​ដោយ​: ពៅ​និមល / ភ្នំពេញ​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បានទទួល​ជួបពិភាក្សា​ការងារ ជាមួយ​លោកស្រី Armida Salsiah Alisjahbana អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និង​ជានា​យក​ប្រតិបត្តិ (Executive Secretary) របស់​អង្គការ UNESCAP ប្រចាំ​ទីក្រុង​បាងកក នា​អំឡុងពេល​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម វិនិយោគ និង​ឧស្សាហកម្ម របស់​ក្រុម​ប្រទេស G20 នៅ​ទីក្រុង​បាលី ប្រទេស​ឥណ្ឌូណេស៊ី​។​

​តាម​ការលើកឡើង​រប​ស់​ក្រសួងពាណិជ្ជកម្ម នៅក្នុង​បណ្តាញ​សង្គម នៅ​ព្រឹក​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២២ នេះ បាន​ឲ្យ​ដឹងថាៈ ជា​កិច្ច​ចាប់ផ្ដើម លោក​រដ្ឋមន្ត្រី បាន​សំដែង​ការស្វាគមន៍ និង​អរគុណ​ចំពោះ​លោកស្រី ដែល​បាន​ស្នើឡើង​នូវ​ជំនួប ពិភាក្សា​ការងារ​នេះ និង​បានលើកឡើង អំពី​តួនាទី​ដ៏​សំខាន់​របស់​អង្គការ UNESCAP នៅក្នុង​សកម្មភាព​ជំរុញ និង​សម្រួល​ពាណិជ្ជកម្ម ជាពិសេស លើ​ការជំរុញ​ក្របខ័ណ្ឌ​ពាណិជ្ជកម្ម អេឡិចត្រូនិក​។​

​លោក​បាន​បន្តថាៈ កម្ពុជា​បាន​ចូលរួម ក្នុង​សកម្មភាព​ជាច្រើន​របស់​អង្គការ UNESCAP ដែលមាន​ដូចជា ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន ដោយ​មិន​ប្រើ​ក្រដាស ស្នាម ការត្រួតពិនិត្យ​បទ​ប្ប​ញ្ញ​តិ្ត​ពាណិជ្ជកម្ម ឌីជីថល និង​សកម្មភាព​ផ្សេងៗ​ទៀត ដែល​ជួយ​ជំរុញ​ការអភិវឌ្ឍ​របស់​កម្ពុ​ជា​។​

​ជាការ​ឆ្លើយតប លោកស្រី អគ្គលេខាធិការរង ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​លោក​រដ្ឋមន្ត្រី ក្នុងការ​ផ្ដល់ឱកាស​ក្នុងការ​ពិភាក្សា​ចែករំលែក​នូវ​ទស្សនាទាន​ល្អៗ ចំពោះ​វឌ្ឍនភាព​ការអនុវត្ត​របៀបវារៈ ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ឆ្នាំ​២០៣០ ជាពិសេស​ទៅលើ​បញ្ហា​ពាក់ព័ន្ធ​នឹង​វិស័យ​ពាណិជ្ជកម្ម ដូចជា កិច្ច​សម្រួល​ពាណិជ្ជកម្ម និង​សកម្មភាព​សហប្រតិបត្តិ​ការ ក៏ដូចជា​សមាហរណកម្ម​តំបន់​។ បន្ថែម​ពីនេះ លោកស្រី បាន​កោតសរសើរ​ដល់​កម្ពុជា ចំពោះ​ការចូលរួម​យ៉ាងសកម្ម ក្នុង​សកម្មភាព​នានា ជាមួយ​អង្គការ​នាពេល​កន្លងមក​។​

​ក្រសួងពាណិជ្ជកម្ម បានលើកឡើង​ថាៈ ក្នុងឱកាស​នោះ ភាគី​ទាំងពីរ បាន​សង្កត់ធ្ងន់​អំពី ការងារ​មួយចំនួន ដែល​ត្រូវធ្វើ​ដើម្បី​សម្រេចបាន​នូវ​របៀបវារៈ នៃ​ការអភិវឌ្ឍ​ប្រកបដោយ ចីរភាព ឆ្នាំ​២០៣០ ជាពិសេស​ការវាយតម្លៃ​ឡើងវិញ លើ​គ្រប់​បណ្ដា​ផ្នែក​ពាក់ព័ន្ធ រួមមាន ពេលវេលា​កំណត់ (timeframe) ទិសដៅ​យុទ្ធសាស្ត្រ (strategic directions) ផែនការ​សកម្មភាព (action plans) និង​ធនធាន (resources) ដែលមាន​សម្រាប់​ការអភិវឌ្ឍ​របៀបវារៈ​ទាំងនោះ ក្រោយ​វិបត្តិ​កូ​វីដ -១៩ ។ ជាមួយគ្នានេះ ភាគី​ទាំង​ទាំងពីរ បាន​រំលឹក​ឡើងវិញ​នូវ​តួនាទី​ដ៏​សំខាន់ របស់​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូ​វីដ​-១៩ និង​ការរក្សាបាន​នូវ​លំហូរ​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​តំបន់ និង​ពិភពលោក ក្នុងការ​ស្ដារឡើងវិញ​នូវ​សេដ្ឋកិច្ច​សកល ជាពិសេស​វិស័យ​សេវាកម្ម និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។​

​នៅ​កិច្ចបញ្ចប់ លោកស្រី ក៏បាន​បង្ហាញ​ចំណាប់អារម្មណ៍ ក្នុងការ​អញ្ជើញ​កម្ពុជា ចូ​លួ​ម​ក្នុង​គម្រោង​ពាក់ព័ន្ធ​ផ្សេងៗ នាពេល​អនាគត ក្នុង​ការជួយ​ជំរុញ​ការអភិវឌ្ឍ វិស័យ​ពាណិជ្ជកម្ម​កម្ពុជា ឱ្យ​កាន់តែ​រីកចម្រើន​ឡើង បន្ថែមទៀត​ផងដែរ​៕ V / N

រូបភាព ( រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ជួបពិភាក្សា​ការងារ​ជាមួយ​អង្គការ UNESCAP ប្រចាំ​ទីក្រុង​បាងកក​ ) ​រូបភាព ហ្វេ​ស​ប៊ុ​ក