ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ក្រៅផ្លូវការ​របស់ រដ្ឋមន្ត្រីការបរទេស​អាស៊ាន (IAMM) ប្រចាំឆ្នាំ ក្នុងឱកាស​នៃ​សម័យប្រជុំ​លើក​ទី​៧៧ នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ (UNGA) នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០២២ ។​

​យោងតាម​សេចក្តី​ក្រ​កាស​ព័ត៌មាន​របស់ ក្រសួងការបរទេស​ក​ម្ពុ​ជា ដែល​បាន​ផ្សព្វផ្សាយ នៅ​ថ្ងៃទី​២៣ ខែកញ្ញា នេះ បាន​ឲ្យ​ដឹងថាៈ កិច្ចប្រជុំ បាន​ផ្លាស់ប្តូរ​ទស្សនៈ អំពី​បេក្ខភាព របស់​ប្រទេស ជា​សមាជិក​អាស៊ាន នៅក្នុង​ស្ថាប័ន​អង្គការសហប្រជាជាតិ និង​អង្គការ​អន្តរជាតិ​នានា និង​បាន​ឯកភាពគ្នា​ថា ការបន្ត​លើកកម្ពស់​បេក្ខភាព​អាស៊ាន និង​លើក​មុខមាត់ និង​សារសំខាន់​របស់​អាស៊ាន លើ​ឆាក​អន្តរជាតិ​បន្ថែមទៀត​។

​រូប​ថ​តៈ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​

​ឆ្លៀត​ក្នុងឱកាស​នោះ កម្ពុជា​បាន​ស្វែងរក​ការគាំទ្រ​ពី​ប្រទេស ជា​សមាជិក​អាស៊ាន ដទៃទៀត សម្រាប់​សមាជិកភាពរ​បស់​កម្ពុជា នៅក្នុង​គណៈកម្មាធិការ​រៀបចំ នៃ​គណៈកម្មការ​កសាង​សន្តិភាព (Organizational Committee of the Peacebuilding Commission-OCPBC) សម្រាប់​អាណត្តិ ២០២៥-២០២៦ និង​ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង​សង្គម (ECOSOC) សម្រាប់​អាណត្តិ ២០២៨-២០៣០ ។

​ក្រសួងការបរទេស​ក​ម្ពុ​ជា បាន​បន្តថាៈ ចំពោះ​ទំនាក់ទំនង​អាស៊ាន និង​ដៃគូ​ខាងក្រៅ កិច្ច​ប្រជុំបាន​ស្វាគមន៍ ចំពោះ​ការចូល​ជា​សមាជិក នៅក្នុង​សន្ធិសញ្ញា​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ នៅ​អាស៊ីអាគ្នេយ៍ (TAC) ដែល​បច្ចុប្បន្ន មាន​ចំនួន ៤៩ ភាគី បន្ទាប់ពី​ប្រទេស​ចំនួន ៦ បន្ថែមទៀត បាន​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​នេះ កាលពី​ខែសីហា ឆ្នាំនេះ និង​បាន​យល់ព្រម​ទទួលយក​ការចូល​ជា​សមាជិក​របស់ ប្រទេស​អេ​ស្ប៉ា​ញ និង អ៊ុយ​ក្រែ​ន​។

​រូប​ថ​តៈ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​

ពាក់ព័ន្ធ​នឹង​ការរៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​៤០ និង ៤១ និង​កិច្ចប្រជុំ​កំពូល ពាក់ព័ន្ធ នៅ​រាជធានី​ភ្នំពេញ ពីថ្ងៃ​ទី ១០-១៣ ខែវិច្ឆិកា ឆ្នាំ ២០២២ ខាងមុខនេះ លោក​ឧបនាយករដ្ឋមន្ដ្រី បាន​ជម្រាបជូន​អង្គប្រជុំ អំពី​ការត្រៀម​រៀបចំ និង​កម្មវិធី បណ្ដោះអាសន្ន ហើយ​បាន​សម្ដែង​នូវ​ការវាយតម្លៃ​ខ្ពស់ ចំពោះ​ការគាំទ្រ​យ៉ាង​ពេញទំហឹង របស់​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំងអស់ ដើម្បី​ធានាបាន​នូវ​លទ្ធផល​សំខាន់ៗ នៃ​កិច្ចប្រជុំ​កំពូល​នេះ ក៏ដូចជា​កិច្ចសន្ទនា​ជា​សកល​របស់​អាស៊ាន លើក​ទី​២ ស្ដីពី​ការស្ដារ​ឡើងវិញ គ្រប់​ជ្រុងជ្រោយ ក្រោយ​ជំងឺ​កូ​វីដ​-១៩ ដែលជា​ព្រឹត្តិការណ៍ អម​មួយ​ដ៏​សំខាន់​។​

​ក្រសួងការបរទេស បាន​បន្តទៀតថាៈ ក្រៅពី​កិច្ចខិតខំ​ប្រឹងប្រែង​កសាង​សហគមន៍ អាស៊ាន អង្គប្រជុំ ក៏បាន​ផ្លាស់ប្តូរ​ទស្សនៈ​យោបល់​គ្នា អំពី​ស្ថានភាព​ក្នុងប្រទេស​មី​យ៉ាន់​ម៉ា និង​ការតាមដាន​អនុវត្តន៍​ការព្រមព្រៀង​ជា​ឯកច្ឆន្ទ​ប្រាំ​ចំណុច (5PC) ដែល​បាន​ឯកភាព គ្នា នៅក្នុង​កិច្ចប្រជុំ​របស់​ថ្នាក់ដឹកនាំ​អាស៊ាន កាល​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០២១​។​

​ឧបនាយករដ្ឋមន្ត្រី រួមជាមួយ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន ផ្សេងៗ​ទៀត បានបញ្ជាក់ សារជាថ្មី ពី​សារៈសំខាន់ នៃ​កា​រព​ន្លឿ​ន​វឌ្ឍនភាព ក្នុងការ​អនុវត្ត 5PC នៅក្នុង​កាលៈទេសៈ ដ៏​គ្រោះថ្នាក់​នៃ​ភាព​តានតឹង ភូមិសាស្ត្រ​នយោបាយ នាពេល​បច្ចុប្បន្ននេះ​៕/V​