ដោយ​៖ វណ្ណៈ / ព្រះសីហនុ​៖ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០២២ នេះ លោក គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាល ខេត្ត​ព្រះសីហនុ និង​លោក វ៉ាង វិ​ន​ធាន ឯកអគ្គរដ្ឋទូត​ចិន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​សួរសុខទុក្ខ​ជនរងគ្រោះ លិច​ទូក​ចំនួន ពីរ​នាក់ ដែល​កំពុង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​។

​មន្ត្រី​រដ្ឋបាលខេត្ត បាន​ឲ្យ​ដឹងថាៈ ជនរងគ្រោះ​ទាំង ពីរ​នាក់​នេះ គឺជា​ជនរងគ្រោះ ក្នុងចំណោម​ជនរងគ្រោះ​ផ្សេងទៀត ដែល​ត្រូវបាន​ជួយសង្គ្រោះ ក្នុងករណី​លិច​ទូក នៅ​ចំណុច​និយាម​កា ១០.២៥N ១០៣.១៦E នៅ​ចន្លោះ​ពយ​សា​រឿង និង​កោះតាង ក្នុងភូមិ​សាស្ត្រ​ខេត្ត​ព្រះសីហនុ កាលពី​ព្រឹក​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០២២ កន្លងមក ហើយ​ត្រូវបាន​ជួយសង្គ្រោះ ដោយ​ប្រជា​នេសាទ នៅ​រសៀល​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២២ ។​

​សូម​ជម្រាបជូន​ថា ជនរងគ្រោះ​ដោយសារ​ករណី​លិច​ទូក​នេះ មាន​ចំនួន​សរុប ៤១ នាក់ និង​ត្រូវបាន​ជួយសង្គ្រោះ សរុប ២២ នាក់ (​ស្លាប់​១​នាក់​) និង​បាត់​ខ្លួន ១៩ នាក់ ដោយ​សមត្ថកិច្ច និង​ក្រុម​ជួយសង្គ្រោះ កំពុង​ស្វែងរក​អ្នក​បាត់​ខ្លួន​បន្តទៀត​។​

​ដោយឡែក តាម​ព័ត៌មាន​មិនទាន់​ផ្លូវការ បានឱ្យដឹងថាៈ ជនរងគ្រោះ​ចំនួន ៩ នាក់ ផ្សេងៗ​ទៀត បាន​ហូរ​ទៅកាន់​ព្រំ​ដែនទឹក ប្រទេស​វៀតណាម និង​ត្រូវបាន​ជួយសង្គ្រោះ ដោយ​អាជ្ញាធរ​វៀតណាម​ផងដែរ ដោយ​ករណីនេះ ស្ថានទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាននិងកំពុង​ធ្វើការ​ទំនាក់ទំនង ជាមួយ​ស្ថានទូត សាធារណរដ្ឋ​ចិន ប្រចាំ​ប្រទេស​វៀតណាម ដើម្បី​បញ្ជាក់​ពី​ភាពច្បាស់លាស់ បន្ថែមទៀត​៕/V​