​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ការរំពឹង​ទុក​នៃ​ការវាយប្រហារ​នុយក្លេអ៊ែ​រលើ​ចក្រភព​អង់គ្លេស​មិន​ដែល​ស្ទើរ​ក្លាយជា​ការពិត​ដូច​ពេលនេះ​ទេ ខណៈ​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន​និង​បក្ខពួក​របស់​​គាត់​បាន​គំរាម​កម្ទេច​ទីក្រុង​ឡុង​ដ៍​និង​រដ្ឋធានី​លោកខាងលិច​ផ្សេងទៀត នៅក្នុង​ការកើនឡើង​ចុងក្រោយ​នៃ​សង្គ្រាម​នៅ​អ៊ុ​យក្រែន​។​

​កាលពី​ថ្ងៃអាទិត្យ ទូរទស្សន៍​រដ្ឋ​រុស្ស៊ី​បាន​ចាក់​ផ្សាយ​ការគំរាមកំហែង​ពី​សំណាក់​លោក អង់​ដ្រេ ហ្គូ​រូល​យ៉ូវ (Andrey Gurulyov) ជា​សមាជិក​សភា​រុស្ស៊ី​។ ដោយ​លើកឡើង​ពី​បញ្ហា​ជាមួយ​ចក្រភព​អង់គ្លេស គាត់​បាន​ហៅ​ចក្រភព​អង់គ្លេស​ថា​ជា “​ឫសគល់​នៃ​អំពើអាក្រក់​ទាំងពួង​” ហើយ​បាន​លើកឡើង​ថា ចក្រភព​អង់គ្លេស​អាច​ត្រូវ​បាន​ប្រែ​ក្លាយទៅជា “​វាល​ខ្សាច់​ភព​អង្គារ​” ដោយ​នុយក្លេអ៊ែរ​របស់​រុស្ស៊ី​។​

​លោកពូ​ទីន​ខ្លួនឯង​បាន​ព្រមាន​ថា “​នេះ​មិនមែន​ជា​ការ​សម្លុត​ទេ​” ដោយ​ហាក់​មាន​ឆន្ទៈ​ក្នុងការ​ប្រថុយ​បំផ្ទុះ​គ្រាប់បែកនុយក្លេអ៊ែរ​ឱ្យ​ភ្លឺ​ពេញ​មេឃ​ដូច​ព្រះអាទិត្យ​រះ​រាប់ពាន់​។​

​មនុស្ស​រាប់លាន​នាក់​នឹង​ត្រូវ​ដុត​ខ្លោច​ភ្លាមៗ ហើយ​សូម្បី​សម្រាប់​អ្នក​ដែល​គេចផុត​ពី​ការផ្ទុះ​ដំបូង​ឬ​វិបត្តិ​វិទ្យុសកម្ម​ដែល​កើត​ឡើង​តាម​ក្រោយ​ក៏ដោយ​ក៏​មាន​សង្ឃឹម​តិចតួច​ណាស់​ថា​នឹង​នៅ​រស់រាន​មាន​​ជីវិត​។ នៅពេល​ដែល​ព្យុះ​ភ្លើង​កំពុង​ឆាបឆេះ ពពក​ផ្សែង​ពុល​ដ៏​ធំ​នឹង​ឡើង​ទៅ​លើ​បរិយាកាស បាំង​កាំរស្មីព្រះអាទិត្យ និង​បណ្តាលឱ្យ​មាន​ភាព​ត្រជាក់​ខ្លាំង​លើ​ភព​ផែនដី​។​នេះ​នឹង​សម្លាប់​ដំណាំ​និង​​បណ្តាល​ឱ្យ​មាន​ទុរ្ភិក្ស​សកល ដែល​នឹង​អូសបន្លាយ​ពេល​ច្រើន​ឆ្នាំ​។​

​នៅក្នុង​ពិភពលោក​មួយ​ដែល​អ្នកជិតខាង​អត់ឃ្លាន​នឹង​សម្លាប់​គ្នា​ទៅវិញទៅមក​ដើម្បី​ដណ្តើម​អាហារ វា​ហាក់​មិន​គួរឱ្យ​ជឿ​ដែល​មាន​មនុស្ស​មក​ខ្វល់​អំពី​របៀប​កម្តៅ​អាង​ហែល​ទឹក​របស់​ពួកគេ ឬ​ហាត់​​វាយ​កូន​ហ្គោល​របស់​ពួកគេ​។​

​ទោះយ៉ាងណា នោះ​គឺជា​របៀប​ដែល​ពួក​មហាសេដ្ឋី​ម​លើ​ពិភពលោក​សង្ឃឹម​អាច​រស់នៅ​បែប​នោះ​ក្នុងករណី​មាន​មហន្តរាយ​នុយក្លេអែរ ឬ​មហន្តរាយ​រាលដាល​ទូទាំង​ពិភពលោក នេះ​បើ​យោង​តាម​សៀវភៅ​​ថ្មី​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​ដែល​បង្ហាញ​ពី​ផែនការ​ដ៏​ល្អិតល្អន់​របស់​ពួកគេ​សម្រាប់​ការរស់រានមានជីវិត​ខណៈ​ពួកយើង​ក្រៗ​ត្រូវស្លាប់​គ្មាន​សល់​។​

​សៀវភៅ Survival Of The Richest ដែល​សរសេរ​ដោយ​សាស្ត្រាចារ្យ ឌូ​ក្លាស រ៉ា​ស​ខូ​ហ្វ (Douglas Rushkoff) ជា​អ្នកជំនាញ​ផ្នែក​បច្ចេកវិជ្ជា​ដែល​ចាប់អារម្មណ៍​ថា​តើ​មហាសេដ្ឋី​ជំនួញ​ទាំង​​នោះ​កំពុង​រៀបចំ​ផែនការ​អនាគត​របស់​ពួកគេ​ក្រោយ​វិនាសកម្ម​នុយក្លេអ៊ែរ​ដោយ​របៀប​ណា​នោះ ត្រូវបាន​ជំរុញ​ឱ្យ​សរសេរ​ឡើង​ដោយ​ការជួបជុំ​មួយ​នៅ​ទីតាំង​វាល​ខ្សាច់​សម្ងាត់​មួយ​ក្នុង​ឆ្នាំ ២០១៨​។​

​ទាក់ទាញ​ចិត្ត​គាត់​ដោយសារ​ថ្លៃ​សេវា​ស្មើ​នឹង​មួយ​ភាគបី​នៃ​ប្រាក់បៀវត្សរ៍​បង្រៀន​ប្រចាំឆ្នាំ​របស់​គាត់​នៅ​សាកលវិទ្យាល័យ​ក្រុង​ញូវយ៉ក (City University of New York)​គាត់​បាន​ជិះ​តាម​យន្ត​​ហោះ​ថ្នាក់​ជំនួញ ហើយ​ត្រូវបាន​ដឹក​តាម​ឡាន​ទំនើប​មួយ​ពី​អាកាសយានដ្ឋាន​រយៈពេល​បី​ម៉ោង​ដើម្បី​ទៅ​ដល់ “​លេណដ្ឋាន​ប្រណីត​បំផុត ប៉ុន្តែ​នៅ​កន្លែង​ដាច់ស្រយាល​បំផុត​ដែល​ខ្ញុំ​មិន​ធ្លាប់​ឃើញ នោះ​គឺ​រម​​ណី​យដ្ឋា​ន​មួយ​នៅ​កណ្តាលវាល​កណ្តោច​កណ្តែង​”​។​

​ទស្សនិកជន​ធម្មតា​សម្រាប់​លោក​រ៉ា​ស​ខូ​ហ្វ​រមែង​ជា​អ្នកវិនិយោគ​ធម្មតា ១០០ នាក់ ឬ ច្រើន​ជាង​នេះ ប៉ុន្តែ​គាត់​បានឃើញ​ខ្លួន​គាត់​អង្គុយ​ជុំវិញ​តុ​មួយ​ជាមួយ​បុរស​មាន​បំផុត​ទាំង​ប្រាំ​នាក់​របស់​អាម៉េរិក​។​

​លោក​បាន​បកស្រាយ​ថា “​ពួកគេ​ទាំងអស់​គឺ​មក​ពី​ផ្នែក​វិនិយោគ​បច្ចេកវិជ្ជា​និង​ពិភព​មូលនិធិ​ការពារ​ហានិភ័យ​។ យ៉ាងហោច​ណាស់​ពីរ​នាក់​ក្នុងចំណោម​ពួកគេ​គឺជា​កំពូល​មហាសេដ្ឋី​”​។​

​បន្ទាប់​ពី​និយាយ​បាន​បន្តិចបន្តួច គាត់​បានដឹងថា មហាសេដ្ឋី​បច្ចេកវិជ្ជា​ទាំងនោះ​មិន​ចាប់អារម្មណ៍​នឹង​ការពិភាក្សា​ដែល​គាត់​បាន​រៀបចំ​ឡើង​អំពី​អនាគត​ឌីជីថល​នោះទេ​។ ផ្ទុយ​ទៅ​វិញ​ពួក​គេ​បាន​​ចោទសួរ​គាត់​ឥតឈប់ឈរ​អំពី​អ្វី​ដែល​ពួកគេ​គួរ​ធ្វើ​បន្ទាប់​ពី​ព្រឹត្តិការណ៍​វិនាសកម្ម​នុយក្លេអ៊ែរ​។​

