​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ អតីត​អនុ​រដ្ឋមន្ត្រីក្រសួង​សន្តិសុខ​សាធារណៈ​ម្នាក់​ដែល​ត្រូវបាន​ចោទប្រកាន់​ថា​បាន​ដឹកនាំ​ឧក្រិដ្ឋជន​នៃ​មន្ត្រី​រដ្ឋាភិបាល​មួយ​ក្រុម​ត្រូវបាន​ផ្តន្ទាទោស​ប្រហារជីវិត​ជាមួយ​​នឹង​ការបន្ធូរបន្ថយ​ទោស​ពីរ​ឆ្នាំ​កាលពី​ថ្ងៃ​សុក្រ​ទី​២៣​កញ្ញា ចំពោះ​បទចោទប្រកាន់​ថា​លេង​ល្បិច​ឆបោក​ក្នុង​ផ្សារ​ហ៊ុន ទទួល​សំណូក​និង​បទល្មើស​ដទៃ​ទៀត នេះ​បើ​តាម​ការផ្សាយ​របស់​ទូ​រ​ទស្សន៍​រដ្ឋ​ចិន​។​

​ការដាក់ទោស​លោក ស៊ុន លី​ជុន​(Sun Lijun)​ជា​ការបន្ថែម​ការដាក់​ទោស​មន្ត្រី​ជាន់ខ្ពស់ៗ​ក្នុង​យុទ្ធនាការ​ប្រឆាំង​អំពើពុករលួយ​បន្តរ​ដឹក​មួយ​ដែល​ផ្តួចផ្តើមឡើង​ដោយ​ប្រធានាធិបតី ស៊ី ជីន​ភីង​ចាប់តាំង​​ពី​ពេល​លោក​ឡើងកាន់​តំណែង​នៅ​ចុងឆ្នាំ​២០១២​។​

​ការដាក់ទោស​ចុងក្រោយ​នេះ​ធ្វើឡើង​នៅ​មុន​កិច្ចប្រជុំ​មួយ​របស់​គណបក្ស​កុំម្មុយនីស្ត​ចិន​នៅ​ខែ​ក្រោយ ដែល​លោក​ស៊ី​ត្រូវ​រំពឹងថា​នឹង​ព្យាយាម​បំបែក​ប្រពៃណី​បក្ស​ដោយ​ក្លាយជា​ប្រធានាធិបតី​សំរាប់​អាណត្តិ​ប្រាំឆ្នាំលើក​ទី​បីជាប់គ្នា​។​

​ទូរទស្សន៍​ចិន​CCTV​បាន​រាយការណ៍​ថា ស៊ុន ត្រូវ​តុលាការ​ទីក្រុង​ចាង​ជុន​(Changchun)​ដាក់ទោស​ចំពោះ​ការទទួល​សំណូក​៦៤៦​លាន​យ័ន​(៩១​លាន​ដុល្លារ​)​។​គាត់​ត្រូវបាន​ចោទប្រកាន់ថា​បាន​ប្រើប្រាស់​​មុខតំណែង​ផ្លូវការ​នៅ​ឆ្នាំ​២០១៨​ដើម្បី​លេងល្បិច​ឆបោក​ផ្សារ​ហ៊ុន​គឺ​ជួយ​អោយ​ឈ្មួញ​ម្នាក់​រួច​ផុត​ពី​ការខាតបង់​ប្រាក់​។​គាត់​ក៏​ត្រូវបាន​ចោទប្រកាន់ថា​បាន​លក់​មុខតំណែង​ផ្លូវការ​ហើយ​បោះបង់​ចោល​តំ​​ណែ​ង​របស់ខ្លួន ក្នុងអំឡុងពេល​ប្រទេស​ផ្ទុះ​កូវី​ដ​១៩​។​

​ស៊ុន លី​ជុន ត្រូវបាន​កាត់ទោស​ប្រហារជីវិត ជាមួយនឹង​ការបន្ធូរបន្ថយ​ទោស​ពីរ​ឆ្នាំ​។​ការដាក់ទោស​ដូច្នេះ​អាច​ត្រូវ​សម្រាល​មក​នៅ​ជាប់គុក​មួ​យ​ជីវិត​បើសិនជា​អ្នកទោស​មានចិត្ត​កែ​ខ្លួន​។​CCTV​បាន​និយាយ​​ថា ទោស​ប្រហារជីវិត​លោក​ស៊ុន​ត្រូវបាន​បន្ធូរបន្ថយមកនៅត្រឹម​ជាប់គុក​មួយជីវិត​។​

​ស៊ុន លី​ជុន កាលពី​នៅ​ជា​អនុ​រដ្ឋមន្ត្រីក្រសួង​សន្តិសុខ​សាធារណៈ បានចូលរួម​កិច្ចប្រជុំ​មួយ​នៅ​ក្រុង​អ៊ូ​ហាន​កាលពី​ខែ​មេសា ឆ្នាំ​២០២០

​អតីត​អនុរដ្ឋមន្ត្រី​យុត្តិធម៌​ម្នាក់​និង​អតីតមន្ត្រី​បក្ស​ម្នាក់​ដែល​សមគំនិត​ជាមួយ​ស៊ុន ក៏​បាន​ទទួល​ទោស​ដូច​គ្នា​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​

​អតីតរដ្ឋមន្ត្រី​យុត្តិធម៌​ចិន​លោក ហ្វ៊ុយ ចេង​ហ្គួ​រ ត្រូវបាន​កាត់ទោស​ប្រហារជីវិត​ជាមួយនឹង​ការ​សម្រាលទោស​ពីរ​ឆ្នាំ​ចំពោះ​ទោស​ទទួល​សំណូក​និង​ជួយ​ពួក​ឧក្រិដ្ឋជន រួម​ទាំង​ការជួយ​លាក់​សកម្មភាព​​ខុស​ច្បាប់​របស់​បងប្អូន​ប្រុស​របស់គាត់ ៕