ដោយៈសុផល/ភ្នំពេញ៖ស្ថាប័ន​អប់រំ​ថ្មី​មួយ​របស់​បណ្តាញ​គ្រឹះស្ថាន​អប់រំ វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប គឺ​សាលារៀន​សហគមន៍​២១ សាខា​ទី​២​ព្រែក​អញ្ចាញ​ត្រូវបាន​បើកសម្ពោធ​ដាក់​ឲ្យ​ដំណើរការ​នា​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០២២ ដើម្បី​ចូលរួមចំណែក​អភិវឌ្ឍ​ធនធានមនុស្ស និង​លើកកម្ពស់​សេដ្ឋកិច្ច​ក្នុង​សហគមន៍​ឱ្យ​កាន់តែ​ប្រសើរ ឡើង​ថែមទៀត​។​

​នាឱកាស​បើក​សាលារៀន​សហគមន៍​២១ សាខា​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្តាល ឧកញ៉ា ប៉ិច បូ​ឡែ​ន អគ្គនាយក​បណ្តាញ​គ្រឹះស្ថាន​អប់រំ វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប បាន​មានប្រសាសន៍ថា “​ការបើក​សាលារៀន​មិនមែន​ត្រឹមតែ​រកប្រាក់​ចំណេញ​ជា​គោល​នោះទេ គឺ​ដើម្បី​ផលិត​ធនធានមនុស្ស​ប្រកបដោយ​គុណភាព​ខ្ពស់​ក្នុង​ការ ចូលរួម​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ​ផងដែរ​។ជាក់ស្តែង​ការបើក​សាលារៀន​សហគមន៍​២១​នេះ​គឺ​ដើម្បី​ចូលរួម​លើកកម្ពស់​សេដ្ឋកិច្ច​នៅក្នុង​សហគមន៍​ឱ្យបាន​កាន់តែ​ប្រសើរ ឡើង​ថែមទៀត ព្រោះថា​សាលា​ក្រៅពី​មាន​កម្មវិធីសិក្សា​តាម​ក្រសួង​អប់រំ យុវជន និង​កីឡា​ហើយ សាលារៀន​សហគមន៍​២១ ក៏មាន​បញ្ចូល​នូវ​កម្មវិធីសិក្សា​តាមបែប​ទំនើប​ដូច​ជាក​ម្ម​វិធី​សិក្សា​តាម​បំ​ណិ​ន​ជីវិត​សតវត្សរ៍​ទី​២១ ដែល​នឹង​ជួយ​ឱ្យ​សិស្ស​ចេះ​ជំនាញ​ត្រិះរិះ​ពិចារណា ចេះ​សហការ ចេះ​ធ្វើការ​ជា​ក្រុម ចេះ​ជំនាញ​បច្ចេកវិទ្យា និង​ជំនាញ​កុំព្យូទ័រ​ជាដើម​។​”

​ឧកញ៉ា ប៉ិច បូ​ឡែ​ន បានលើកឡើង​ទៀតថាសាលា​ក៏បាន​បញ្ចូល​កម្មវិធីសិក្សា​ទំលាប់​ល្អ​ទាំង​៧ របស់​បុគ្គល​ឆ្នើម​មកពី​សហរដ្ឋអាមេរិក ដែល​ជួយ​អប់រំ​ផ្នត់គំនិត​សិស្ស​មាន​អត្ថ​ច​រិ​ក និង​ឥរិយាបថ​ល្អ កម្មវិធីសិក្សា​ចំណេះដឹង​ហិរញ្ញវត្ថុ​មកពី​ប្រទេស​សឹង្ហ​បុរី សម្រាប់​បង្រៀន​ឱ្យ​សិស្ស​ចេះ​ប្រើប្រាស់​និង​គ្រប់គ្រង​ថវិកា​បានល្អ ចៀស​ផុតពី​សម្ភារ​និយម ចេះ​វិនិយោគនិង​ចេះ​សន្សំសំចៃ​។​

