ដោយៈ បាយ័ន / សៀមរាបៈ បុណ្យ​ភ្ជុំបិណ្ឌ​ដែលជា​បុណ្យ​មួយ​ដ៏​ធំ​នៃ​ប្រពៃណី ទំនៀម​ទំលាប់ របស់​ប្រជាជន​ខ្មែរ ដែល​កាន់សាសនា​ព្រះពុទ្ធ គោរព​ប្រតិបត្តិ តាំងពី​ដូនតា តរៀងមក ។ នៅ​ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​ប្រពៃណី​ខ្មែរ ក្នុង​វេន​ទី​១៣ ត្រូវ​នឹង​ថ្ងៃ ១៣​រោច ខែភទ្របទ ឆ្នាំខាល ចត្វា​ស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវ​នឹង​ថ្ងៃ​ពុធ ទី​២៣ ខែកញ្ញា ឆ្នាំ​២០២២ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះជួយ​មូលដ្ឋាន ខេត្តសៀមរាប រួមទាំង​ឯកឧត្តម លោក​ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី ជា​សមាជិក សមាជិកា ក្រុមការងារ​រាជរដ្ឋាភិបាល រដ្ឋលេខាធិការ អនុរដ្ឋលេខាធិកា គណៈ​អភិបាលខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត បាន​អ​ញ្ជើ​ចូលរួម​កាន់បិណ្ឌ​វេន ទី​១៣ នៅ​វត្ត​ដំណាក់ ក្នុង​សង្កាត់​សាលា​កំរើក ក្រុង​-​ខេត្តសៀមរាប ។​

​សកម្មភាព​របស់​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ គឺ​ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ​ជូន​ដល់ ដូនតា​ញាតិ​ការ​ទាំង​ប្រាំពីរ​សន្ដាន និង​កម្មាភិបាល​ដែល​បាន​ពលី​ជីវិត ក្នុង​បុព្វហេតុ រំដោះជាតិ ការពារ​កសាង​អភិវឌ្ឍន៍​ប្រទេស ដែល​បាន​ចែក​ឋាន ទៅកាន់​លោក​ខាងមុខ ឲ្យ​បាន​រួច​ចាក​ផុតពី​ឧបាយ​ភូមិ​ទាំងឡាយ តាមរយៈ​ព្រះសង្ឃ ជា​ស្រែបុណ្យ ។

​ផ្តើមចេញពី​កុសលផល​បុណ្យ នៃ​ការ​កាន់បិណ្ឌ​វេន​ទី​១៣​នេះ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ រួមទាំង​ក្រុមការងារ បាន​នាំយក​ទេយ្យទាន មាន​គ្រឿង​ឧបភោគបរិភោគ ចំនួន ១២​មុខ និង បច្ច័យ ១១ លាន​រៀល និង​ប្រាក់​អាម៉េរិក ៨ ពាន់​ដុល្លារ បាន​វេរ​ប្រគេន ព្រះ​ភិក្ខុសង្ឃ គង់​ចាំ​ព្រះវស្សា ក្នុង​វត្ត​ដំណាក់ សម្រាប់​តំកល់ទុក ក្នុង​ការកសាង​ក្នុង​ទីវ​ត្ត ព្រមទាំង​បាន​ប្រគេន​នូវ​សាដក និង​បច្ច័យ​មួយចំនួន ដល់​ព្រះសង្ឃ​ទាំង ១០០ អង្គ​។​

​ក្នុងនោះដែរ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ក៏បាន​បញ្ជាក់ថាៈ ស្ថិតក្រោម​ដំបូល​សន្តិភាព ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន ជា​មគ្គុទ្ទេសក៍​ឯក ស្ថាបនិក​សន្តិភាព​នៅ​កម្ពុជា បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ ប្រារព្ធ​ប្រតិបត្តិ ធ្វើ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ឬ​ហៅថា បុណ្យកាន់បិណ្ឌ ដែលមាន​តាំងពី​បុរាណកាល រហូតមកដល់​សម័យ បច្ចុប្បន្ននេះ ។ ម្យ៉ាងទៀត ដោយ​ការយកចិត្តទុកដាក់​ខ្ពស់ របស់​ប្រមុខ​រាជរដ្ឋាភិបាល លើ​សុខភាព​សាធារណៈ របស់​ប្រជាពលរដ្ឋ ក្នុងពេល​ជួប នូវ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​ស្វែងរក​វ៉ាក់សាំង ចាក់​ស្រោច​ជូន​ដល់​ប្រជាពលរដ្ឋ កម្ពុ​ជាទូទៅ ដោយ​មិន​ប្រកាន់​នូវ​និន្នាការ​នយោបាយ ពូជសាសន៍​អ្វី​នោះឡើយ ចាប់ពី​ដូ​ស​មូលដ្ឋាន រហូតដល់​ដូ​ស​ជំរុញ ដោយ​ឥតគិតថ្លៃ ទើបបាន​ធ្វើ​ឲ្យ​មាន​ស្ថាន​ការ ជួបជុំ​បងប្អូន​ប្រជា​ពុទ្ធបរិស័ទ ក្នុងការ​ប្រារព្វ​ពិធីបុណ្យ​កាន់បិណ្ឌ​នោះ​ឡើងវិញ ប្រកបដោយ​ភាពស្និទ្ធស្នាល​ទៀតផង ។​

