ដោយ​៖ ម៉េង​ឆៃ / ភ្នំពេញ​៖ នៅក្នុង​សប្តាហ៍​នេះ មាន​ព្រឹត្តិការណ៍​ជាតិ​ជាច្រើន បានកើត​ឡើង ពិសេស​កម្ពុជា ប្រារព្ធ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ និង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ចូលរួម​មហាសន្និបាត​អង្គការសហប្រជាជាតិ សម្តេច​អញ្ជើញ​ទស្សនកិច្ច នៅ​គុយបា និង​ចូលរួម​ពិធី​បុណ្យសព​អតីត​នាយករដ្ឋមន្ត្រី ជប៉ុន លោក ស៊ីន​ហ្សូ អា​បេ នៅ​ទីក្រុង​តូ​ក្យូ​។​

១-​សម្តេច​ក្រឡាហោម ស ខេង ដឹកនាំ​កិច្ចប្រជុំ ស្តីពី​ការបង្ក្រាប​បទល្មើស​ជួញដូរ​មនុស្ស និង​ការបង្ក្រាប​បទល្មើស​ល្បែងស៊ីសង​ខុសច្បាប់​

​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ កាលពី​ព្រឹក ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០២២ បាន​ដឹកនាំ​កិច្ចប្រជុំ ជាមួយ​មន្ត្រី​ពាក់ព័ន្ធ អំពី​ករណី​បង្ក្រាប​បទល្មើស​ជួញដូរ​មនុស្ស និង​ការបង្ក្រាប​បទល្មើស​ល្បែងស៊ីសង ខុសច្បាប់​។ កិច្ចប្រជុំ​នេះ ឡើង​ឡើង នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ ដោយមាន​ការចូលរួម​ពី​អភិបាល​រាជធានី​-​ខេត្ត ព្រមទាំង​អគ្គស្នងការ​នគរបាល​ជាតិ និង​ស្នងការ​នគរបាល​ខេត្ត​-​រាជធានី ព្រមទាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ផងដែរ​។​

២- សម្តេច​តេ​ជោ ហ៊ុន សែន ផ្តល់ប្រាក់​ឧបត្ថម្ភ ៥ ម៉ឺន​រៀល បន្ថែម​លើ​ប្រាក់បៀវត្ស ដល់​មន្ត្រីរាជការ​គ្រប់​ប្រភេទ ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានប្រកាស​ផ្តល់នូវ​ប្រាក់ឧបត្ថម្ភ​ចំនួន ៥​ម៉ឺន​រៀល បន្ថែម​លើ​ប្រាក់បៀវត្ស​បច្ចុប្បន្ន ជូន​ដល់​មន្ត្រីរាជការ​គ្រប់​ប្រភេទ នៅ​ថ្ងៃ​ភ្ជុំបិណ្ឌ​។ ការឧបត្ថម្ភ​ប្រាក់​បន្ថែម​នេះ គឺជា​ការលើកទឹកចិត្ត​របស់ រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា សម្តេច​តេ​ជោ ហ៊ុន សែន ដែល​តែង​ធ្វើជា​ប្រចាំ នៅក្នុង​ពិធីបុណ្យ​ជាតិ​ធំៗ ដូចជា បុណ្យចូលឆ្នាំ និង​បុណ្យ​ភ្ជំបិណ្ឌ នាពេលនេះ ជាដើម​។ ក្រសួង​មុខងារសាធារណៈ ប្រកាសថា មន្ត្រីរាជការ​កម្ពុជា ស្ថិតក្នុង​ក្របខណ្ឌ សរុប​មាន​ប្រមាណ​ជាង ៤០​ម៉ឺន​នាក់ ដែល​ត្រូវ​ទទួលបាន​នូវ​ប្រាក់ឧបត្ថម្ភ​នេះ ដែលមាន​ទឹកប្រាក់​សរុប​ប្រមាណ ៧​លាន​ដុល្លារ​អាម៉េរិក​។​

៣-​ក្រសួងទេសចរណ៍ ដាក់ចេញ​វិធានការ​ណែនាំ ក្នុងការ​ការគ្រប់គ្រង​ចរន្ត​ភ្ញៀវទេសចរ ក្នុងឱកាស​ពិធីបុណ្យ​កាន់បិណ្ឌ​-​ភ្ជុំបិណ្ឌ

