ ខ្ញុំឯកភាពថា ការកាត់ទោសរបស់មេដឹកនាំខ្មែរក្រហម គឺពិតជាត្រឹមត្រូវ។ ខ្ញុំយល់ថា លោក ខៀវ សំផនទទួលទោសនូវអ្វីដែល គាត់បានសាងពីមុនមកគ្រប់យ៉ាងទាំងអស់។

ខ្ញុំឈ្មោះ បួន ឈុនឡោម អាយុ៦៧ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនិងបច្ចុប្បន្នរស់នៅភូមិចំការ សាមសិប ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ខ្ញុំមិនដែលធ្លាប់មើលការកាត់ទោសមេដឹកនាំខ្មែរក្រហមនោះឡើយ។ខ្ញុំឃើញខៀវសំផននៅក្នុងតុលាការខ្មែរក្រហម ជាលើកដំបូង គឺនៅពេលនេះតែម្ដង។ ខ្ញុំឃើញ ខៀវ សំផន មានសភាពជរា និងធាត់។

ខ្ញុំនឹកឃើញបទពិសោធន៍ដែលខ្ញុំឆ្លងកាត់ក្នុងរបបខ្មែរក្រហម គឺវេទនាខ្លាំងណាស់។នៅពេលដែលខ្ញុំឃើញមាន បរទេសនៅក្នុងបន្ទប់សវនាការ ខ្ញុំយល់ថា នេះជាការល្អដែលមានការដឹងឮជាអន្តរជាតិ។ខ្ញុំមិនយល់ស្របចំពោះ ការលើកឡើងរបស់លោក ខៀវ សំផនថាគាត់មិនបានដឹងឮនិងទទួលស្គាល់អំពើរបស់គាត់ក្នុងរបបខ្មែរក្រហមទេ។ ប្រជាជនក្មេងចាស់បានស្លាប់ និងរងទុក្ខវេទនាខ្លាំងណាស់នៅពេលនោះ។

ខ្ញុំឈ្មោះ យួង យុន អាយុ៧៧ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងបច្ចុប្បន្នរស់នៅភូមិគគរ១ ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ខ្ញុំធ្លាប់មើលការកាត់ទោសមេដឹកនាំខ្មែរក្រហមតាមរយៈការផ្សាយបន្តផ្ទាល់នៅតាមទូរទស្សន៍។ខ្ញុំគាំទ្រចំពោះការ កាត់ទោសមេដឹកនាំខ្មែរក្រហមដែលបានធ្វើបាបប្រជាជនខ្មែរយ៉ាងព្រៃផ្សៃឃោរឃៅដែលប្រជាជនមិនដែលបានជួបប្រទះពីមុនមក។ ការកាត់ទោស ខៀវ សំផន គឺពិតជាត្រឹមត្រូវ៕សរន

អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមមកពីស្រុកកំពង់សៀមមកចូលរួមស្តាប់និងទស្សនាការផ្សាយបន្តផ្ទាល់ការប្រកាសសាលដីកាបណ្តឹងសាទុក្ខក្នុងសំណុំរឿង ០០២/០២ ពាក់ព័ន្ធនឹង ខៀវ សំផនរបស់តុលាការកំពូលនៃអង្គ ជំនុំជម្រះវិសាមញ្ញក្នុងតុលាការ​​កម្ពុជា ដែលរៀបចំដោយមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាមកាលពីវេលាម៉ោង ៩:៣០ព្រឹក ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២។ (ស៊ាង ចិន្តា/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)