​សម្តេច​ពិជ័យ​សេនា ក៏បាន​លើកឡើង​ផងដែរ​ថាៈ ការគោរព​ធ្វើបុណ្យ​ភ្ជុំបិណ្ឌ​នេះ​ឡើង គឺ​ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ ជូន​ដល់​វិញ្ញាណ​ក្ខ័​ន្ធ មាតាបិតា ជីដូន​ជីតា ញាតិ​ការ ទាំង​ប្រាំពីរ​សន្ដាន និង​បុព្វការី​ជន ដែល​លោក​បាន​ចែក​ឋាន ទី​កាន់​បរលោក​ខាងមុខ និង ដួង​វិ​ញ្ញា​ក្ខ​ន្ធ​ជូន​កម្មាភិបាល យុទ្ធជន យុទ្ធ​នារី ដែល​បាន​ពលី ក្នុង​បុព្វហេតុ​រំដោះជាតិ មាតុភូមិ និង​ការពារ​អភិវឌ្ឍន៍​ប្រទេសជាតិ​។ ម្យ៉ាងទៀត បុណ្យ​ភ្ជុំបិណ្ឌ ក៏ដូចជា បុណ្យ​ផ្សេងៗ​ទៀត ត្រូវបាន​ប្រារព្ធ​ឡើងវិញ ក្រោយ​ថ្ងៃ​ជ័យជំនះ ៧​មករា ឆ្នាំ​១៩៧៩ បន្ទាប់ពី​របប​ប្រល័យពូជសាសន៍ ប៉ុល ពត បាន​ដួលរលំ​ទៅនោះ ក្រោម​ការបើក ទូលាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​កិច្ចដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើ​ឲ្យ​ប្រទេសជាតិ មានការ​អភិវឌ្ឍន៍​រីកចម្រើន លើ​គ្រប់​វិស័យ ក្នុងនោះ ក៏បាន​ធ្វើ​ឲ្យ​វិស័យ​ពុទ្ធចក្រ មានការ​រីកចម្រើន ហើយ​ប្រពៃណី​ព្រះពុទ្ធសាសនា ក្រោម​ម្លប់​សន្តិភាព ក្នុង​ជំនឿ​កាន់បិណ្ឌ ត្រូវបាន​ប្រជាពលរដ្ឋ​ខ្មែរ នាំគ្នា​គោរព​ប្រតិបត្តិ យ៉ាង​ខ្ជាប់ខ្ជួន តាំងពី​សម័យបុរាណ មកដល់​សតវត្សរ៍​ទី​២១ នេះ ។ សម្តេច​បាន​បន្តថា ពិធី​កាន់បិណ្ឌ និង​ភ្ជុំ​បិ​ណ្យ​ឆ្នាំនេះ ប្រជា​ពុទ្ធបរិស័ទ កុះករ អ៊ូរ​អរ​ខុសគ្នា​ឆ្ងាយ កាលពី ឆ្នាំ​កន្លងទៅ ដោយសារតែ​វិបត្តិ​ឆ្លង​រីក​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ ព្រមទាំង​បើក ដំណើរការ​ប្រទេស​ឡើងវិញ ដើម្បី​ឲ្យ​ចរន្ត​សេដ្ឋកិច្ច មានដំណើរ​ការឡើង​វិញ តាមរយៈ ការរៀន​រស់​តាម​គន្លង​ថ្មី និង​វិធានការ​៣ ការពារ ៣​កុំ ។ កត្តា​នេះហើយ​ទើប​បងប្អូន ប្រជាពលរដ្ឋ គ្រប់ទិសទី អាចមាន​ឱកាស​ជួបជុំ​ធ្វើ​បុណ្យទាន បំពេញ​កុសល ទៅតាម​ជំនឿ​រៀងៗ​ខ្លួន ៕/V​