​ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ ស្រប​ពេលដែល​ប្រជាពលរដ្ឋ នៅ​ទូទាំងប្រទេស កំពុងដំណើរការ​ចូល​រួម​ពិធីបុណ្យ​កាន់បិណ្ឌ ប្រកបដោយ​កំលាំង​សទ្ធា​ជ្រះថ្លា នៅ​ថ្ងៃ​សុក្រ ទី​២៣ ខែកញ្ញា ឆ្នាំ​២០២២ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោកស្រី ជា ស៊ីណា ឃួ​ង ស្រេង ព្រមទាំង​បុត្រ និង​ក្រុមគ្រួសារ អាជ្ញាធរ​ដែនដី មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ ក្រោម​ឱវាទ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ចូលរួម​ពិធី បុណ្យកាន់បិណ្ឌ​វេន​ទី​១៤ នៅ​វត្ត​និគ្រោធ​វ័ន គល់​ទទឹង ក្នុង​សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ ដោយ​ទឹកចិត្ត​រីករាយ​ជ្រះថ្លា​ក្រៃលែង ក្នុង​ព្រះពុទ្ធសាសនា​។​

​កម្មវិធី​បុណ្យ បាន​ប្រព្រឹត្ត​ទៅតាម​ប្រពៃណី ទំនៀម​ទំលាប់​ព្រះពុទ្ធសាសនា ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ ជូន​ដល់​បុព្វការី​ជន មាន​មាតា បិតា ជីដូន​ជីតា ញាតិ​ការ​ទាំង ៧​សន្ដាន ដែល​បាន​បាក់បែក​ចែក​ឋាន ទៅកាន់​លោក​ខាងមុខ សុំ​បាន​ទៅកាន់​សុគតិភព កុំបី​ឃ្លៀងឃ្លាត​ឡើយ​។ ជាមួយគ្នានេះ ក៏បាន​បង្ហាញ​ឲ្យ​ឃើញ ពី​មនោសញ្ចេតនា​គោរព​ប្រតិបត្តិ​ព្រះពុទ្ធសាសនា ដែលជា​សាសនា​របស់​រដ្ឋ ឱ្យ​ថ្កុំថ្កើង​រុងរឿង និង​ជា​ការជួប​ជុំរិត​ចំណង​សាមគ្គីភាព ក្នុង​មហា​គ្រួសារ​ខ្មែរ ក្នុងការ​ធ្វើបុណ្យ​ធ្វើ​ទាន បញ្ជូន​កុសល​ដល់​អ្នក​ដែល​បាន​លាចាក​លោក ទៅកាន់​លោក​ខាងមុខ ហើយ​នោះ​ផង​។​

​ព្រះ​ធា​នុ​រ័​ក្ខ គូ សុភាព ព្រះ​រាជាគណៈ ថ្នាក់​កិត្តិយស ព្រះ​ធម្មធរ​គណ រាជធានី​ភ្នំពេញ និង​ជា​ព្រះគ្រូ​សូ​ត្យ​ស្តាំ​វត្ត​និគ្រោធ​វ័ន (​គល់​ទទឹង​) បាន​សំដែង​ព្រះធម៌​ទេសនា ដោយបាន​លើកយក​រឿង​មគ្គ​មាន​ព្វ រួម​នឹង​សហការី​របស់ខ្លួន ចំនួន​៣២​នាក់​ផ្សេងទៀត បាន​ចំណាយ​កំលាំងកាយ​ចិត្ត កសាង​សមិទ្ធផល សំរាប់​ជា​ប្រយោជន៍​សាធារណៈ ជា​ប្រយោជន៍​សាសនា ដែល​ចុងក្រោយ​ដោយសារ​អំណាច​ផល្លា​និ​សង្ឃ ដែល​ខ្លួន​បាន​កសាង មគ្គ​មាន​ព្វ ក៏បាន​កើត​ទៅជា​ទេវតា​។​

