ដោយៈ សុ​ក្ខា​រិ​ន / ពោធិ៍សាត់​៖ នៅ​រសៀល​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០២២ នេះ លោក​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោក​អភិបាលខេត្ត​ពោធិសាត់ បាន​ចុះ​ត្រួតពិនិត្យ ស្ថានភាព​ទឹក និង​នាំយក​អំណោយ​ចែកជូន​ដល់​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយ ជំនន់​ទឹកភ្លៀង ចំនួន ៧ ភូមិ លើ ១២ ភូមិ រួមមាន ភូមិក​ប៉ាស​លើ ភូមិក​ប៉ាស ភូមិ​បំ​ណ​ក់ ភូមិ​ទួល​ត្បែង ភូមិ​ដង្កៀបក្តាម រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ និង​ភូមិ​ចាម​ថ្មី ភូមិ​កណ្តាល រង​ផលប៉ះពាល់​កម្រិត​ស្រាល ដែល​ខណៈ​នេះ ទឹកបាន​មាន​សភាព​ធូរស្រាល​ហើយ​។​

​នៅក្នុង​ពិធី​ជួប​សំណេះសំណាល​ដោយផ្ទាល់ ជាមួយ​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយ សារ​ជំនន់​ទឹកភ្លៀង ចំនួន ៣៨០ គ្រួសារ នា​រសៀល​នេះ លោក ជាវ តា​យ អភិបាលខេត្ត​ពោធិសាត់ បាន​ជម្រាបជូន​ថាៈ ដោយ​ផ្ដើមចេញពី​ក្ដីកង្វល់ និង​មាន ការជំរុញ​យកចិត្តទុកដាក់​ខ្ពស់ ពី​ថ្នាក់ដឹកនាំ ពិសេស​សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំពោះ​សុខទុក្ខ​លំបាក និង​ជីវភាព​រស់នៅ របស់​ប្រជាពលរដ្ឋ នៅពេលដែល​ជួប​គ្រោះមហន្តរាយ ក៏​ដូច​បញ្ហា​ផ្សេងៗ​នោះ ក្នុងនាម​គណៈ​អភិបាលខេត្ត និង​ក្រុមប្រឹក្សា​ខេត្ត លោក​បាន​សម្ដែង​ការចូលរួម នូវ​ទុក្ខលំបាក​ជាមួយ​ប្រជាពលរដ្ឋ ដែល​ទទួលរង​នូវ​ផលប៉ះពាល់ ដោយ​ជំនន់​ទឹកភ្លៀង នាពេលនេះ​។​

​លោក​បាន​បន្ថែមថាៈ បញ្ហា​គ្រោះមហន្តរាយ គឺ​មិនអាច​កំណត់​បានឡើយ កត្តា​សំខាន់ គឺ​រាជរដ្ឋាភិបាល ក៏ដូចជា​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់ និង​ប្រជាពលរដ្ឋ ទាំងអស់ ត្រូវតែ​ចូលរួម​តាមរយៈ​យន្តការ ឬ​វិធានការ​នានា ដើម្បី​បង្ការ​ទប់ស្កាត់ និង​ដោះស្រាយ​សង្គ្រោះ​អាយុជីវិត​មនុស្ស ឱ្យបាន​ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព​។​

​លោក​អភិបាលខេត្ត ក៏បាន​ថ្លែង​កោតសរសើរ ចំពោះ​កងកម្លាំងប្រដាប់អាវុធ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ទាំងអស់ ដែល​បានរួម​សហការគ្នា ត្រៀម​បង្ការ​ជួយសង្គ្រោះ ប្រជាពលរដ្ឋ ព្រមទាំង​បាន​ផ្ដាំ​ផ្ញើឱ្យ​យកចិត្តទុកដាក់​ខ្ពស់ តាមដាន​ក្នុង​គោលដៅ ប្រឈម​នានា បើ​មាន​បញ្ហា​ប្រឈម សូម​ប្រញាប់​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ មកកាន់​ទីទួល​សុវត្ថិភាព និង​រាយការណ៍ ជូន​ដល់​ថ្នាក់ដឹកនាំ ឬ​អាជ្ញា​ធរមាន​សមត្ថកិច្ច ដែល​នៅ​ជិត ដើម្បី​ជួយ​អន្តរាគមន៍​សង្គ្រោះ មិនត្រូវ​ទុកឱ្យ​ប្រជា​ជនណាម្នាក់ ស្លាប់​ដោយ​គ្រោះទឹកជំនន់​ឡើយ​។​