​ក្រសួងទេសចរណ៍ ក្នុងឱកាស​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​នេះ បានដាក់​ចេញ​នូវ វិធាន​ការណែនាំ​មួយចំនួន សំដៅ​ធានា​អោយបាន​ល្អ​នូវ​ការគ្រប់គ្រង​ចរន្ត​ភ្ញៀវទេសចរ និង​ពង្រឹងគុណភាព​ផលិតផល​ទេសចរណ៍​។ ក្នុងឱកាស​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​នេះ ក្រសួងទេសចរណ៍ ព្យាករ​ថា នឹងមាន​ភ្ញៀវទេសចរ​ផ្ទៃក្នុង​ច្រើន ធ្វើដំណើរ​កម្សាន្ត​ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស​។ ដើម្បី​ស្វាគមន៍​អ្នកទេសចរ ក្នុងឱកាស​បុណ្យ​ភ្ជំបិណ្ឌ​នេះ អាជ្ញាធរ​មូលដ្ឋាន ព្រះសង្ឃ គណៈកម្មការ អាចារ្យវត្ត និង​ផ្នែក​ឯកជន បានរៀបចំ​ការងារ​សំខាន់ៗ​មួយចំនួន ដូចជា រៀបចំ​កែលម្អ សោភ័ណភាព និង​អនាម័យ​បរិស្ថាន នៅ​រមណីយដ្ឋាន តំបន់​ទេសចរណ៍ និង​អាហារ​ដ្ឋា​ន​របស់ខ្លួន ជាដើម​។​

៤-​ចិន ផ្តល់​រថយន្តយោធា​ជាង ១០០​គ្រឿង និង​សម្ភារៈ​មួយចំនួន​ដល់​កម្ពុជា
​ក្រសួង​ការពារ​ប្រទេស​ចិន បានផ្តល់​រថយន្ត​ជាង ១០០ គ្រឿង និង​សម្ភារៈ​យោធា ជូន​ក្រសួងការពារជាតិ​កម្ពុ​ជា នៅ​ព្រឹក​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០២២​។ ពិធី​ប្រគល់ និង​ទទួល​រថយន្ត និង​សម្ភារៈ​យោធា​ទាំងនោះ បានធ្វើ​ឡើង​ក្រោម​អធិបតីភាព សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​លោក វ៉ាង វិ​ន​ធាន ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន កងរាជអាវុធហត្ថ ភ្នំ​ជុំ​រីករាយ ក្នុងស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង​។​

៥- ក្រសួង​ធនធានទឹក និង​ឧតុនិយម ប្រកាស​ឱ្យ​ប្រជាពលរដ្ឋ នៅ​ព្រំដែន​ថៃ ប្រុងប្រយ័ត្ន​ជំនន់​ទឹកភ្លៀង អំឡុងពេល​ភ្ជុំបិណ្ឌ

​ក្រសួង​ធនធានទឹក និង​ឧតុនិយម បានប្រកាស អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ អោយ​បន្ត​ការ​ប្រុង​ប្រ​យ​ត្ន័​ខ្ពស់ ចំពោះ​ទឹកជំនន់ ដែល​អាច​កើត​មកពី​បរិមាណ​ទឹកភ្លៀង ច្រើន​ហួស​កម្រិត និង​ជំនន់​ទឹកភ្លៀង ដែល​នឹង​បន្ត​ធ្លាក់​បន្ថែម​ថ្មី​ផ្ទួនៗ​ទៀត ជាពិសេស នៅក្នុង​ភូមិសាស្ត្រ​នៃ​តំបន់​ជាប់​ជួរ​ភ្នំ ទំនាប​ជាប់​ក្បែរ​ផ្លូវទឹក និង​ភូមិសាស្ត្រ​ជាប់​ព្រំដែន​ថៃ ចាប់ពី​ថ្ងៃទី​២១-២៧ ខែកញ្ញា ឆ្នាំ​២០២២​។​

៦-​សម្ដេច​តេ​ជោ ហ៊ុន សែន ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ ទៅ​ចូលរួម​មហាសន្និបាត អង្គការសហប្រជាជាតិ បំពេញ​ទស្សនកិច្ច​នៅ​គុយបា និង​ជប៉ុន

​កាលពី​ព្រឹក​ថ្ងៃទី​២១ ខែកញ្ញា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ ព្រះរាជាណាចក្រ​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ អញ្ជើញ​ធ្វើដំណើរ​ចាកចេញ ពី​ប្រទេស​កម្ពុជា ដើម្បី​ទៅ​បំពេញ​ទស្សនកិច្ច​ការងារ នៅ​អាមេរិក ដើម្បី​ចូលរួម​មហាសន្និបាត អង្គការសហប្រជាជាតិ បន្ទាប់មក​សម្តេច បំពេញ​ទស្សនកិច្ច នៅ​គុយបា និង​នៅ​ជប៉ុន រយៈពេល ១​សប្តាហ៍ ចាប់ពី​ថ្ងៃទី​២១ ខែកញ្ញា រហូតដល់​ថ្ងៃទី​២៨ ខែកញ្ញា ខាងមុខ​។

