អណ្តូងទឹក​ចំនួន​១២​ផ្តល់ជូន​អ្នកភូមិ​ដាច់ស្រយាល បង្ការ​ភាពខ្វះ​ទឹក​នៅ​ឃុំ​ស្រែ​ឈូក​

2415
ចែករម្លែក

ដោយ​: សាត​ចាន់​បុត្រ / មណ្ឌលគិរី​: សាខា​កាកបាទក្រហមកម្ពុជា​ខេត្តមណ្ឌលគិរី តំណាង​ឲ្យ​កាកបាទក្រហមកម្ពុជា​បានផ្តល់​អណ្តូងទឹក​ចំនួន​១២ ដល់​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ដាច់ស្រយាល​ចំនួន​ពីរ ក្នុង​ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី កាលពី​ថ្ងៃទី​២៨​ខែមិថុនា​ឆ្នាំ​២០១៨​។

​នាឱកាស​ផ្តល់​អណ្តូងទឹក និង​បើក​ការដ្ឋាន​ខួងអណ្តូង​នោះដែរ គឺ​ស្ថិតក្រោម​វត្តមាន​លោក​ស្វាយ សំ​អ៊ាង ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត រួមទាំង​សមាជិក សមាជិកា អនុសាខា​ស្រុក យុ​វជ​កាកបាទក្រហមកម្ពុជា ផងដែរ​។

​លោក​ស្វាយ សំ​អ៊ាង ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ថ្លែងថា អណ្តូង​ដែល​ត្រូវ​ផ្តល់ជូន​ពលរដ្ឋ​នៅ​តំបន់​ដាច់ស្រយាល ចំនួន​២​ភូមិ ស្មើនឹង​២១០​គ្រួសារ ស្ថិតនៅ​ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា​។ ក្នុងនោះដែរ លោក ស្វាយ សំ​អ៊ាង បាន​ពាំ​នាំនូវ​ប្រសាសន៍​ផ្តាំផ្ញើ​ការ​សួរ​សុខ​ទុក និង​ក្តី​នឹករលឹក ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជា​ប្រធាន ដែលជា​និច្ចកាល សម្តេច​តែងតែ​គិតគូ​ពី​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​ទូទៅ ដោយ​មិន​ប្រកាន់ពូជសាសន៍ ពណ៌​សម្បុ​ល ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ ឲ្យ​តែ​ទីណា​មានទុក្ខ​លំបាក ទីនោះ​តែងតែមាន​វត្តមាន​កាក​បាទ​ក្រហម​ជានិច្ច​។​

​ក្នុងឱកាស​នោះដែរ សាខា​កា​បាទ​ក្រហម​កម្ពុជា​ខេត្ត បាន​នាំយក​អំណោយ​ផ្តល់ជូន​ពលរដ្ឋ​ដែល​ចូលរួម​ចំនួន​២៣៩​គ្រួសារ ក្នុង​មួយ​គ្រួសារ​ទទួលបាន​ឃី​ប ១​កញ្ចប់ ទឹក​ស៊ី​អ៉ី​វ ប្រេងឆា មី ត្រីខ និង​ថវិកា​មួយចំនួន ដោយឡែក ក្នុងនោះ ពលរដ្ឋ​ដែល​ចូល​រូ​ម​បន្ថែមចំនួន​៥៥​គ្រួសារ ក្នុង​មួយ​គ្រួសារ ទទួលបាន​ថវិកា​៥​ម៉ឺន​រៀល​។

​សូមបញ្ជាក់ថា កាលពីដើមឆ្នាំ​២០១៧​កាកបាទក្រហមកម្ពុជា ដែលមាន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជា​ប្រធាន បានផ្តល់​អណ្តូងស្នប់​ជូន​ពលរដ្ឋ​នៅ​ស្រុក​កែវ​សីមា​ចំនួន​៣៥​អណ្តូង​ង​ដែរ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម