​ដោយ​៖ ដេប៉ូ / ភ្នំពេញ​៖ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា គ​៧៨ (​ស​.​ស​.​យ​.​ក​. គ​៧៨) ដោយមាន​ការចូលរួម​ពី​សំណាក់ ថ្នាក់ដឹកនាំ សមាជិក សមាជិកា សរុប​ចំនួន ៧៨៦​រូប ក្នុង នោះ​មាន​ស្រី ចំនួន ២៧៨ រូប នៅ​សាល​មហោស្រប​ចេនឡា រាជធានី​ភ្នំពេញ ត្រូវបាន​ប្រកាស​ទទួល​ស្គាល់​ជា​ផ្លូវការ កាលពី​រសៀល ថ្ងៃ​ព្រហស្បតិ៍ ទី​២២ ខែកញ្ញា ឆ្នាំ​២០២២​។​

​ពិធី​នេះ​គេ​ឃើញ​មានការ​ចូលរួម​ពី​សំណាក់​លោក តុ​ប សំ ប្រធាន​ក្រុម​ប្រឹក្សាជាតិ ប្រឆាំង​អំពើពុករលួយ និង​លោក ហ៊ុន ម៉ា​នី ប្រធាន​គណៈកម្មការ​ទី​៧ នៃ​រដ្ឋសភា និង​ជា​ប្រធាន ស​.​ស​.​យ​.​ក​. សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​សស​.​យ​.​ក​.)​។​

​បន្ទាប់ពី​ទទួលបាន​នូវ​សេចក្តីសម្រេច​ពី លោក ហ៊ុន ម៉ា​នី រួចមក លោក យិនទៀង ពុទ្ធិ​រិ​ទ្ធ ប្រធាន​ក្រុមការងារ​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា គ​៧៨ បានធ្វើការ​ប្ដេជ្ញាចិត្ត​៖
១.​គោរព និង​អនុវត្តតាម​លក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង​ព្រមទាំង​ការចង្អុលបង្ហាញ​របស់ លោក​កិត្តិ​នីតិកោសល​បណ្ឌិត ប្រធាន​គណៈកម្មាធិការ គ​៧៨ និង​លោក​ប្រធាន ស​.​សយ​.​ក​. ក្នុង​បុព្វហេតុ​លើកស្ទួយ និង​ចលនា​ចូលរួម​យុវជន ។​
២. ប្តេជ្ញា​គាំទ្រ និង​អនុវត្តតាម​ស្មារតី​មហា សន្និបាត​លើក​ទី​៤ របស់ ស​.​សយ​.​ក​. និង​ផែនការ​យុទ្ធសាស្ត្រ ឆ្នាំ ២០១៨-២០២៣ យុវជន​ក្នុង​បុព្វហេតុ​ជាតិ មាតុភូមិ​” ។​
៣.​ប្តេជ្ញា​បន្ត​វប្បធម៌​រក្សា​សាមគ្គីភាព​ផ្ទៃក្នុង​រឹងមាំ បង្កើន​កិច្ចសហការ​និង​សហប្រតិបត្តិការ ជាមួយ​ក្រុម ការងារ សហភាព​សហព័ន្ធ​ផ្សេងៗ​ទៀត ។ ៤.​ប្តេជ្ញា​ចូលរួម​ជា​ចលករ​មួយ​ថ្មី​ទៀត ក្នុង​កិច្ច​អភិវឌ្ឍ​សង្គមជាតិ​។​

​ថ្លែង​ក្នុង​ពិធី​ប្រកាស​ទទួលស្គាល់ សមាសភាព​ក្រុមការងារ សស​.​យក​. គ​៧៨ នេះ លោក ហ៊ុន ម៉ា​នី ប្រធាន​គណៈកម្មការ​ទី​៧ នៃ​រដ្ឋសភា និង​ជា​ប្រធាន ស​សយ​.​ក​. ក៏បាន​មានប្រសាសន៍​ស្វាគមន៍ ចំពោះ​សមាជិក​ថ្មី ស​.​ស​.​យ​.​ក​. គ​៧៨ ចំនួន ៧៨៦ រូប​។​

​ជាមួយគ្នានេះ លោក បានលើកឡើង​ពី ការគាំទ្រ​ការបង្កើតឱ្យមាន ក្រុមការងារ ស​.​ស​.​យ​.​ក​. គ​៧៨ របស់ លោក​កិត្តិ​នីតិកោសល​បណ្ឌិត ឱម យិនទៀង ប្រធាន​គណៈកម្មាធិការ គ​៧៨ ដែល​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​រួបរួមគ្នា ដើម្បី​សង្គមជាតិ ទាំង ស​.​ស​.​យក​. តាម​វិស័យ និង ស​.​ស​.​យ​.​ក​. តាម​រាជធានី ខេត្ត ផងដែរ​។​

​មិនតែប៉ុណ្ណោះ ក្នុង​ក្របខណ្ឌ ស​.​សយ​.​ក​. លោក​បាន​ថ្លែងអំណរគុណ ដល់​ក្រុមការងារ ស​.​ស​.​យក​. គ​៧៨ ដែល​បាន​ស្ម័គ្រចិត្ត​ចូលរួម​ជាមួយ ស​.​សយ​ក​. ដែល​ជំរុញឱ្យមាន​ការលូតលាស់​ទៅ​មុខជា​បន្តបន្ទាប់ ក្នុង​បុព្វហេតុ​លើកស្ទួយ​ឧត្តមភាព​ជាតិ និង​ជា ពិសេស​ជំរុញ​ចលនា​ចូលរួម​របស់​យុវជន​។​

​នៅក្នុង​ឱកាស​នោះដែរ លោក​ក៏បាន​លើកឡើង​ពី​ប្រវត្តិ​នៃ​ការកកើត ស​.​ស​.​យ​.​ក​. រលឹកគុណ​តម្លៃ​នៃ​ស្មារតី ២​ធ្នូ និង​បាន​ទទួលយក​នូវ​សំណូមពរ​ក្នុងការ​ផ្លាស់ប្តូរ បទពិសោធន៍​គ្នា ទៅវិញទៅមក ក្នុង​ក្របខណ្ឌ ជំរុញ​លើ​ចលនា​ដឹកនាំ​គ្រប់គ្រង របស់​ក្រុមការងារ ស​.​សយ​.​ក​. គ​៧៨ ផងដែរ​។​

​ក្នុង​ពិធី​នេះដែរ​លោក ក៏បាន​ធ្វើការ​វាយតម្លៃ និង​កោតសរសើរ ចំពោះ​សមិទ្ធផល​របស់ គណៈកម្មាធិការ គ​៧៨ មាន ទិសដៅ​ផែនការ​សកម្មភាព​ច្បាស់​លាស់ ក្រោម​ការចង្អុល បង្ហាញ​ពី លោក​កិត្តិ​នីតិកោសល​បណ្ឌិត ឱម យិនទៀង ប្រធាន​គណៈកម្មាធិការ គ​៧៨ ជាទី​មោទកភាព​ផងដែរ ៕ V / N