៧-​ទិវា​សន្តិភាព​អន្តរជាតិ ឆ្នាំនេះ ផ្តោតលើ​ការពង្រឹង​សាមគ្គីភាព​អន្តរជាតិ ការថែរក្សា និង​លើកកម្ពស់​សន្តិភាព

​កាលពី​ថ្ងៃទី​២១ កញ្ញា គឺជា​ទិវា​សន្តិភាព​អន្តរជាតិ​។ ក្នុងឱកាស​ទិវា​សន្តិភាព​អន្តរជាតិ ឆ្នាំនេះ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ​ហ៊ុន សែន បានចេញ​សារលិខិត​មួយ ដើម្បី​អបអរ ដោយ​ផ្តោតលើ​ការពង្រឹង​សាមគ្គីភាព​អន្តរជាតិ ការថែរក្សា និង​លើកកម្ពស់​សន្តិភាព​។​

៨- ឆ្នាំ​២០២៣ កម្មករនិយោជិត ក្នុង​វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ នឹង​ទទួលបាន ប្រាក់​ឈ្នួល ចំនួន ២០០​ដុល្លារ​អាមេរិក ក្នុង ១​ខែ​

​កិច្ចប្រជុំ​ចរចា​ត្រីភាគី លើ​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្ម​ករ និយោជិត ក្នុង​វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ ឆ្នាំ​២០២៣ បានសម្រេច​ឯកភាពគ្នា កាលពី​ថ្ងៃទី​២១ ខែកញ្ញា គឺ​កម្មករ និយោជិត​ពេញសិទ្ធិ នឹង​ទទួលបាន​ប្រាក់​ឈ្នួល​អប្បបរមា ចំនួន ២០០ ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ​២០២៣ ខាងមុខ និង​កម្មករនិយោជិត​សាកល្បង នឹង​ទទួលបាន​ចំនួន ១៩៨​ដុល្លារ​។ ចំនួន​ប្រាក់​ឈ្នួល ឆ្នាំ​២០២៣ នេះ បាន​កើនឡើង ៦​ដុល្លារ បើ​ធៀប​នឹង​ឆ្នាំ​២០២២ នេះ​។​

៩- អាជ្ញាធរ ប្រកាស​ឲ្យ​អ្នក​ធ្លាប់​បាត់​ម៉ូតូ មក​ស្វែងរក​នៅ​ទីតាំង​រក្សាទុក ក្រោយ​សមត្ថកិច្ច ដកហូត​ម៉ូតូ ដែល​គ្មាន​ឯកសារ​ជាង ២០០​គ្រឿង ពី​កន្លែង​បញ្ចាំ​ឃ្លាំង​រំសេវ

​អាជ្ញាធរ​សមត្ថកិច្ច បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ដែល​ធ្លាប់​បាត់​ម៉ូតូ អាច​យក​ឯកសារ សម្គាល់ ទៅ​ផ្ទៀងផ្ទាត់ នៅ​ទីតាំង​រក្សាទុក នៅ​តំបន់ OCIC ក្នុង​ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​។ ម៉ូតូ​ជិត ១.០០០ គ្រឿង ត្រូវបាន​រឹបអូស​ពី​ហាង​បញ្ចាំ​ខុសច្បាប់ នៅ​តំបន់​ឃ្លាំង​រំសេវ ក្នុង​រាជធានី​ភ្នំពេញ​។ ក្នុងករណី​ពិនិត្យឃើញថា មាន​ភិនភាគ​ម៉ូតូ របស់ខ្លួន អាច​យក​ឯកសារ​ពាក់​ព័ន្ធ​ច្បាប់ដើម ដូចជា​៖ អត្តសញ្ញាណប័ណ្ណ ប័ណ្ណ​សម្គាល់​យានយន្ត ពាក្យបណ្ដឹង និង​ឯកសារ​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត ដែល​បញ្ជាក់​កម្មសិទ្ធិ​ត្រឹមត្រូវ នោះ​សមត្ថកិច្ច នឹង​ប្រគល់​ម៉ូតូ ជូន​វិញ​។​

១០-​តុលាការ​ខ្មែរក្រហម សម្រេច​តម្កល់​ការផ្តន្ទាទោស លោក ខៀវ សំផន ដាក់ពន្ធនាគារ​អស់​១​ជីវិត

