ដោយ​៖ វណ្ណៈ / ព្រះសីហនុ​៖ សាកសព​ជនរងគ្រោះ ជា​ជន​ជាតិចិន​ចំនួន ពីរ​នាក់​ទៀត ត្រូវបាន​រកឃើញ​អ​ណ្តែ​កលើ​សមុទ្រ ត្រង់ចំណុច 10 18 032 និង 103 36 664 ក្នុង​លម្ហ​សមុទ្រ​កម្ពុជា នៅវេលា​ថ្ងៃត្រង់ ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០២២ នេះ​។ នេះ​ជា​សាកសព​ទី​៣​ហើយ ដែល​រកឃើញ ក្រោយ​ហេតុការណ៍​លិច​ទូក ដឹក​ជនជាតិ​ចិន មួយគ្រឿង នៅ​ជិត​កោះតាង កាលពី​ថ្ងៃទី​២២ កញ្ញា ២០២២ កន្លងទៅ​ថ្មីៗ​នេះ​។​

​អាជ្ញាធរខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថាៈ ប្រតិបត្តិ​ការស្វែងរក​ជនរងគ្រោះ ដែល​បាត់​ខ្លួន ពី​ការ​លិច​ទូក ក្នុង​លម្ហ​សមុទ្រ ជិត​កោះតាង គិត​មកដល់​ថ្ងៃត្រង់ ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០២២ នេះ កំពុង​ធ្វើ​បន្ត ដែល​តាម​អាជ្ញាធរខេត្ត បញ្ជាក់ថា នៅមាន​អ្នក​បាត់​ខ្លួន ចំនួន ១៧ នាក់​ទៀត ចំណោម​អ្នក​នៅលើ​ទូក សរុប ៤១ នាក់ ក្នុងនោះ ២១ នាក់ បាន​ជួយសង្គ្រោះ​រួច​ផុតពី​ស្លាប់ និង​មាន​ជនរងគ្រោះ ៣ នាក់​ហើយ បាន​ស្លាប់ សរុប​អ្នក​រកឃើញ ២៤ នាក់ នៅ​បាត់​ខ្លួន ១៧ នាក់​ទៀត ។​

​យោងតាម​សមត្ថកិច្ច ក៏ដូចជា ប្រជាពលរដ្ឋ អ្នក​នេ​សា និង​ក្រុម​សង្គ្រោះ ដែល​កំពុង​ស្វែង រក​ជនរងគ្រោះ ក្នុង​លម្ហ​សមុទ្រ បាន​សន្និដ្ឋានថា តាម​ស្ថានភាព​រលក​សមុទ្រ ជនរងគ្រោះ មួយចំនួន អាច​រសាត់អណ្តែត​ចេញ​ផុតពី​ដែនទឹក​កម្ពុជា ចូល​ទៅដល់​ដែនទឹក ប្រទេសជិតខាង និង​ថា​មិនទាន់​ដឹង​ពី​ជោគវាសនា យ៉ាងណា​នៅឡើយ​។​

​ទោះជា​យ៉ាងនេះ​ក្តី ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក គួច ចំរើន អភិបាល ខេត្ត​ព្រះសីហនុ និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត ក្រុម​សង្គ្រោះ ទាំង​សមត្ថកិច្ច វិ​ស​យ័​ឯកជន រួម​នឹង​ពលរដ្ឋ អ្នកនេសាទ នៅតែ​បន្ត​ស្វែងរក ជាមួយនឹង​ការជូន​ពរ ឲ្យ​ជនរងគ្រោះ រួច​ផុតពី​គ្រោះថ្នាក់​៕/V​