​ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ ទិវា​រត់ប្រណាំង​អន្ដរជាតិ​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង លើក​ទី​២៧ គ្រោង​នឹង​រៀបចំ នា​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០២២ ខាងមុខ ហើយក៏​កំពុង​ទទួល បានការ​ចុះឈ្មោះ ជា​បណ្ដើរៗ ផងដែរ ។ នេះ​បើតាម​ការបញ្ជាក់​បន្ថែម​របស់លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) ។​

​មកទល់ពេលនេះ មាន​អ្នក​មក​ចុះឈ្មោះ ចូលរួម​រត់​ក្នុង​ព្រឹត្តិការណ៍​នេះ មាន​ចំនួន​ជិត​ ៣.០០០ នាក់​ហើយ​។ ជាមួយនឹង​ការចុះឈ្មោះ​ជា​បណ្ដោះអាសន្ន​នេះ គណៈកម្មការ រៀបចំ បាន​ប្ដេជ្ញា សម្រាប់​ព្រឹត្តិការណ៍​ឆ្នាំនេះ នឹង​រៀបចំ​ឲ្យ​កាន់តែ​ប្រសើរ និង​ធំ​ជាង ឆ្នាំ​កន្លងទៅ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ ជាតិ​-​អន្ដរជាតិ ចូលរួម​ឲ្យ​បាន​ច្រើន​កុះករ ដូច​កាល​មុន​ផ្ទុះ​ជំងឺ​កូ​វីដ​-១៩​។​

​នៅ​ថ្ងៃ​សុក្រ​ទី​២៣ កញ្ញា ម្សិលមិញ​នេះ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បរិច្ចាគ​ទឹកប្រាក់ ចំនួន ៣ ម៉ឺន​ដុល្លារ​អាមេរិក ដល់​មន្ទីរពេទ្យ​កុមារ និង​អង្គការ​មនុស្សធម៌ ចំនួន ៩ ដើម្បី​គាំទ្រ និង​ចូលរួម​សកម្មភាព​មនុស្សធម៌ ក៏ដូចជា ជួយ​កាត់បន្ថយ ការលំបាក មួយចំនួន​របស់​សង្គម និង​រួមចំណែក​អភិវឌ្ឍន៍​ប្រទេសជាតិ​។​

​លោក វ៉ា​ត់ ចំរើន បាន​មានប្រសាសន៍ថាៈ ថវិកា ៣ ម៉ឺន​ដុល្លារ​នេះ បានមកពី​ការ​ប្រមែ ប្រមូល ក្នុង​បរិបទ​កូ​វីដ ១៩ ពិសេស​អ្នកចូលរួម​រត់ប្រណាំង​អន្ដរជាតិ ពាក់កណ្ដាល ម៉ា​រ៉ា​តុង លើក​ទី​២៦ នៅ​អង្គរវត្ត ខេត្តសៀមរាប កាលពីដើមឆ្នាំ​២០២២ កន្លងទៅ ដែល​ត្រូវ​បែងចែក​ដល់​អង្គការ​នា​នា ក្នុងនោះ មាន​កាកបាទក្រហមកម្ពុជា ១ ម៉ឺន​ដុល្លារ ដែល NOCC នឹង​នាំយកទៅ​ប្រគល់ជូន​ដល់ទី​តាំង​ផ្ទាល់​នាពេល​ក្រោយ​។​

​អង្គការ​មនុស្សធម៌ ដែល​ទទួលបាន​ផ្ទាល់ នៅ​ទីស្នាក់ការ NOCC រួមមាន​៖ មន្ទីរពេទ្យ​គន្ធបុប្ផា ៥.០០០ ដុល្លារ​, អង្គការ Cambodia Trust ២.៥០០ ដុល្លារ​, អង្គការ Handicap International ២.០០០ ដុល្លារ និង​ថវិកា ១០.៥០០ ដុល្លារ​ទៀត បានប្រគល់​ជូន​អង្គការ​បេះដូង​មាស (Heart of Gold) ដែល​ទទួលបន្ទុក​អង្គការ​ពាក់ព័ន្ធ​ចំនួន​៥ មាន​អង្គការ Cambodia Disable Athletics Federation (CDAF), Support Disable Athletics, New Child Care Center (NCC), Physical Education Project និង​អង្គការ Youth Development Project​។​

​លោក សែម ផល្លា នាយក​បច្ចេកទេស​រៀប​ចំ​ព្រឹត្តិការណ៍​កីឡា និង​ទេសចរណ៍​នេះ បានបញ្ជាក់​ថាៈ ថវិកា​ទទួលបាន​ពី​ការរៀបចំ​ទិវា​រត់ប្រណាំង​អន្ដរជាតិ​ពាក់កណ្ដាល ម៉ា​រ៉ា​តុង លើក​ទី​២៦ នៅ​ខេត្តសៀមរាប លើក​នេះ មានការ​ថយចុះ​ច្រើន បើ​ធៀប​នឹង​លើក​មុនៗ ដោយសារ​ការរៀបចំ ក្នុង​បរិបទ​កូ​វីដ ១៩​។ ប៉ុន្ដែ​លោក​មាន ជំនឿ​ចិត្ត​ថា សម្រាប់​ការរៀបចំ​ក្រោយៗ នឹងមាន​អ្នកចូលរួម កើនឡើង​ច្រើន​ឡើងវិញ ដើម្បី​ទទួលបាន​នូវ​ថវិកា​ច្រើន សម្រាប់​គាំទ្រ​ដល់​អង្គការ​ដៃគូ ដែលជា​អង្គការ​ចូលរួម សកម្មភាព​មនុស្សធម៌ និង​ការងារ​សង្គម​៕/V​