​ដោយៈ ប​.​ខុន / ភ្នំពេញៈ ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ល្ងាច​ថ្ងៃទី​២៤ ខែកញ្ញា បានចេញ​សេចក្តីជូនដំណឹង ស្តីពី​ព្យុះ​ទី​១៦ ឈ្មោះ ណូ​រុ ដែលមាន​ដំណើរ​ចូល ភាគ​កណ្តាល ប្រទេស​វៀតណាម នៅពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​។​

​នៅក្នុង​សេចក្តីជូនដំណឹង បានសរសេរថាៈ តាម​ការវិវត្ត​ជាក់ស្តែង ជា​បន្តបន្ទាប់ នៃ​ស្ថានភាព​អាកាសធាតុ បានបង្ហាញ​ឲ្យ​ឃើញថា កម្លាំង​ស្រូបនៃ​ឥទ្ធិពល​ព្យុះ​ទី​១៦ ឈ្មោះ ណូ​រុ ” NORU ” ដែល​កើត​នៅ​ភាគ​ខាងកើត ប្រទេស​ហ្វីលីពីន នឹងធ្វើ​ឲ្យ​ប្រព័ន្ធ​សម្ពាធ​ទាប (ITCZ) ដែល​អូសបន្លាយ​លើ​ភាគ​ខាងជើង​កម្ពុជា បាន​ចុះថមថយ​ឥទ្ធិពល​ជា​លំដាប់ ។​

​តាម​ការ​ព្យាករ នៅ​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០២២ ព្យុះ​ណូ​រុ នឹង​វិ​វត្ត​ទៅជា​ព្យុះ​ទី​ហ្វុ​ង TY នៅពេល​បក់​ចូល​កៀក​ឆ្នេរ ភាគ​កណ្តាល​ប្រទេស​វៀតណាម​។ ព្យុះ​នេះ នៅពេល ឆ្លងកាត់​ប្រទេស​វៀតណាម និង​អាង​ទន្លេមេគង្គ ប្រទេស​ឡាវ និង ថៃ នៅ​ថ្ងៃទី​២៨ ដល់​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២២ បាន​ថមថយ​ឥទ្ធិពល​បន្តបន្ទាប់​ជា​ព្យុះ​កម្រិត TS វិ​សម្ពាធ TD និង​សម្ពាធ​ទាប ។​

​នៅក្នុង​សេចក្តីជូនដំណឹង បាន​សរសេរ​ទៀតថាៈ ចាប់ពី​ថ្ងៃទី​២៧ ដល់​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០២២ ខ្យល់មូសុង​និរតី នឹង​បង្កើនល្បឿន​បក់ ក្នុង​កម្រិត​ពី​បង្គួរ​ទៅ​ខ្លាំង មកលើ​តំបន់​មាត់សមុទ្រ ធ្វើ​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា ចាប់ពី​ថ្ងៃទី​២៧ ដល់​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២២ បណ្តា​ខេត្ត​នៅ​ភាគ​ពាយព្យ មាន​ជាអាទិ៍ ខេត្ត​ឧ​ត្ត​រ​មានជ័យ ព្រះវិហារ រតនគិរី សៀមរាប បន្ទាយមានជ័យ ប៉ៃលិន បាត់ដំបង និង​ខេត្តពោធិ៍សាត់ នឹង​អាចមាន​ភ្លៀង​ធ្លាក់ ក្នុង​កម្រិត​ពី​បង្គួរ​ទៅ​ច្រើន បូកផ្សំ​នឹង​បរិមាណ​ទឹកភ្លៀង ដែល​ហូរ​មកពី​ប្រទេស​ថៃ បន្ថែមទៀត អាច​បង្ក​ឲ្យ​ទី​ទំនាប​ជាប់​ផ្លូវទឹក និង​ផ្លូវទឹក នៅក្នុង​ភូមិសាស្ត្រ នៃ​បណ្តា​ខេត្ត​ទាំងនោះ ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង (Flash flood) និង​ជំនន់​ដោយ​បរិមាណ ទឹក​ហួស​កម្រិត (Overflow) ។

​ចំណែក​បណ្តា​ខេត្ត​ដទៃទៀត និង​រាជធានី​ភ្នំពេញ មាន​ភ្លៀង​ធ្លាក់ ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ លើកលែងតែ​បណ្តា​ខេត្ត ជាប់មាត់​សមុទ្រ មាន​ខេត្តកោះកុង និង​ខេត្ត​ព្រះសីហនុ ដែល​អាចមាន​ភ្លៀង​ធ្លាក់​ច្រើន ។ នៅលើ​ផ្ទៃសមុទ្រ ក៏​នឹងមាន​ភ្លៀង​ច្រើន ខ្យល់​បោកបក់​ខ្លាំង និង​រលក​សមុទ្រ​ខ្ពស់ ។ ទន្ទឹមនេះ ភ្លៀង​នឹង​បន្ត​ធ្លាក់​ច្រើន នៅ​តំបន់​ផ្ទៃ​រងទឹក​ភ្លៀង នៃ​អាង​ទន្លេមេគង្គ ដែល​អាចធ្វើ​ឲ្យ​ទឹកទន្លេ​មេគង្គ មានការ​ងើប​កើនឡើង​វិញ ជា​បន្តបន្ទាប់ ។​

​អាស្រ័យ​ដូច​បាន​ជម្រាបជូន​ខាងលើ សូម​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី និង​សាធារណជន ទទួល​ជ្រាប​ជា​ព័ត៌មាន និង​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ៕/V​