​ម្ចាស់​គ្រឹះ​អប់រំ​ខាងលើ​បាន​បញ្ជាក់ថា ចំពោះ​គ្រូបង្រៀន​ជនជាតិខ្មែរ និង​បរទេស​មានបទពិសោធន៍ និង​ឆ្លងកាត់​វគ្គ​បណ្តុះបណ្តាល និង​វគ្គ​បំប៉ន​សមត្ថភាព​ផ្សេងៗ ចំណែក ឯ​កម្មវិធីសិក្សា និង​កម្មវិធី​គាំទ្រ​វិញ​មាន​ដូច​បណ្តាញ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍​ដទៃទៀត​ដែរ​។ លើសពីនេះ សាលារៀន​សហគមន៍​២១​នឹង​បញ្ចូល​ជំនាញ​វិជ្ជាជីវៈ​ដល់​សិស្ស​ថ្នាក់​ទី​១០​ឡើងទៅ ដើម្បីឱ្យ​ពួកគាត់​មាន​ជំនាញ​មួយ​ច្បាស់លាស់​សម្រាប់​ខ្លួនឯង ក្រោយពី​បញ្ចប់​ថ្នាក់​ទី​១២ ហើយ​ពួកគាត់​អាចនឹងទទួល​បានការ​ងារ និង​ចំណូល​សមរម្យ​សម្រាប់​គាំទ្រ​ជីវភាព​ខ្លួនឯងនិង​ក្រុមគ្រួសារ​ទៀតផង​។

​ជាមួយគ្នា​នោះដែរ លោកស្រី ដឹប អេង អភិបាលរង​ស្រុក​មុខកំពូល​បាន​សម្តែង​ចូលរួម​អបអរសាទរ និង​បានចាត់ទុក​សាលារៀន​សហគមន៍​២១ មាន​សារសំខាន់​ណាស់​ក្នុងការ​អភិវឌ្ឍ​ធនធានមនុស្ស និង​កាត់បន្ថយ​ភាពក្រីក្រ​។ លោកស្រី​ក៏បាន​ជំ​រុញឱ្យ​មាតាបិតា​យកចិត្តទុកដាក់​បណ្តុះបណ្តាល​បុត្រ​ធីតា របស់ខ្លួន​ឱ្យបាន​ល្អ​ព្រោះថា​ពួកគាត់ គឺជា​ធនធាន​ដ៏​មាន​សក្តានុពល​សម្រាប់​អភិវឌ្ឍន៍​ប្រទេសជាតិ​ទៅ​ថ្ងៃ​អនាគត​។​

សូមបញ្ជាក់ថា សាលារៀន​សហគមន៍​២១ គឺជា​បណ្តាញ​គ្រឹះស្ថាន​អប់រំ និង​បណ្តុះបណ្តាល វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប និង​មាន​៣​សាខា​៖ សាខា​ក្រាំ​ធ្នង់ សាខា​ព្រែក​អញ្ចាញ និង​សាខា​ផ្សារ​គគីរ ព្រមទាំង​មានកម្ម​វិធី​អប់រំ​ទូទៅ​ភាសា​ខ្មែរ ចាប់ពី​ថ្នាក់​ម​ត្តេ​យ្យ​ដល់​កម្រិត​បឋមសិក្សា​ដោយ​អនុវត្តតាម​ប្រព័ន្ធ​អប់រំ​ជាតិ កម្មវិធី​ម​ត្តេ​យ្យ​ភាសា​អង់គ្លេស កម្មវិធី​ភាសា​អង់គ្លេស និង​ការបណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​វិជ្ជាជីវៈ​នៅ​កម្រិត​វិទ្យាល័យ​ក្នុងតម្លៃ​សមរម្យ ថ្នាក់​រៀនមាន​ម៉ាស៊ីនត្រជាក់ អនាម័យ​ល្អ វិន័យ​ល្អ និង​សុវត្ថិភាព ព្រមទាំង​មាន​ប្រព័ន្ធ​ទំនាក់ទំនង​បច្ចេកវិទ្យា​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​៕Ph