ដោយៈ​ប​.​ខុន / ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ព្រឹក​ថ្ងៃទី​២៣ ខែកញ្ញា បាន​អញ្ជើញ​ចុះ​ពិនិត្យ​ស្ថានភាព​ជំនន់​ទឹកភ្លៀង នៅ​បណ្តា​ខេត្ត​ភាគ​ពាយព្យ ដោយមាន​ការ​អមដំណើរ ពី​ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តបាត់ដំបង បន្ទាយមានជ័យ ឧ​ត្ត​រ​មានជ័យ និង​ខេត្តសៀមរាប ព្រមទាំង​ក្រុមមន្ត្រី​បច្ចេកទេស ដោយ​ចាប់ផ្តើម​ពី​ទំនប់​ប្រឡាយ​កុមារ ជា​តំបន់​ប្រសព្វ​គ្នា រវាង​ខេត្តបន្ទាយមានជ័យ ឧ​ត្ត​រ​មានជ័យ និង សៀមរាប​។​

​លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម អញ្ជើញ​ចុះ​ពិនិត្យ​ផ្ទាល់ នៅថ្ងៃនេះ ដើម្បី​វាយតម្លៃ​ស្ថានភាព​ជំនន់ នៅ​តំបន់​ទំនាប​ជុំវិញ​បឹង​ទន្លេសាប និង​ឈានទៅ​មាន​វិធានការ ជា​យុទ្ធសាស្ត្រ ដែល​អាចអនុវត្ត ក្នុង​រយៈពេល​ខ្លី មធ្យម និង​រយៈពេល​វែង សម្រាប់​បញ្ចៀស​ការលិចលង់​នានា ដែល​តែងតែ​កើតមានឡើង​។​
​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ត្រៀម​គ្រប់​មធ្យោបាយ ទាំង​សម្ភារៈ គ្រឿងចក្រ និង​កម្លាំង​មន្ត្រី ប្រចាំការ​នៅ​គ្រប់មុខ​ព្រួញ រាជធានី​-​ខេត្ត ដើម្បី​ជួយ​អន្តរាគមន៍ ឲ្យ​បាន​ទាន់ពេលវេលា ។

​នៅក្នុង​ឱកាស​ខាងលើ លោក​រដ្ឋមន្ត្រី បានដាក់​ផែនការ និង​ណែនាំ​ដល់​មន្ទីរ និង មន្ត្រី​ជំនាញ ឱ្យធ្វើ​ការជួសជុល​ជាបន្ទាន់ នូវ​ប្រព័ន្ធធារាសាស្ត្រ​ណា ដែល​រង​ការ​ខូ​ត​ខាត ដោយ​ជំនន់ បន្ទាប់ពី​ទឹក​ចាប់ផ្តើម​ស្រក​ភ្លាមៗ ដើម្បី​រក្សា​ទឹក​ទុក​ឱ្យបាន​គ្រប់គ្រាន់ សម្រាប់​បម្រើ​ដល់​ការ​បង្កបង្កើនផល និង​ទឹក​ប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំថ្ងៃ នា​រដូវប្រាំង ខាងមុខ​៕ V / N