ដោយៈ បូកគោ / កំ​ពតៈ នា​ព្រឹក​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២២ រថយន្តក្រុង​របស់ រាជរដ្ឋាភិបាល បាន​ដឹកជញ្ជូន​ប្រជាពលរដ្ឋ និង​កម្មករ ចេញពី​រាជធានី​ភ្នំពេញ មកដល់​ខេត្តកំពត ជា​បន្តបន្ទាប់ ដោយ​ឥត​យក​តម្លៃ​សេវា​។ សម្រាប់​ឱកាស​បុណ្យ ភ្ជុំបិណ្ឌ​នេះ ការដឹកជញ្ជូន​អ្នកដំណើរ ទាំង​មកកាន់​ស្រុកកំណើត ទាំង​ត្រឡប់​ទៅវិញ នឹង​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​២៣ ដល់​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០២២​។​

​លោក ហ៊ាង វៃ ប្រធាន​ក្រុម​រៀបចំ​រថយន្ត​ដឹក​ប្រជាពលរដ្ឋ ភ្នំពេញ​-​កំពត បាន​រៀបរាប់ថាៈ នៅ​ថ្ងៃទី​២៣ ខែកញ្ញា ជា​ថ្ងៃ​ដំបូង​នៃ​ការដឹក​ភ្ញៀវ ដោយ​ឥតគិតថ្លៃ សម្រាប់​រថយន្ត​ចេញពី​ភ្នំពេញ មក​ខេត្តកំពត គឺមាន​ជា​ពលរដ្ឋ និង​កម្មករ ជិះ​ពេញ​ទាំង ប្រាំ​គ្រឿង​។ ចំណតរថយន្ត សម្រាប់​ដឹក​ភ្ញៀវ​មក​ខេត្តកំពត​មាន​ទីតាំង​ស្ថិតនៅ​ជាប់​របង កងទ័ពអាកាស តាម​បណ្តោយ​ផ្លូវ​២០០៤ រាជធានី​ភ្នំពេញ​ដោយ​រង់ចាំ​ទទួល​អ្នកដំណើរ ចាប់ពី​ម៉ោង ៥ ព្រឹក រហូត​អស់​រថយន្ត​ទាំង​ប្រាំ ។​

​ក្រោយ​ចុះ​ពី​រថយន្ត​នៅ​ចំណត​ខេត្តកំពត អ្នកដំណើរ​ម្នាក់ ដែល​បាន​ប្រើប្រាស់​សេវា​នេះ បាន​រៀបរាប់ថាៈ ការ​ជិះ​រថយន្តក្រុង​រដ្ឋ មិន​ត្រឹមតែ​មិនចាំបាច់​ចំណាយ​ថវិកា​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ទទួលបាន​នូវ​ផាសុកភាព ទំនុកចិត្ត និង​សុវត្ថិភាព​ខ្ពស់ ក្នុងការ​ធ្វើដំណើរ​។ ក្នុង​រថយន្ត​ពោរពេញ​ដោយ​អនាម័យ​ល្អ ហើយ​អ្នកបម្រើ មាន​ភាព​រួសរាយ​រាក់ទាក់ ពិសេស​មាន​ការគិតគូ​រ​ខ្ពស់ អំពី​វិធាន​ការពារ និង​បង្ការ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ ផងដែរ​។​

​អ្នកដំណើរ​ដដែល បាន​បន្តថាៈ គ្រប់គ្នា ពិតជា​ពេញចិត្ត ចំពោះ​ការផ្តល់សេវា​របស់ រាជរដ្ឋាភិបាល ហើយ​ចង់ឱ្យ​ពិធី​នេះ បន្ត​ផ្តល់ជូន​គ្រប់​រដូវ​បុណ្យជាតិ​សំខាន់ៗ សម្រាប់​ឆ្នាំ ក្រោយៗ​បន្តទៀត​។​

​លោកស្រី​ញាណ សុវណ្ណនី តំណាង​សាលា​ខេត្តកំពត បាន​ថ្លែង​ទៅកាន់​ក្រុមការងារ ដឹកជញ្ជូន​អ្នកដំណើរ ក្នុងនាម​រដ្ឋបាលខេត្ត​កំពត លោកស្រី សូម​សម្តែង​នូវ​ការដឹងគុណ ចំពោះ​សម្តេច​តេ​ជោ ដែល​បាន​គិតគូរ​ចំពោះ​សុខទុក្ខ និង​សុវត្ថិភាព​ប្រជាពលរដ្ឋ និង​កម្មករ សម្រាប់​ដំណើរ​មកកាន់​ស្រុកកំណើត ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ៕/V​