​ដូច​ការគ្រោងទុក កាលពី​ព្រឹក​ថ្ងៃទី​២២ ខែកញ្ញា អង្គជំនុំជម្រះ​តុលាការ​កំពូល នៃ​សាលាក្តី​ខ្មែរក្រហម បានប្រកាស​សាលដីកា​លើ​បណ្តឹងសាទុក្ខ ដោយ​សម្រេច​តម្កល់ សាលក្រម​របស់​អង្គជំនុំជម្រះ​សាលាដំបូង ដែល​បាន​ផ្តន្ទាទោស​លោក ខៀវ សំផន អតីត​ប្រមុខរដ្ឋ​សម័យ​ខ្មែរក្រហម អាយុ ៩១​ឆ្នាំ អោយ​ជាប់ពន្ធនាគារ​អស់​មួយជីវិត ក្នុង​សំណុំរឿង​០០២/០២ ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​នានា ក្នុងសម័យ​ខ្មែរក្រហម​។

១១-​សម្ដេច​តេ​ជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ ជាមួយ​មន្ត្រីជាន់ខ្ពស់ UN និង​ថ្នាក់ដឹកនាំ​ប្រទេស​ជា​មិត្ត​ជាច្រើន

​អំឡុងពេល​បំពេញបេសកកម្ម​ការងា​រ នៅ​អង្គការសហប្រជាជាតិ នៅ​ទីក្រុង​ញូវយ៉ក ចាប់ពី​ថ្ង​ទី​២១-២៣ ខែកញ្ញា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ជួបពិភាក្សា​ការងារ​ទ្វេភាគី ដាច់ដោយឡែក ជាមួយ​មន្ត្រី​អគ្គលេខាធិការ អង្គការសហប្រជាជាតិ ប្រធាន​អង្គការ UNDP ជួប​នាយករដ្ឋមន្ត្រី​បង់​ក្លា​ដេ​ស និង​នាយករដ្ឋមន្ត្រី​ទី​ម័​រ​ខាងកើត​។

១២- ពលរដ្ឋ សម្រុក​ជិះ​ឡើង​រថយន្តក្រុង និង​រថភ្លើង ដោយ​ឥតគិតថ្លៃ ទៅ​ស្រុកកំណើត ក្នុងឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ

​នៅ​ថ្ងៃទី​២៣ ខែកញ្ញា មាន​ពលរដ្ឋ​ជាច្រើន​នាក់ បានចាប់ផ្តើម​ជិះ​ឡើង​រថយន្តក្រុង និង​រថភ្លើង ដោយ​ឥតគិតថ្លៃ ចេញពី​ភ្នំពេញ ទៅកាន់​ស្រុកកំណើត តាម​បណ្តា​ខេត្ត​នានា ក្នុងឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​។ ពលរដ្ឋ បាន​លើកឡើងថា ការផ្តល់​រថយន្តក្រុង និង​រថភ្លើង ឲ្យ​ជិះ​ដោយ​ឥតគិតថ្លៃ​នេះ គឺ​បាន​ជួយ​សម្រួល​បន្ទុក​ចំណាយ​ច្រើន ក្នុងការ​ធ្វើដំណើរ ទៅកាន់​ស្រុកកំណើត​។

១៣-​ករណី​លិច​ទូក​ដឹក​ជនជាតិ​ចិន ៤១​នាក់ នៅ​ជិត​កោះតាង ខេត្ត​ព្រះសីហនុ បាត់​ខ្លួន ២៣​នាក់​

​កាលពី​ថ្ងៃទី​២២ ខែកញ្ញា មាន​ករណី​លិច​ទូក ចំនួន ១​គ្រឿង ដែល​ដឹក​ជនជាតិ​ចិន ៤១​នាក់ ស្ថិតនៅ​ចន្លោះ​ពយ​សា​រឿង និង​កោះតាង ក្នុង​ខេត្ត​ព្រះសីហនុ​។ ក្នុង​ហេតុការណ៍​នោះ ភ្លាមៗ គេ​បាន​ជួយសង្គ្រោះ​បាន ១៨​នាក់ ហើយ ២៣​នាក់​ទៀត បាត់​ខ្លួន​។ រហូតដល់​ថ្ងៃទី​២៣ ខែកញ្ញា អាជ្ញាធរ​សមត្ថកិច្ច បាន​អះអាងថា រកឃើញ​សាកសព ២​នាក់ និង​ជួយ​សង្គ្រោះបាន​បុរស​ម្នាក់​ហើយ​។ ប្រតិបត្តិ​រុករក និង​ជួយសង្គ្រោះ នៅ​បន្តធ្វើ នៅ​តំបន់​ទូក​លិច​ជិត​កោះតាង​នោះ​។​

