សម្តេច​ក្រឡាហោម ស ខេង នឹង​ជួប​ជាមួយ​ស្ថានទូត​ចិន និង​វៀតណាម ដើម្បី​ដោះស្រាយ​ជនជាតិ​របស់ខ្លួន យកទៅ​ប្រទេស​វិញ​

​ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នឹង​ជួបពិភាក្សា​ជាមួយ​ជាមួយ​ឯកអគ្គរដ្ឋទូត នៃ​ស្ថានទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា ទាក់ទង​ករណី​ជនជាតិ​ចិន និង​វៀតណាម ដែល​ចូលមក​កម្ពុជា ធ្វើ​ការងារ​ខុសច្បាប់ ហើយ​ត្រូវបាន​អាជ្ញា​ធរមាន​សមត្ថកិច្ច​កម្ពុជា បង្ក្រាប​និង​ឃាត់ខ្លួន បានជា​បន្តបន្ទាប់​។​

​លោក​សន្តិ​បណ្ឌិត សុខ ផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​ក្រុមការងារ បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់ គ្រប់​ប្រភេទ​ទូទាំងប្រទេស បាន​ថ្លែងប្រាប់ ក្រុម​អ្នកសារព័ត៌មាន នៅ​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២២ យ៉ាង​ដូច្នេះ​ថាៈ “ មួយថ្ងៃ ពីរ​ថ្ងៃ​ទៀត​នេះ សម្តេច​ក្រឡាហោម ស ខេង លោក​ក៏​នឹង សំណូមពរ​ដល់​ស្ថានទូត​ចិន ស្ថានទូត​វៀតណាម គឺ​សំណូមពរ​ដើម្បី​សហការគ្នា ដោះស្រាយ​ជនជាតិ​របស់ខ្លួន យកទៅ​ប្រទេស​វិញ​។ ពីព្រោះ​យើង​មិន​មានអី​ដែលថា ធ្វើអំពើ​ហិង្សា ឬក៏​ចង់​ដាក់គុក ដាក់ច្រវ៉ាក់​អី ដល់​អ្នក​ទាំងអស់​នោះទេ សំខាន់​ឲ្យ​បាន សុខ​សប្បាយ ហើយ​ត្រឡប់​ទៅវិញ ឲ្យ​យល់បាន​ថា មក​ធ្វើ​ការងារ​នេះ​ខុសច្បាប់ របស់​កម្ពុជា ហើយ​មិនអាច​បន្ត​យកមក​ធ្វើ​អាជីវកម្ម ជា​អាជីព​សម្រាប់​ចិញ្ចឹម​ខ្លួន ចិញ្ចឹម​គ្រួសារ​ទេ គិត​រករឿង​អី​ផ្សេង​វិញ ហើយ​បើ​ទាំងអស់គ្នា យល់​ចឹ​ង​ទៅ ខេត្ត​ព្រះសីហនុ និង​ខេត្ត​នានា ជា​បណ្តើរៗ អាច​នឹង​ដោះស្រាយបាន ល្បែងស៊ីសង ខុសច្បាប់ និង​ការលក់ដូរ​មនុស្ស ការ​បង្ខាំង​មនុស្ស​អី ក៏​អាច​ថា វា​បញ្ចប់​បានដែរ​”​។​

​ជាមួយគ្នានេះ ប្រធាន​ក្រុមការងារ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ ទូទាំងប្រទេស ក៏បាន​ធ្វើការ​អំពាវនាវ​ដល់​អ្នក​ដែល​បើក​ល្បែងស៊ីសង ខុសច្បាប់ ទាំងអស់ មាន​ស្វ័យ​ភ្ញាក់រលឹក បញ្ឈប់​នូវ​ការបើក​លេងល្បែង​ស៊ីសង​ខុសច្បាប់​។​

​គួរ​បញ្ជាក់ថា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បានចេញ​បទបញ្ជា យ៉ាង​ម៉ឹងម៉ាត់​បំផុត ឲ្យ​ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់ ឲ្យ​ទាន់ពេលវេលា និង​ដាច់​ណាត់​បំផុត ដោយ​សម្តេច​បាន​សង្កត់​ធ្ងន់​ថា សម្តេច​មិន​ស្ទាក់ស្ទើរ​ជាមួយនឹង​ការ ដកចេញ​ពីមុខ​តំណែង​នូវ​អភិបាលខេត្ត រាជធានី អភិបាលស្រុក ខណ្ឌ ក្រុង ឬ​មន្ត្រីនគរបាល ថ្នាក់​ណាក៏ដោយ ដែល​រកឃើញថា មិន​ទទួលខុសត្រូវ លើ​មុខងារ​របស់ខ្លួន​៕/V​