​ដោយ​៖​ដេប៉ូ / កំពង់ស្ពឺ​៖ នៅក្នុង​ពិធីបុណ្យ​ធំៗ ក្នុងនេះ ដូចជា បុណ្យ​ភ្ជុំបិណ្ឌ និង​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី ការ​វេច​នំអន្សម ចេក អន្សមជ្រូក ឬ សូម្បីតែ​នំគម នំ​បត់ នំជាល បាន​ក្លាយជា​ទម្លាប់​អនុវត្ត​តៗ​គ្នា អស់កាល​យូរលង់​មកហើយ របស់​ពលរដ្ឋ​ខ្មែរ​តាម​ជនបទ ក៏ដូចជា​ពលរដ្ឋ​តាម​ទីក្រុង​មួយចំនួន ដើម្បី​សម្រាប់​ទុក យកទៅ​វត្ត ក៏ដូចជា ទុក​បរិភោគ ក្នុង​ក្រុមគ្រួសារ​រៀងៗ​ខ្លួន​។​

​ការ​វេច​នំ​របស់​ដូនតា​ខ្មែរ​ទាំងនេះ ក្រៅពី​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ពិធីបុណ្យ​ចូលឆ្នាំថ្មី​ហើយ សម្រាប់​ក្នុង​ពិធី​រៀប​អាពាហ៍ពិពាហ៍ និង​ពិធីបុណ្យ​សំខាន់ៗ​មួយចំនួនទៀត ក៏​គេ​ឃើញ ពលរដ្ឋ​កម្ពុជា តែង​វេច​នំ​ខ្មែរ​ទាំងនេះ សម្រាប់​ប្រើប្រាស់ ក្នុង​ពិធី​ដូចគ្នា​។ នំ​ទាំងនេះ វា​បានបញ្ជាក់​ពី​អត្តសញ្ញាណ​ជាតិ​របស់ខ្លួន​។​

​ទោះ​មកដល់​ពេលបច្ចុប្បន្ន គេ​ឃើញ​ស្ទើរ​គ្រប់​ផ្ទះ​ពលរដ្ឋ ដែល​រស់​នៅតាម​បណ្តា​ខេត្ត តែង​ប្រកាន់ខ្ជាប់​នូវ​ទម្លាប់​តៗ​គ្នា ក្នុងការ​វេច​នំអន្សម នំគម នំ​បត់ និង​នំជាល ជាដើម​។ ពិសេស​ក្នុង​ថ្ងៃ​បិណ្ឌ​ទី​១៣ និង​ទី​១៤ គេ​ឃើញ​ពលរដ្ឋ​ខ្មែរ តែង​ញាប់ដៃ​ញាប់ជើង ក្នុងការ​រៀបចំ​វេច​នំអន្សម ដើម្បី​ទុក​ចូលរួម ក្នុងឱកាស​ថ្ងៃ​ភ្ជុំបិណ្ឌ​ធំ​។​

​តួយ៉ាង​ដូចជា​ពលរដ្ឋ រស់នៅ​នៅ​ឃុំ​អម​លាំង ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ ចាប់ពី​បុណ្យ​ទី​១៣ និង​ទី ១៤ គេ​ឃើញ​ពលរដ្ឋ​ខ្មែរ​ជាច្រើន​ផ្ទះ បាននាំគ្នា​ម្នីម្នា ក្នុងការ​វេច​នំអន្សមចេក អន្សមជ្រូក និង​អ្នកខ្លះ គេ​ឃើញ​វេច​នំ​បត់ នំគម និង​នំជាល ដែល​មើលទៅ​មមាញឹក និង​គួរឱ្យ​សប្បាយរីករាយ​។​

​កំពុង​អង្គុយ​វេច នំអន្សម ជ្រូក និង​អន្សមចេក លោក យាយ សំរិត គី សព្វថ្ងៃ រស់នៅ​ភូមិ កុមា​រមាស ឃុំ​អម​លាំង ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ បានបញ្ជាក់​ប្រាប់ថាៈ រៀងរាល់ឆ្នាំ ឱ្យដល់​ពិធីបុណ្យ​ភ្ជុំបិណ្ឌ និង​បុណ្យចូលឆ្នាំថ្មី លោកយាយ​តែង​មិន​ភ្លេច​សោះឡើយ ក្នុង​វេច​នំ​របស់​ខ្មែរ​យើង​ទាំងនេះ សម្រាប់​ទុក​យកទៅ​វត្ត និង​ពិសេស​ទុក​ចែក កូនចៅ​បរិភោគ​។​

​ជាមួយ​ស្នាមញញឹម សប្បាយរីករាយ ជាមួយ​ការ​វេច​ខ្ចប់​នំអន្សម ជាមួយ​កូនចៅ លោកយាយ បាន​ប្រាប់ថាៈ “​ខ្ញុំ​វេច​នំ​នេះ ក្រៅពី​បង្ហាញ​ពី​ទម្លាប់​ចាស់ទុំ​បុរាណ​យើង ហើយ វា​ក៏​ទុក​សម្រាប់​ជា​ទម្លាប់​ការ​វេច​នំ​ខ្មែរ​យើង ដល់​កូនចៅ​ជំនាន់​ក្រោយ​បន្តទៀត​។ នំ​នេះ​ជា​នំ​ខ្មែរ​យើង មិនត្រូវ​បោះបង់​វា​ទេ​! ចាស់ទុំ​យើង បាន​ចេះ​ធ្វើ​នំ​ទាំងនេះ យូរលង់​ណាស់​មកហើយ ហេតុនេះ យើង​ត្រូវ​ចេះ​បង្រៀន​កូនចៅ​យើង បន្តទៀត​។ ខ្ញុំ​សប្បាយ​ចិត្តនឹង​វេច​នំ និង​ក៏​សប្បាយចិត្ត​ពិធីបុណ្យ​របស់​យើង មកដល់​ម្តងៗ ក្នុងការ​វេច​នេះដែរ​”​។​

