​ប្រែ​សម្រួលៈ​បំណង​(​ស៊ីន​ហួរ​, ស្ត្រេត​ថែមស៍​)៖ ចិន​បាន​និយាយ​ថា​អាម៉េរិក​កំពុង​បញ្ជូន​សញ្ញា​«​ខុសឆ្គង​ណាស់​និង​គ្រោះថ្នាក់​»​ស្តីពី​តៃវ៉ាន់​បន្ទាប់​ពី​រដ្ឋមន្ត្រី​ការបរទេស​អាម៉េរិក​បាន​ប្រាប់​សម​ភាគី​ចិន​កាល​​ពី​ថ្ងៃ​សុក្រ​ថា ការថែរក្សា​សន្តិភាព​និង​ស្ថិរភាព​កាត់​ច្រក​សមុទ្រ​តៃវ៉ាន់​មាន​សារសំខាន់​ស្លាប់​រស់​។​

​មន្ត្រី​អាម៉េរិក​ម្នាក់​បាន​ប្រាប់​អ្នកយក​ព័ត៌មាន​ថា បញ្ហា​តៃវ៉ាន់​ជា​ចំណុច​ផ្តោត​នៃ​កិច្ច​ពិភាក្សា​«​ដោយផ្ទាល់​និង​ដោយស្មោះ​»​អស់​៩០​នាទី​រវាង​រដ្ឋមន្ត្រី​ការបរទេស អ៊ែន​ថូ​នី ប្លីន​កិន និង​សម​ភាគី​ចិន វ៉ាង យី​​នៅក្រៅ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​នៅ​ក្រុង​ញូវយ៉ក​។​

​មន្ត្រី​ជាន់ខ្ពស់​ម្នាក់​នៃ​រដ្ឋាភិបាល​អាម៉េរិក​បាន​និយាយថា​«​សំរាប់​យើង លោក​រដ្ឋមន្ត្រី​បាន​ធ្វើ​ការបញ្ជាក់​ច្បាស់លាស់​ណាស់​ថា ស្របតាម​គោលនយោបាយ​ចិន​មួយ​ដែល​មាន​ជា​យូរ​មក​ហើយរ​បស់​យើង​និង​​មិន​ត្រូវបាន​ផ្លាស់ប្តូរ ការថែរក្សា​សន្តិភាព​និង​ស្ថិរភាព​កាត់​ច្រក​សមុទ្រ​តៃវ៉ាន់​មាន​សារសំខាន់​ស្លាប់​រស់​ខ្លាំងណាស់​»​។​

​តែ​លោក​វ៉ា​ង​បាន​ប្រាប់​ទៅ​លោក​ប្លីង​កិន​វិញ​ថា «​បេសកកម្ម​របស់​យើង​គឺ​ការពារ​អធិបតេយ្យ​និង​បូរណភាព​ទឹកដី ហើយ​វា​មិន​មាន​ភាព​មិន​ច្បាស់លាស់​ទេ​អំពី​រឿង​នេះ​» នេះ​បើ​តាម​សារព័ត៌មាន​ចិន​ស៊ីន​​ហួរ​ផ្សាយ​នៅ​ថ្ងៃ​សៅរ៍​។​

​សារព័ត៌មាន​ចិន​ដដែល​បាន​និយាយថា លោក​វ៉ាង​បាន​រំលឹក​សម​ភាគី​ប្លីង​កិន​ថា អាម៉េរិក​បាន​ធ្វើ​ការសន្យា​ផ្នែក​នយោបាយ​យ៉ាង​ច្បាស់​ជាមួយ​ចិន​ទាក់ទង​នឹង​បញ្ហា​តៃវ៉ាន់ រួម​មាន​សេចក្តីថ្លែងការណ៍​រួម​​ចំនួន​បី​កាលពី​ប៉ុន្មាន​ទសវត្សរ៍​មុន​និង​សេចក្តីថ្លែងការណ៍​ថែម​ទៀត​កាលពី​ពេល​ថ្មីៗ​ពី​រដ្ឋាភិបាល​អាម៉េរិក ដែល​ថា​ខ្លួន​«​មិន​គាំទ្រ​ឯករាជ្យភាព​តៃវ៉ាន់​»​។​