​កង្វល់​របស់​ពួកគេ​គឺ​ការដួលរលំ​បរិស្ថាន ចលាចល​ក្នុង​សង្គម មេរោគ​ដែល​មិន​អាច​បញ្ឈប់​បាន ឬ​ការ​លួច​ចូល (hack)​កុំព្យូទ័រ ដែល​អាច​នឹង​បំផ្លាញ​អ្វីៗ​គ្រប់យ៉ាង​នៅ​ថ្ងៃ​ណាមួយ​។​

​តើ​ពួកគេ​គួរ​សាងសង់​លេណដ្ឋាន​របស់​ពួកគេ​នៅ​នូវែល​សេ​ឡង់ឬ​រដ្ឋ​អាឡា​ស្កា​? តើ​តំបន់​ណា​នឹង​ទទួលរង​ផលប៉ះពាល់​តិច​ជាង​គេ​ពី​វិបត្តិ​អាកាសធាតុ​? តើ​អ្វី​ជា​ការគំរាមកំហែង​ខ្លាំងជាងគេ ៖​ការ​ប្រែ​​ប្រួល​អាកាសធាតុ ឬ​សង្គ្រាម​ជីវសាស្ត្រ​?

​ទាំងនេះ​គឺជា​សំណួរ​នៅក្នុង​ចិត្ត​របស់​ពួកគេ​ហើយ​លោក​រ៉ា​ស​ខូ​ហ្វ​មាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ចំពោះ​គំនិត​ដែល​ពួក​មហាសេដ្ឋី​ដ៏​ភ័យខ្លាច​ទាំងនោះ​បាន​ដាក់​ចូល​ទៅក្នុង​យុទ្ធសាស្ត្រ​រស់រានមានជីវិត​​របស់​ពួកគេ​។​

​មហាសេដ្ឋី​ម្នាក់​បាន​ធានា​ទទួលបាន​ទាហាន​ពិសេស​អាម៉េរិក​ជាង​១០​នាក់​រួច​ហើយ​ដើម្បី​ធ្វើដំណើរ​ទៅកាន់​បរិវេណ​របស់​គាត់​ប្រសិនបើ​គាត់​ផ្តល់ឱ្យ​ពួកគេ​នូវ​តម្រុយ​ត្រឹមត្រូវ​។​មហាសេដ្ឋី​ម្នាក់ទៀត​ឈ្លក់​​វង្វេង​នឹង​អាងទឹក​ក្ដៅ​ដែល​គាត់​ចង់បាន​នៅក្នុង​លេណដ្ឋាន​របស់គាត់ និង​វិធី​នៃ​ការ​ក្លែង​ធ្វើ​ជា​ពន្លឺ​ថ្ងៃ នៅ​ពេល​គាត់​ទៅ​ហែល​ទឹក​ក្រោម​ដី​។​

​នៅ​ពេល​លោក​រ៉ា​ស​ខូ​ហ្វ​លើកឡើងថា ការស្វែងរក​គ្រឿង​បង្គំ​សម្រាប់​ប្រព័ន្ធ​កម្តៅ​អាងទឹក​ក្នុងអំឡុង​រដូវរងា​គ្រា​វិបត្តិ​នុយក្លេអ៊ែរ​អាច​មាន​ការលំបាក មហាសេដ្ឋី​បាន​ងក់ក្បាល​ទទួលស្គាល់​ដោយស្មោះ​ថា “​គាត់​កំពុង​កត់ត្រា​បញ្ជី​ទិញ​របស់​គាត់ ដូចជា ការបញ្ជា​ទិញ​គ្រឿង​បង្គំ​បន្ថែមទៀត​សម្រាប់​អាងទឹ​កក្តៅ​”​។​

​លោក​រ៉ា​ស​ខូ​ហ្វ​បាន​ពន្យល់ថា លទ្ធភាព​ដែល​លេណដ្ឋាន​ជួយ​ការពារ​អ្នក​នៅ​ខាងក្នុង​គឺ​មាន​ស្តួចស្ដើង​ណាស់​។ លោក​និយាយថា “​អ្វីៗ​គឺ​រសាត់​នៅ​គ្រប់​ទីកន្លែង​។ ពពក​ពុល ជំងឺឆ្លង​និង​វិទ្យុសកម្ម​គឺមាន​​វិធី​រាលដាល​និង​ជ្រាបចូល​តាមរយៈ​របាំង​ដែល​គិតគូរ​យ៉ាង​ល្អ​បំផុត​។ តម្រង​ខ្យល់​ត្រូវតែ​ប្តូរ​ជាប្រចាំ ហើយ​ពេល​ខ្លះ​ប្តូរ​ក៏​មិន​បាន​ជោគជ័យ​ទៀត​”​។​

