​ដោយៈ បូកគោ / កំពត​: ដោយមាន​ការយកចិត្ត​ទុកដាក់ ពី​ក្រសួង​ជំនាញ និង​ថ្នាក់ដឹកនាំ ខេត្តកំពត ស្រុក​ទឹកឈូ បានទទួល​គម្រោង​ស្ថាបនា​ផ្លូវ​បេតុង និង​ផ្លូវ​កៅស៊ូ ប្រភេទ ឌី​ប៊ី​អេស​ធី ពីរ​ខ្សែ ដែលជា​សរសៃឈាម​សេដ្ឋកិច្ច​ដ៏​សំខាន់ សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ​។​

​លោក អ៊ឹម ច័ន្ទ​សោធន អភិបាលស្រុក​ទឹកឈូ បាន​ប្រាប់​ឲ្យ​ដឹងថាៈ ផ្លូវ​សរសៃរ​ឈាម សេដ្ឋកិច្ច ពីរ​ខ្សែ របស់​ស្រុក​ទឹកឈូ បាននិងកំពុង​សាងសង់ ក្រោយ​ទទួលបាន​គម្រោង​ពី ក្រសួង​ជំនាញ និង​រដ្ឋបាល​ខេត្តកំពត​។ ផ្លូវ​ទីមួយ គឺ​ផ្លូវ​លេខ​១៣៩ បែក​ចេញពី​ផ្លូវជាតិ​លេខ​៣៣ ត្រង់​មុខ​សាលាស្រុក​ទឹកឈូ ភ្ជាប់​ជាមួយ​ផ្លូវជាតិ​លេខ​៣ ត្រង់ចំណុច​ខ្លោងទ្វារ វត្ត​កំពូល​មាស​។​

​លោក​អភិបាលស្រុក​បានបញ្ជាក់​ថាៈ ផ្លូវ​មួយ​ខ្សែ​នេះ ក៏​នឹង​អាច​នាំ​ភ្ញៀវ ធ្វើដំណើរ​ឆ្ពោះ ទៅ​តំបន់​រមណីយដ្ឋាន ភ្នំ​ឈ្ងោក និង​ភ្នំ​សេ​ដា​ឱន​ផងដែរ​។ ចំណែក​ខ្សែ​ទី​ពីរ គឺ​ផ្លូវ​លេខ ១៣៣១ បែក​ចេញពី​សាលាស្រុក​ទឹកឈូ ទៅ​តំបន់​រមណីយដ្ឋាន ក​សិ​-​ទេសចរណ៍ ទំ​បន់​ប្រទាក់ក្រឡា រមណីយដ្ឋាន​ចម្ការ​ម្រេច ជាដើម​។​

​លោក ហ៊័​រ សូ​រិ​ន ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ ខេត្តកំពត បានបញ្ជាក់​ថាៈ ផ្លូវ​ទាំង ពីរ​ខ្សែ​នោះ ស្ថិតក្នុង​ដំណាក់កាល កំពុង​ស្ថាបនា ប៉ុន្តែ​ដោយសារ​អាកាសធាតុ មិន​អំណោយផល ទើបត្រូវ​បាន​ផ្អាក​សកម្មភាព មួយរយៈ​សិន ។ ក្រុមការងារ នឹង​សម្រុក​ធ្វើ​នៅពេល​ផុត​រដូវភ្លៀង ដោយ​លៃ​យ៉ាងណា ឲ្យ​បាន​រួចរាល់​មុន​ផែនការ​កំណត់​។​

​លោក​ប្រធាន​មន្ទីរ បានបញ្ជាក់​ថាៈ ផ្លូវ​លេខ​១៣៣១ មាន​ប្រវែង ៦.៥០០ ម៉ែត្រ​។ ចំណែក​ផ្លូវ​លេខ​១៣៩ ប្រវែង ១១.៥០០ ម៉ែត្រ​៕ V / N