​ក្នុង​ភាសា រដឺន ស្ទើរ​ស្តាប់​ពុំ​ចង់​យល់ ហើយ​កំពុង​ដាក់​ស្ងោរ​នំអន្សមជ្រូក និង អន្សមចេក អ្នកស្រី សាយ គីន សព្វថ្ងៃ រស់នៅ​ភូមិ​ទំនាប ឃុំ​អម​លាំង ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ បានឱ្យដឹងថាៈ អ្នកស្រី មិនដែល​ភ្លេច​សោះឡើយ ក្នុងការ​វេច​នំអន្សម​ទាំងនេះ សម្រាប់​យកទៅ​វត្ត និង​ពិសេស​ទុក​នំ​ទាំងនេះ សម្រាប់​ឱ្យ​កូនចៅ​បរិភោគ ក្នុង​ថ្ងៃបុណ្យ​ប្រពៃណីជាតិ​។​

​ក្នុង​វ័យ​៤៣​ឆ្នាំ ស្ត្រី​ជា​អ្នករស់នៅ​ឃុំ​អម​លាំង​រូបនេះ បាន​រៀបរាប់ថាៈ “​ការ​វេច​នំ​នេះ វា​ជា​ទម្លាប់ ឪពុកម្តាយ​ខ្ញុំ ដែល​គាត់​តែង​បង្ហាត់បង្រៀន តាំងតែ​ពី​តូចៗ​មកម្ល៉េះ​។ ឆ្នាំ​ណា មិនបាន​វេច​នំ​ទុកឱ្យ​កូនៗ​ហូប គឺ​ហាក់​មិន​អស់ចិត្ត​សោះ​។ យើង​ធ្លាប់​វេច​នំ តែបើ​អត់​បាន​វេច​វិញ ហាក់ដូច​មាន​អារម្មណ៍​ថា​មិន​គោរព​ដូនតា​យើង​អញ្ចឹង​”​។​

​ដោយឡែក អ្នកស្រី ហឿង ចាន់ រស់នៅ​ភូមិ​ទំនាប ឃុំ​អម​លាំង ដូចគ្នានេះ បាន​ប្រាប់​ទាំង​សម្លេង​រដឺន បែប​តាម​តំបន់​ឱ្យដឹង​ដូចគ្នា​ថាៈ “​ខ្ញុំ​តែង​វេច​នំអន្សមជ្រូក អន្សមចេក ជួន​ក៏​វេច​នំគម នំ​បត់ ទុក​សម្រាប់​ថ្ងៃ​ជួបជុំគ្នា​កូនចៅ​។ ខ្ញុំ​តែង​បង្រៀន​ឱ្យ​កូន ចេះ​វេច​នំ ស្ទើរ​គ្រប់គ្នា ។ កូនចៅ​មកលេង​ផ្ទះ ខ្ញុំ​អត់​មាន​អ្វី​ឱ្យ​ទេ គឺមាន​តែ​នំ​ហ្នឹង ហើយ​បាន​ផ្ញើ​កូនចៅ ពេល​ត្រឡប់ទៅផ្ទះ​វិញ​”​។​

​បើតាម​ប្រវត្តិ​នៃ​ការ​វេច​នំអន្សម​នេះ និង​បើតាម​ឯកសារ​មួយចំនួន បាន​ឲ្យ​ដឹងថាៈ ក្នុងសម័យ​ព្រះបាទ​ជ័យ​វរ​ន្ម័​ទី​៧ ប្រទេស​កម្ពុជា ប្រកាន់​សាសនាព្រាហ្មណ៍ ហើយ​របស់​ប្រើប្រាស់ និង​សម្ភារ​ភាគច្រើន តែមាន​ទំនាក់ទំនង​នឹង​សាសនា តួយ៉ាង​នំអន្សម​នេះ​ជាដើម​។​

​ក្នុង​សាសនាព្រាហ្មណ៍ នំអន្សម គឺ​តំណាង​ឲ្យ​លិង្គព្រះឥសូរ ចំណែកឯ​នំគម​វិញ គឺ​តំណាង​ឲ្យ​យោនី នាង​ឧមា ដែលជា​ព្រះ​មហេសី​របស់​ព្រះ​ឥសូរ​។ ម្ល៉ោះហើយ ទើប​យើង​តែងតែ​ឃើញ​នំ​ប្រភេទ​នេះ ក្នុង​ពិធី​បុណ្យទាន អម​ជាមួយនឹង «​នំគម​» ដែលជា​នំ​ប្រពៃណី​ខ្មែរ​ផងដែរ​។​

​ដោយសារ​ជំនឿ​សាសនាព្រាហ្មណ៍ ត្រូវបាន​ដក់​ជាប់​ក្នុង​ផ្នត់គំនិត​ខ្មែរ​គ្រប់គ្នា ទៅហើយនោះ (​បើតាម​សាសនាព្រះពុទ្ធ ពុំមាន​យកនំ ទៅ​បោះ​បាច ឬ សែន​ដូច្នេះ​ទេ មានតែ​សាសនាព្រាហ្មណ៍ តែមួយ​ប៉ុណ្ណោះ​) ទើប​ខ្មែរ​យកនំ​អន្សមជ្រូក អន្សមចេក នំគម នំ​បត់​ទាំងនេះ ទៅ​ប្រគេន​ព្រះសង្ឃ​វិញ ដែល​ធ្វើ​ឲ្យ​សាសនា​ទាំងពីរ លាយឡំ​គ្នា ដូច​យើង​ឃើញ​សព្វថ្ងៃនេះ​៕/V​