១៤-​សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ធ្វើ​សេចក្តីថ្លែងការណ៍ ក្នុង​មហាសន្និបាត អង្គការសហប្រជាជាតិ លើក​ទី​៧៧ ទីក្រុង​ញ៉ូ​វ​យ៉​ក សហរដ្ឋអាមេរិក​

​នៅ​ម៉ោង ១៣:៥០​នាទី រសៀល ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២២ ម៉ោង​នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក ត្រូវ​នឹង​ម៉ោង ០០:៥០​នាទី​យប់ ម៉ោង​នៅ​ប្រទេស​កម្ពុជា ឈានចូល​ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ​២០២២ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ឡើង​ធ្វើ​សេចក្តីថ្លែងការណ៍ នៅក្នុង​មហាសន្និបាត អង្គការសហប្រជាជាតិ លើក​ទី​៧៧ ទីក្រុង​ញ៉ូ​វ​យ៉​ក សហរដ្ឋអាមេរិក​។​

១៥-​សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ ទៅដល់​ប្រទេស​គុយបា ប្រកបដោយ​សុវត្ថិភាព ដើម្បី​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​

​នៅ​ម៉ោង ៩:៣០​នាទី ម៉ោង​នៅ​ប្រទេស​គុយបា កាលពី​ល្ងាច​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២២ ត្រូវ​នឹង​ម៉ោង ៨:៣០​នាទី នៅ​ប្រទេស​កម្ពុជា នា​ព្រឹក​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០២២ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ នៃ​រាជរដ្ឋាភិបាល​កម្ពុជា ធ្វើដំណើរ​ទៅដល់​ប្រទេស​គុយបា ប្រកបដោយ​សុវត្ថិភាព​ហើយ ដើម្បី​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​។ ក្នុងកំឡុងពេល​ទស្សន​កិច្ច​ផ្លូវការ ជា​លើក​ទី​២​នេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ជួប​ទ្វេភាគី​ជាមួយ​លោក​ប្រធានាធិបតី មី​ហ្គេ​ល ឌី​យ៉ា​ស​-​កា​ណែ​ល បឺ​មូ​ដេ​ស ដើម្បី​ពិភាក្សា​អំពី​មធ្យោបាយ ដើម្បី​បន្ត​ពង្រឹង ចំណងមិត្តភាព​ដ៏​រឹងមាំ​រវាង​កម្ពុជា និង​គុយបា និង​ពង្រីក​កិច្ចសហប្រតិបត្តិការ ក្នុង​វិស័យ​ផ្សេងៗ​។ បន្ទាប់ពី​ជំនួប​នេះ ថ្នាក់ដឹកនាំ​ទាំងពីរ នឹង​អញ្ជើញ​ធ្វើជា​អធិបតី ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​សំខាន់ៗ ចំនួន​៥ រួមមាន​៖
១- កម្មវិធី​នៃ​កិច្ចសហប្រតិបត្តិការ និង​ការផ្លាស់ប្តូរ​វប្បធម៌
២- អនុស្សរណៈ​យោគយល់​គ្នា ស្តីពី​កិច្ចសហប្រតិបត្តិការ រវាង​វិទ្យាស្ថាន​ការទូត នៃ​ប្រទេស​ទាំងពីរ
៣- អនុស្សរណៈ​យោគយល់​គ្នា ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​ការអភិវឌ្ឍ​កីឡា
៤- គម្រោង​កិច្ចសហប្រតិបត្តិការ​រ​វាង​ក្រសួងការបរទេស​នៃ​ប្រទេស​ទាំងពីរ និង​
៥- អនុស្សរណៈ​យោគយល់​គ្នា​រវាង​ក្រសួងសុខាភិបាល​កម្ពុជា​-​គុយបា​។
​នៅពេល​ចាក​ចេញពី​ប្រទេស​គុយបា សម្តេច​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​បន្ត បំពេញបេសកកម្ម នៅ​ប្រទេស​ជប៉ុន ដើម្បី​ចូល​ពិធី​បុណ្យសព​លោក ស៊ីន​ហ្សូ អា​បេ អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន នៅ​ទីក្រុង​តូ​ក្យូ​។ រហូតដល់​ថ្ងៃទី​២៨ ខែកញ្ញា ទើប​សម្តេច​តេ​ជោ ដឹកនាំ​គណៈប្រតិភូ វិលត្រឡប់​មកដល់​ភ្នំពេញ​វិញ​៕/V​