ដោយៈបូព៌ព្រឹក្ស/ភ្នំពេញ៖កាលពីថ្ងៃទី២១ខែកញ្ញាឆ្នំា២០២២ក្រុមមិត្តនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) បានជួបជាមួយតំណាងរាជរដ្ឋាភិបាលកម្ពុជា តំណាងផ្នែករដ្ឋបាលនៃ អ.វ.ត.ក(ទាំងសមាសភាពជាតិ និងអន្តរជាតិ) និងលោក Stephen D. Mathiasឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការច្បាប់។ជំនួបនេះបានប្រព្រឹត្តទៅនៅស្ថានទូតបារាំងដើម្បីពិភាក្សាគ្នាអំពីការរីកចម្រើនថ្មីៗស្ថានភាពហិរញ្ញវត្ថុ និងការងារសេសសល់របស់ អ.វ.ត.ក។

កិច្ចប្រជុំខាងលើធ្វើឡើងមួយថ្ងៃមុនការប្រកាសសាលដីកាលើសំណុំរឿង០០២/០២ ពាក់ព័ន្ធនឹងជនជាប់ចោទ ខៀវ សំផនអតីតគណៈប្រធានរដ្ឋនៃកម្ពុជាប្រជាធិបតេយ្យដែលជាសំណុំរឿងចុងក្រោយនៅចំពោះមុខតុលាការកំពូលនៃ អ.វ.ត.ក។

នៅថ្ងៃទី២២ ខែកញ្ញា អង្គជំនុំជម្រះតុលាការកំពូលនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានតម្កល់ការ ផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតរបស់អង្គជំនុំជម្រះសាលាដំបូង ប្រឆាំងទៅនឹង ខៀវ សំផនអតីតគណៈ ប្រធានរដ្ឋនៃកម្ពុជាប្រជាធិបតេយ្យ ពីបទប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិវៀតណាមឧក្រិដ្ឋកម្មប្រឆាំងនឹង មនុស្សជាតិ និងអំពើបំពារបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវ។

ការប្រកាសសាលដីកានេះបានបញ្ចប់នូវការទន្ទឹងរង់ចាំដ៏យូររបស់គ្រួសារជនរងគ្រោះ ក៏ដូចជាប្រជាពលរដ្ឋកម្ពុជា សម្រាប់ការបិទបញ្ចប់នីតិវិធីតុលាការ។

សាលដីកានេះគឺជាដំណាក់កាលសំខាន់មួយឆ្ពោះទៅកាន់ការបិទបញ្ចប់ដំណើរការរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា និងការផ្តោតទៅលើការងារសេសសល់វិញ។

ក្រុមមិត្តនៃ អ.វ.ត.ក ដែលមានការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការតស៊ូដើម្បីយុត្តិធម៌ និងប្រឆាំងនឹងនិទណ្ឌភាព សូមរំលឹកឡើងវិញអំពីការគាំទ្ររបស់ខ្លួននិងកិច្ចខិតខំប្រឹងប្រែងដ៏ធំធេងរបស់តួអង្គពាក់ព័ន្ធនានាចាប់តាំងពីតុលាការនះត្រូវបានបង្កើតនៅឆ្នាំ២០០៦ ហើយសង្ឃឹមថា អត្ថន័យ និងកេរតំណែលនៃ អ.វ.ត.កនឹងត្រូវបន្សល់ទុកឱ្យ ពលរដ្ឋជំនាន់ក្រោយទៀត៕
សេចក្តីថ្លែងការណ៍របស់សហប្រធាននៃក្រុមមិត្តនៃ អ.វ.ត.ក ត្រូវបានគាំទ្រដោយតំណាងការទូតខាងក្រោម៖
– គណៈប្រតិភូសហភាពអឺរ៉ុប
– ស្ថានទូតអាល្លឺម៉ង់
– ស្ថានទូតនៃសាធារណរដ្ឋកូរ៉េ
– ស្ថានទូតន័រវេសប្រចាំទីក្រុងបាងកក
– ការិយាល័យនៃស្ថានទូតស៊ុយអែតនៅទីក្រុងភ្នំពេញ
– ស្ថានទូតអង់គ្លេស
– ស្ថានទូតសហរដ្ឋអាមេរិក

(រូបថតហ្វេសប៊ុកសាលាក្តីខ្មែរក្រហម)