​ការស្វែងរក​តម្រង​ថ្មី នៅពេល​ដែល​រោងចក្រ​ផលិត​ត្រូវបាន​បំផ្លាញ​អស់ នឹង​មិន​អាច​ទៅរួច​ទេ​។​

​វា​មាន​គុណវិបត្តិ​យ៉ាង​ធ្ងន់ធ្ងរ​នៅក្នុង​យុទ្ធសាស្ត្រ​រស់រានមានជីវិត​របស់​ពួកគេ នោះ​គឺ របៀប​រក្សា​ភាពស្មោះត្រង់​របស់​បុគ្គលិក​ដែល​ពួកគេ​ចំណាយ​លុយ​ដើម្បី​ការពារ​ពួកគេ​នៅក្នុង​ពិភពលោក​មួយ ដែល​ធ្លាក់​ចូលទៅក្នុង​ភាពវឹកវរ​មិនអាច​ស្រមៃ​ដល់​។​

​នោះ​នឹង​ក្លាយជា​បញ្ហា​នៅ​កន្លែង​ណា​ក៏​ដោយ​ដែល​ពួកគេ​សម្រេចចិត្ត​ភៀសខ្លួន​។ សម្រាប់​មនុស្ស​ភាគច្រើន ជម្រើស​នៃ​ជម្រក​លាក់​ខ្លួន​ហាក់ជា​លេណដ្ឋាន​ក្រោម​ដី ហើយ​លុយ​ពិត​ណាស់​គ្មានអ្វី​ជា​បញ្ហា​ទេ​សម្រាប់​ពួក​មហាសេដ្ឋី​។ លោក​រ៉ា​ស​ខូ​ហ្វ​បានចង្អុលបង្ហាញ​ថា “​លោក ជេ​ហ្វ បេ​ហ្សូ​ស ស្ថាបនិក​ក្រុមហ៊ុន Amazon មាន​នាវា​ជា​មួយ​កន្លែង​ចត​ឧទ្ធម្ភាគចក្រ ដែល​បម្រើ​ជា​យាន​ដឹក​អ្នកដំណើរ​ទៅកាន់​នាវា​ធំ​របស់​គាត់ ដែល​នាវា​របស់គាត់​នឹង​ធ្វើដំណើរ​តាម​ឧទ្ធម្ភាគចក្រ​របស់គាត់​ក្នុងអំឡុងពេល​ហោះ​ឡើង​និង​ចុះចត​”​។​

​យោង​តាម​លោក រ៉ូបឺត វី​ស៊ីណូ (Robert Vicino)​ស្ថាបនិក​ក្រុមហ៊ុន​ផ្គត់ផ្គង់​លេណដ្ឋាន​រដ្ឋ​កាលីហ្វ័​រញ៉ា Vivos បានឱ្យដឹងថា លោក ប៊ី​ល ហ្គេត​មាន​ជម្រក​ក្រោម​ដី​ដ៏​ធំ​នៅ​ក្រោមផ្ទះ​នីមួយៗ​​របស់គាត់​។ ក្រុមហ៊ុន Vicino បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​ថ្មីៗ​នេះ​ថា “​ប្រធាន​សន្តិសុខ​របស់​គាត់​បាន​មកជួប​ពួកយើង​កាលពី​ពីរ​បី​ឆ្នាំមុន​។ សម្រាប់​ពួក​មហាសេដ្ឋី​ទាំងនេះ​លុយ​ពីរ​បី​ពាន់​​លាន​ដុល្លារ​គឺ​គ្មាន​ន័យ​អ្វី​ទេ​។ វា​គ្រាន់តែ​ជា​ទម្រង់​មួយ​នៃ​ការធានារ៉ាប់រង​ថ្មី​បំផុត​ប៉ុណ្ណោះ​”៕

លេណដ្ឋាន​ក្រោម​ដី​ដ៏​ប្រណីត​របស់​ពួក​មហាសេដ្ឋី​អាម៉េរិក ដែល​សង់​ឡើង​សម្រាប់​ករណី​ពូ​ទីន​បាញ់​កាំជ្រួច​នុយក្លេអ៊ែរ គឺ​មាន​អាងទឹ​កក្តៅ កន្លែង​វាយ​កូន​ហ្គោល និង​កន្លែង​កម្សាន្ត​ជាច្រើន​ទៀត​