ដោយ​៖ ដេប៉ូ / ភ្នំពេញ​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នា​រសៀល​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០២២ បានអនុញ្ញាត​ឲ្យ លោក Nguyen Huy Tang ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​នូវ​ការគួរសម និង​ពិភាក្សា​ការងារ ពាក់ព័ន្ធ​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ទីស្តីការក្រសួង​ការងារ​។​

​លោក អ៊ិត សំហេង បាន​សម្តែង​នូវ​ការអបអរសាទរ​ជូន​ចំពោះ​លោក Nguyen Huy Tang ដែល​ទទួលបាន​ការតែងតាំង ជា​ឯកអគ្គរដ្ឋទូត​ពេញ​សមត្ថភាព សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ប្រចាំ​កម្ពុជា លោក រដ្ឋមន្ត្រី​រំពឹងថាៈ ក្រោម​កិច្ចការងារ​ការទូតរ​ប​ស់លោក នឹងធ្វើ​ឲ្យ​ទំនាក់ទំនង រវាង​ប្រទេស​ទាំងពីរ មាន​កិច្ចសហប្រតិបត្តិការ រីកចម្រើន​លើ​គ្រប់​វិស័យ​បន្ថែមទៀត​។​

​នាឱកាស​នោះដែរ លោក​ឯកអគ្គរដ្ឋទូត បាន​វាយតម្លៃ​ខ្ពស់ និង​ពាំនាំ​សេចក្តី​សួរសុខទុក្ខ ពី​រដ្ឋមន្ត្រីក្រសួង​ការងារ ជនពិការ និង​សង្គមកិច្ច នៃ​សាធារណរដ្ឋ សង្គមនិយម​វៀតណាម ជូន​ដល់​លោក​បណ្ឌិត អ៊ិត សំហេង និង​ថ្នាក់ដឹកនាំ​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​កម្ពុជា ដែល​បានធ្វើ​កិច្ចសហការ យ៉ាង​ជិតស្និទ្ធ និង​ជោគជ័យ ជាមួយគ្នា​កន្លងមក​។​

​លោក ឯកអគ្គរដ្ឋទូត មើលឃើញ​ពី​ការអភិវឌ្ឍ​រីកចម្រើន នៅតាម​បណ្តា​រាជធានី​-​ខេត្ត និង​ជីវភាព​ពលរដ្ឋ​កម្ពុជា មាន​ភាព​ធូរធារ នេះ​ដោយមាន​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់ រាជរដ្ឋាភិបាល​កម្ពុជា​។​

​លោក ឯកអគ្គរដ្ឋទូត បាន​ថ្លែងអំណរគុណ​ជាថ្មី​ម្តងទៀត ជូន​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​កន្លងមក បាន​លើកទឹកចិត្ត ដល់​ធុរកិច្ច​វៀតណាម ឲ្យ​មក​វិនិយោគ​នៅ​ប្រទេស​កម្ពុជា នៅតាម​គម្រោង​នានា ដូចជា សេវាកម្ម ធនាគារ ពិសេស ក​សិ​-​ឧស្សាហកម្ម​។​

​ជាមួយនេះដែរ លោក ឯកអគ្គរដ្ឋទូត ក៏បាន​អញ្ជើញលោក​បណ្ឌិត អ៊ិត សំហេង ដឹកនាំ​គណៈប្រតិភូ​ទៅ​បំពេញ​ទស្សនកិច្ច​ការងារ នៅ​ប្រទេស​វៀតណាម នាពេល​ឆាប់ៗ ខាងមុខនេះ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ លើ​វិស័យ​ការងារ និង​បណ្តុះបណ្តាល វិជ្ជាជីវៈ របស់​ប្រទេស​ទាំងពីរ ឲ្យ​កាន់តែ​រីកចម្រើន​។​

​ឆ្លើយតប​ទៅនឹង​ការអញ្ជើញ​របស់លោក​ឯ​ក​អគ្គរដ្ឋទូត លោក​រដ្ឋមន្ត្រី បាន​ទទួលយក នូវ​សំណើ​នេះ ថា​នឹង​ដឹកនាំ​គណៈប្រតិភូ ទៅ​បំពេញ​ទស្សនកិច្ច​នៅ​សាធារណរដ្ឋ សង្គមនិយម​វៀតណាម នៅ​ចុង​ឆ្នាំនេះ​។​

​លោក រដ្ឋមន្ត្រី បានបញ្ជាក់​ថាៈ នឹង​បញ្ជូន​ក្រុមការងារ​កម្រិត​បច្ចេក​ទេស ដើម្បី​ពិនិត្យ​ពី វឌ្ឍនភាព នៃ​ការអនុវត្ត​អនុស្សរណៈ នៃ​ការយោគយល់​គ្នា ចែករំលែក​ឧ​ត្ត​មា​នុ​វត្ត និង​ពិភាក្សា​ដោះស្រាយ បញ្ហា​ប្រឈម ជាមួយ​ក្រសួង​ការងារ ជនពិការ និង​សង្គមកិច្ច នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ផងដែរ​។​

​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៧ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល វិជ្ជាជីវៈ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួង​ការងារ ជនពិការ និង​សង្គមកិច្ច នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម បាន​ចុះ​អនុស្សរណៈ នៃ​ការយោគយល់​គ្នា ស្ដីពី​កិច្ចសហប្រតិបត្តិការ លើ​វិស័យ​ការងារ សម្រាប់​រយៈពេល ៥ ឆ្នាំ​។
​អនុស្សរណៈ​នេះ មាន​គោលបំណង​៖
១. ការផ្លាស់ប្តូរ​ប្រព័ន្ធ​កម្មវិធី ការសិក្សា ជំនាញ​ឯកទេស ការស្រាវជ្រាវ ការសិក្សា និង​ព័ត៌មាន​ពាក់ព័ន្ធ​វិស័យ​នានា ការសិក្សា​ប្រៀបធៀប លើ​វិស័យ​ការងារ​មុខរបរ ការបណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​រដ្ឋបាល​ការងារ ដូចជា​ការចរចា​ជា​សមូហភាព ការដាក់ឱ្យ​អនុវត្ត និង​ការអនុវត្ត​ច្បាប់ ការដោះស្រាយ​វិវាទ​ការងារ សន្តិសុខ​សង្គម ការ​គាំពារ​ពលកម្ម​សេរីភាព ខាង​សមាគម សុខភាព និង​សុវត្ថិភាព​ការងារ​ការគ្រប់គ្រង ហត្ថពល​កម្ម​បរទេស និង​ការផ្លាស់ប្ដូរ​ព័ត៌មាន ទៅលើ​ការពង្រឹង​ផលិតភាព​ការងារ​។​
២. ការលើកទឹកចិត្ត​ការ​ផ្លាស់ប្តូរ​ទស្សនៈកិច្ច រវាង​មន្ត្រី​ទទួលបន្ទុក និង​មន្ត្រី​ជំនាញ​។​
៣. ការគ្រប់គ្រង​ទេសន្តរប្រវេសន៍​ការងារ​រវាង​ប្រទេស​ទាំងពីរ​។​
៤.​ការផ្លាស់ប្ដូរ​ព័ត៌មាន ដើម្បី​ទប់ស្កាត់​ការជ្រើសរើស និង​ប្រើប្រាស់​ពលករ​ខុសច្បាប់ ក៏ដូចជា​ការបង្ការ និង​ប្រយុទ្ធប្រឆាំង​ការកេងប្រវ័ញ្ច​កម្លាំង​ពលកម្ម និង​ការជួញដូរ​មនុស្ស​៕ V / N