​ដោយៈ វ៉ៃ​កូ / ស្វាយរៀងៈ លោកស្រី កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណៈ​កិត្តិយស សាខា​កាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង រួមជាមួយ​ប្រតិភូ​អមដំណើរ នា​ព្រឹក​ថ្ងៃ​សុក្រ ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២២ បាន​អញ្ជើញ​ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​កាកបាទក្រហមកម្ពុជា ដែលមាន សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជា​ប្រធាន ជួយ​ដល់​ចាស់ជរា ជនពិការ អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍ កុមារកំព្រា ស្ត្រី​មេម៉ាយ​មានកូន​ច្រើន អ្នកមាន​ជំងឺ​ប្រចាំកាយ និង​មាន​ជីវភាព​ខ្វះខាត នៅក្នុង​ក្រុង​បាវិត ចំនួន ១០០ គ្រួសារ នៅ​ក្រុង​បាវិត នៃ​ខេត្តស្វាយរៀង ។

​លោកស្រី បាន​ផ្តាំផ្ញើ​ការសាកសួរ​ទុក្ខ​ពី​សំណាក់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ជានិច្ចកាល សម្តេច​តែងតែ​គិតគូរ​ជានិច្ច ពី​សុខទុក្ខ សុខភាព និង​ជីវភាព​រស់នៅ របស់​បងប្អូន​ប្រជាពលរដ្ឋ ដោយ​មិន​ប្រកាន់ និ​ន្ន​ការ​នយោបាយ ជំនឿ​សាសនា ពណ៌​សម្បុរ​នោះឡើយ ។ ទីណា​មានការ​លំបាក ទីនោះ​មាន​កាកបាទក្រហមកម្ពុជា ដោយ​មិន​គិត​ភាពលំបាក ជិត​ឬ​ឆ្ងាយ ព្យុះភ្លៀង កាកបាទក្រហមកម្ពុជា ទៅដល់​ទីនោះ​ភ្លាម ដោយ​មិន​រួញរា​ឡើយ​។

​អំណោយ​ដែល​ត្រូវ​ផ្តល់ជូន​ពលរដ្ឋ​ទាំង ១០០ គ្រួសារ រួមមាន អង្ករ ៣០​គីឡូក្រាម មី ១​កេស ត្រីខ ១០​កំប៉ុង ទឹកស៊ីអ៊ីវ ៦​ដប កន្ទេល​ជ​រ័​បត់ ១ ឃី​ត ១​កញ្ចប់ ( មុង សារុង ភួយ និង​ក្រមា​) និង​ថវិកា​ធ្វើដំណើរ ៥ ម៉ឺន​រៀល ៕ V / N