​ទន្ទឹមនឹងនោះ ប្រជាពលរដ្ឋ​ទាំងអស់ ក៏ត្រូវ​យកចិត្តទុកដាក់ ចំពោះ​បញ្ហា​អនាម័យ ដោយ​ត្រូវ​រស់នៅ​ស្អាត ហូប​ស្អាត ផឹក​ស្អាត ជាពិសេស​ត្រូវយក​ចិត្ត​ទុកដាក់ ប្រុងប្រយ័ត្ន ចំពោះ​កូនចៅ ដើម្បី​បង្ការ​គ្រោះថ្នាក់ ដោយ​យថាហេតុ ដែល​បណ្ដាលមកពី​ការ ធ្វេសប្រហែស​។

​ឆ្លៀ​ង​ក្នុងឱកាស​នោះ លោក ជាវ តា​យ ក៏បាន​នាំយក​អំណោយ រួមមាន អង្គរ មី ទឹកត្រី ទឹក​ស៊ី​អ៉ី​វ មក​ចែកជូន​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង ជំហាន​១ នៅ​បរិវេណ​វត្ត​បំ​ណ​ក់ ចំនួន ៣៨០ គ្រួសារ ដើម្បី​ជួយ​សម្រាក​ការលំបាក ក្នុងដំណាក់កាល​បន្ទាន់​។

​ដោយឡែក នៅ​ថ្ងៃស្អែក និង​ថ្ងៃ​បន្តបន្ទាប់ ក្រុមការងារ​កាកបាទ​ក្រហម​កម្ពុជា ខេត្តពោធិ៍សាត់ និង​បន្ត​ចែកជូន​ដល់ ប្រជាពលរដ្ឋ​រងគ្រោះ ឱ្យបាន​គ្រប់​ចំនួន ១.១៧៤ គ្រួសារ ផងដែរ​។​

​សូម​ជម្រាបជូន​ថា កាលពី​វេលា​ម៉ោង ៩ ព្រឹក​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០២២ កន្លងទៅ នៅ​ឃុំ​ឈើ​តុំ មាន​ហេតុការណ៍​ជំនន់​ទឹកភ្លៀង បានកើត​ឡើង ដោយសារ​ភ្លៀង បាន​ធ្លាក់​ជោកជាំ នៅ​តំបន់​ជួរ​ភ្នំ​ឱ​រ៉ា​ល់ និង​ក្នុង​តំបន់​ភូមិសាស្ត្រ​ឃុំ មួយ​យប់​មួយថ្ងៃ ជាហេតុ​ធ្វើឱ្យ​ទឹកស្ទឹង​បំ​ណ​ក់ ឡើង​យ៉ាងគំហុក​ជាង​ឆ្នាំមុនៗ បណ្តាលឱ្យ​លិចលង់ ផ្ទះសម្បែង​ប្រជាពលរដ្ឋ ចំនួន ៧ ភូមិ លើ ១២ ភូមិ រួមមាន ភូមិក​ប៉ាស​លើ ភូមិក​ប៉ាស ភូមិ​បំ​ណ​ក់ ភូមិ​ទួល​ត្បែង ភូមិ​ដង្កៀបក្តាម រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ និង​ភូមិ​ចាម​ថ្មី ភូមិ​កណ្តាល រង​ផលប៉ះពាល់​កម្រិត​ស្រាល និង​បាន​បំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​នានា មួយចំនួន​ផងដែរ​៕ V / N