ដោយ : ប.ជ័យ / បន្ទាយមានជ័យៈ ទឹកជំនន់ដែលស្រកចុះពីខ្សែទឹកខាងលើនៃភូមិសាស្ត្រខេត្តឧត្តរមានជ័យបាននឹងកំពុងហូរចុះមកតាមស្ពានស្រែងនិងប្រឡាយមេនានា ហើយបាននឹងកំពុងបង្កការលិចលង់លំនៅឋានពលរដ្ឋ ហេដ្ឋារចនាសម្ព័ន្ធនៅឃុំមួយចំនួននៅប៉ែកខាងកើតស្រុកភ្នំស្រុកនិងស្រុកព្រះនេត្រព្រះ ។

លោក ជូ បុត្រ អភិបាលស្រុកនិងប្រធានគណ:កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយស្រុកភ្នំស្រុកប្រាប់កាសែតរស្មីកម្ពុជាថ្ងៃទី២៣ខែកញ្ញាថា គិតត្រឹមល្ងាចថ្ងៃទី២២ខែកញ្ញា ផលប៉ះពាល់ដោយគ្រោះទឹកជំនន់និងជំនន់ទឹកភ្លៀង បានប៉ះលើពលរដ្ឋ២.១៤២គ្រួសារ មនុស្សរាយ៩.៧៩៧នាក់លើភូមិចំនួន១០ភូមិ នៃឃុំណាំតៅ ប៉ោយចារ ពន្លៃ ស្ពានស្រែង ស្រះជីក ភ្នំដី ។ក្នុងនោះប៉ះពាល់ដំណាំស្រូវចំនួន១១.២១១ហិចតា ដំឡូងមី៦៧០ហិចតា សាលារៀន១៤សាលា វត្ត២ ទឹកហូរកាត់ផ្លូវ៤០ខ្សែ ស្មើនឹង២៨.៣២៥ម៉ែត្រ ។ ក្នុងនោះ ឃុំនៅប៉ែកខាងកើតនៃស្រុកប៉ះពាល់ច្រើនជាងគ ដូចជាឃុំស្ពានស្រែងប៉ះពាល់៦ភូមិ ពលរដ្ឋ១.០១៥គ្រួសារ មនុស្សរាយ៤.៧៣៥នាក់ ជន្លៀសទៅទីទួលសុវត្ថិភាព២០គ្រួសារ មនុស្សរាយ៨០នាក់/ស្រី ៤៣នាក់ ។

ចំណែកលោក ឃូ ពៅ អភិបាលស្រុកព្រះនេត្រព្រះប្រាប់កាសែតរស្មីកម្ពុជាថ្ងៃដដែលថា : ទឺកជំនន់ខ្ជាក់ហៀរចេញពីស្ទឹងស្រែងនិងស្ទឹងក្រឡាញ់បានជន់លិចលំនៅឋាននិងហេដ្ឋារចនាសម្ព័ន្ធនៅភូមិទាំងអស់នៃឃុំទឹកជោរ ប៉ែកខាងកើតស្រុកព្រះនេត្រព្រះ ប៉ុន្តែមិនមានពលរដ្ឋណាម្នាក់រងគ្រោះរបួសស្លាប់ ឬបានស្ម័គ្រចិត្តជន្លៀសទៅទួលសុវត្ថិភាពឡើយ ។

រីឯលោក លុច ផ មេឃុំទឹកជោរបានបន្ថែមថា ទឹកជំនន់ពីស្ទឹងស្រែងនិងស្ទឹងក្រឡាញ់បានបង្កលិចលិចដោយផ្នែកនៃលំនៅឋាន ផ្លវនិងវាលស្រែនៅទាំង១៨ភូមិនៃឃុំ ប៉ុន្តែពលរដ្ឋដែលធ្លាប់ឬរស់នៅក្នុងទឹកជំនន់ស្ទើររាលឆ្នាំបានគ្រប់គ្របគ្រង់និងប្រុងប្រយ័ត្នខ្ពស់ មិនមានគ្រោះថ្នាក់ទេ ក្នុងនោះប៉ះពាល់ពលរដ្ឋ១.៣៤៥គ្រួសារ មនុស្សរាយ ៦.៥៤៨នាក់ ហើយប៉ះពាល់ដំណាំស្រូវ២.៦៦៥ហិចតា ដំឡូងមី៧ហិចតាដំណារួមផ្សំ៤៧,៣ហិចតា សត្វពាហន: ៣៩០ក្បាល វត្ត៣ មណ្ឌលសុខភាព១ សាលាឃុំ១ ស្នាក់ការគណបក្ស១ ផ្លូវលំ៥៣ខ្សែរ ប្រវែង៤៣.៥៣៨ម៉ែត្រ ៕