​ក្រោយ​ជំនួប​កាលពី​ថ្ងៃ​សុក្រ ក្រសួងការបរទេស​ចិន បាន​និយាយថា អាម៉េរិក​«​កំពុង​បញ្ជូន​សញ្ញា​ខុសឆ្គង​និង​គ្រោះថ្នាក់​ណាស់​»​ស្តី​ពី​តៃវ៉ាន់ និង​កម្ម​ភាព​ទាមទារ​ឯករាជ្យភាព​នៅ​តៃវ៉ាន់ ដោយ​វា​កាន់តែ​​បន្ថយ​ឳ​កាស​នៃ​ដំណោះស្រាយ​ដោយ​អហិង្សា​មួយ​។​ក្រសួង​បាន​ស្រង់​សម្តី​របស់​លោក​វ៉ាង​ដែលថា «​បញ្ហា​តៃវ៉ាន់​ជា​បញ្ហា​ផ្ទៃក្នុង​មួយ​របស់​ចិន និង​សហរដ្ឋ​អាម៉េរិក​មិនមាន​សិទ្ធិ​ជ្រៀតជ្រែក​វិធីសាស្ត្រ​ដោះ​​ស្រាយ​វា​ទេ​»​។​

​សូមបញ្ជាក់​ថា ភាព​តានតឹង​រវាង​ចិន​និង​អាម៉េរិក​បាន​ស្ទុះ​ឡើង​ក្រោយ​ដំណើរ​ទស្សនកិច្ច​មួយ​កាលពី​ខែ​សីហា​របស់​ប្រធានសភា​អាម៉េរិក ដែល​បង្ខំ​អោយ​ចិន​បញ្ចេញ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​បំផុត​នៅ​ជុំវិញ​​កោះ​តៃវ៉ាន់ និង​ការសន្យា​របស់​ប្រធានាធិបតី​អាម៉េរិក​ថា​នឹង​ប្រើ​កម្លាំងយោធា​ដើម្បី​ការពារ​កោះ​សេរីនិយម​នេះ​។​

​សេត​វិមាន​នៅតែ​និយាយ​ថា​គោល​នយោបាយ​តៃវ៉ាន់​របស់​ខ្លួន​មិន​បាន​ផ្លាស់ប្តូរ​ទេ តែ​ចិន​បាន​និយាយ​ថា​សម្តី​របស់​បៃ​ដិនបាន​បញ្ជូន​សារខុ​ស​ទៅ​កាន់​ពួក​ស្វះស្វែង​រក​ឯករាជ្យភាព​នៅលើ​កោះ​តៃវ៉ាន់​។​ក្នុង​​ការហៅ​ទូរស័ព្ទ​ទៅកាន់​សម​ភាគី​អាម៉េរិក​កាលពី​ខែ​កក្កដា ប្រធានាធិបតី​ចិន​លោក ស៊ី ជីន​ភីង បាន​និយាយ​ព្រមាន​អំពី​បញ្ហា​តៃវ៉ាន់​នេះ​ថា​«​អ្នក​លលេង​ជាមួយ​ភ្លើង​នឹង​អន្តរាយ​ខ្លួនឯង​»

​មន្ត្រី​អាម៉េរិក​បាន​និយាយថា ក្នុងជំនួប​កាលពី​ថ្ងៃ​សុក្រ លោក​ប្លីង​កិនក៏​បានលើកឡើអំ​ពី​ផលវិបា​ក បើសិនជា​ចិន​គាំទ្រ​ខាង​សម្ភារ​ដល់​ការឈ្លានពាន​របស់​រុស្ស៊ី​នៅ​អ៊ុ​យក្រែន ឬក៏​ពាក់ព័ន្ធ​នឹង​ការ​គេច​​វេស​មិន​អនុវត្ត​ទណ្ឌកម្ម​ទាំងមូល​លើ​រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ​។​

​បើ​តាម​សារព័ត៌មាន​ចិន​ស៊ីន​ហួរ រដ្ឋមន្ត្រីការបរទេស​ចិន​កាលពី​ថ្ងៃ​សុក្រ​បាន​ប្រាប់​ទៅ​សម​ភាគី​អាម៉េរិក​ថា ទំនាក់ទំនង​ចិន​-​អាម៉េរិក រង​ផលប៉ះពាល់​យ៉ាង​អាក្រក់​នៅពេលនេះ​ហើយ​មេរៀន​នេះ​គួរ​ភាគី​​អាម៉េរិក​រៀនសូត្រ​៕

​លោក​វ៉ាង និង​លោក​ប្លីង​កិន ជួប​គ្នា​នៅ​ក្រៅ​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី​៧៧​កាលពី​ថ្ងៃ​សុក្រ​នៅ​ក្រុង​ញូវយ៉ក​