​ក្នុងន័យ​នេះដែរ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍​ដែរ​ថាៈ កម្ពុជា​មានភ័ព្វ​សំណាង ដោយសារ​យើង​មាន​ថ្នាក់ដឹកនាំ ប្រកបដោយ​គតិបណ្ឌិត និង​ជា​ស្ថាបនិក​សន្តិភាព ដែល​បាន​ដឹកនាំ​ប្រទេសជាតិ ឱ្យ​ទទួលបាន​សុខសន្តិភាព ទាំងស្រុង​ពេញ​ផ្ទៃ​ប្រទេស ក្រោយពី​បាន​រំដោះ​ជីវិត​ប្រជាជន ចេញ​ផុតពី​ការកាប់សម្លាប់ របស់​របប​ប្រល័យពូជសាសន៍ ប៉ុល ពត សម្តេច​នៅបាន​គិតគូរ​ដល់​សុខមាលភាព ប្រជាពលរដ្ឋ ដោយ​ដាក់ចេញ​វិធានការ​ដ៏​មាន​ប្រសិទ្ធភាព ក្នុងការ​ទប់ស្កាត់​ការរីក​រាល ដាល​ជំងឺ​កូ​វីដ​.១៩ ធ្វើឱ្យ​កម្ពុជា អាច​បើក​ប្រទេស​ឡើងវិញ ធ្វើអោយ​សេដ្ឋកិច្ច សង្គម​និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ បាន​វិល​ទៅរក​ស្ថានភាព​ល្អប្រសើរ ឡើងវិញ​។​នេះហើយ​ជា​បុណ្យ​កុសល​ធំធេង​ណាស់​ដែល​សម្តេច​តេ​ជោ​បានធ្វើ សំរាប់​ជាតិ សាសនា និង​ព្រះមហាក្សត្រ​។​

​ជាមួយគ្នានេះដែរ លោក​អភិបាល និង លោកស្រី ព្រមទាំង​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ ក៏បាន​ចូល​រូ​ម​បូជា​ប្រទីប និង​បង្ហោះគោម ក្នុងន័យ​ថ្វាយ​ចំពោះ​ព្រះ​រតនត្រៃ និង​ផ្សព្វផ្សាយ មេត្តាចិត្ត​ឧទ្ទិស​បុណ្យ​កុសល​ដល់​ញាតិ​ញោម ដើម្បី​ឲ្យ​មានចិត្ត​ជ្រះថ្លា ស្ងប់​កើតមាន​មេត្តាធម៌ លប់បំបាត់​អំពើ​ក្រោធ​ក្នុង​ចិត្ត និង​ធ្វើ​ឲ្យ​អ្នកផង បាន​រីករាយ សប្បាយចិត្ត ជាមួយ​យើង​ដែរ ព្រមទាំង​បង្កើតបាន​នូវ​ពន្លឺ​ដ៏​ភ្លឺ​ត្រចះត្រចង់​ក្នុង​ចិត្ត ដូច​ប្រទីប និង​ការ​បង្ហោះគោម ដែល​ពេញ​ដោយ​ពន្លឺ​ភ្លឺរ​ទាល នាពេល​រាត្រី​។​

​ពិធីរាប់បាត្រ ត្រូវបាន​រៀបចំឡើង នៅ​ថ្ងៃទី​២៤ កញ្ញា រួច​វេ​ចង្ហាន់​ប្រគេន​ព្រះសង្ឃ បាយបត្តបូរ​ថ្វាយ​ព្រះសម្មាសម្ពុទ្ធ និង​ព្រះសង្ឃ​។ ទេយ្យទាន​ដែល​រដ្ឋបាល​រាជធានី ភ្នំពេញ នាំយកមក​វេរ ប្រគេន​ព្រះសង្ឃ រួមមាន សាដក ២២, អង្ករ​១០០​គីឡូក្រាម​, មី​៣០​កេស​, ទឹកក្រូច​៣០​កេស​, ទឹក​សុទ្ធ​១០០​កេស​, ស្ករស​១០០​គីឡូក្រាម​, ត្រីខកំប៉ុង ១​កេស​, ទឹកដោះ គោ​ខាប់​១​កេស​, ផ្លែឈើ​២​កន្ត្រក​, តាជី យាយជី​១៣៥​អង្គ​/​នាក់ ក្នុង​ម្នាក់ៗ​ក្រណាត់ស​១​ដុំ​, ប្រាក់​២​ម៉ឺន​រៀល​, បច្ច័យ​ប្រគេន​ព្រះសង្ឃ ២០៤ អង្គ ក្នុង​មួយអង្គ ៥​ម៉ឺន​រៀល​, ព្រមទាំង​មន្ត្រី​សង្ឃ​, សិស្ស និស្សិត ២៦​នាក់ ក្នុង​ម្នាក់ ២​ម៉ឺន​រៀល​។ ចំពោះ​បច្ច័យ​ដែល​ទទួលបាន​ពីស​ទ្ធា​ជ្រះថ្លា​របស់​ពុទ្ធបរិស័ទ ចាប់មគ្គផល សរុប​មាន​ចំនួន ៣៨.៦៤០.០០០ រៀល ដើម្បី​តំកល់ទុក​ក្នុង​ព្រះពុទ្ធសាសនា តរៀង​ទៅ​៕/V​